លោក ​ស ​ខេង​ ថា​ នឹងបន្ត​ជំរុញ​ដំណើ​រការប្រ​ជាធិប​តេយ្យ​ ខណៈ​​មាន​​ការ​​រិះ​​គ​ន់​​ថា សិ​​ទ្ធិម​​នុ​ស្ស​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​

លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តត្បូងឃ្មុំ ។ (រូបភាព៖ ហ្វេសប៊ុក លោក ស ខេង)

នាយករដ្ឋមន្ត្រីស្តីទី លោក​ ស ខេង បាន​ក្រើនរំឭកមន្ត្រីឲ្យចេះទទួ​ល​យក​​ម​តិ​​​​ផ្ទុយ​មកដោះស្រាយ ទើបអា​ចធានាពីប្រសិទ្ធិ​ភាពនៃការ​ជំរុញ​​ឲ្យមានការគោរ​​ព​សិ​​ទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តត្បូងឃ្មុំ ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក ស ខេង ថ្លែងថា រដ្ឋាភិ​បាលអា​ណ​ត្តិថ្មីនេះ នៅតែបន្តជំរុញ​គោ​ល​កា​រណ៍​គោរព​សិទ្ធិម​នុស្ស និងលទ្ធិប្រជាធិបតេយ្យ តា​មស្មារតីរដ្ឋធម្មនុញ្ញ បើទោះ​បី​​ស​​​ភាអាណត្តិទី៦នេះ មានតែ​គណប​ក្ស​​ប្រ​​ជា​ជន​តែមួយ​ក៏​ដោយ។

លោក ស​ ខេង បានក្រើនរំឭកថា ភាពជោគជ័យរបស់ថ្នាក់ដឹកនាំ គឺត្រូវចេះស្តាប់ទាំងមតិស្រប និងមតិផ្ទុយ​ពីគ្រប់មជ្ឈដ្ឋាន មិន​ថា ម​តិ​មន្ត្រី​ក្រោមឱវាទ មតិពលរដ្ឋ និងអង្គការ សមាគមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្រាប់ធ្វើជាមូលដ្ឋាន​គ្រឹះ​ពិ​​ចារ​ណា និង​​ស្វែ​ងរ​កដំណោះស្រាយ ដោយថា ដើម្បីជំរុញដល់ដំណើរប្រជាធិបតេយ្យ។

លោកថា៖  «ខ្ញុំនឹងដឹកនាំធ្វើ ហើយបានធ្វើជាច្រើនរួចមកហើយ និងបន្តធ្វើតទៅទៀត ដើម្បីជៀសវាងការរិះគន់ថា កម្ពុជាបិ​ទសិ​ទ្ធិ​សេ​រីភា​ពដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែ យើងទាំងអស់គ្នាទាំងភាគីរដ្ឋាភិបាល ទាំងមិនមែនរដ្ឋា​ភិបាល គឺស្ថិត​នៅ​ក្រោម​ច្បា​ប់ដូចគ្នា»

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា និយាយថា ការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជា​សញ្ញា​វិជ្ជមានមួយ ដោយថា កន្លងមកនេះ រដ្ឋាភិបាលបានចាត់ទុកអ្នកឃ្លាំមើលសិទ្ធិមនុស្ស ឃ្លាំមើលការបោះឆ្នោត និងអភិបាលកិច្ច ថា​ ជា​ក្រុ​មប្រឆាំង រហូត​ដាក់ក្នុងសៀវភៅ​ថា ជាក្រុមបដិវត្តពណ៌

ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បង្ហាញការព្រួយបារម្ភពីប្រសិទ្ធិភាពនៃការអនុវត្ត បើរដ្ឋាភិបាលមិនអាចលុបបំបាត់​​ការលាភពណ៌​​​សង្គ​ម​​ស៊ីវិលថា ជា​អ្នក​​ប្រ​ឆាំងនោះ ។

លោកថា៖ «អង្គការផ្នែកសិទ្ធិមនុស្ស ឬក៏ផ្នែកបោះឆ្នោត និងផ្នែកតស៊ូមតិទាំងអស់ហ្នឹង មិនមែនជាក្រុមប្រឆាំងរដ្ឋាភិបាលទេ គឺគ្រាន់​តែជា​ក្រុមដែលធ្វើការប្រឈមខ្លាំងទៅនឹងការការពារយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស ឬក៏ការបោះឆ្នោត​សេរីត្រឹម​ត្រូវ និងយុត្តិធម៌ទេ។ អញ្ចឹង យើងចង់ឲ្យមានការទទួលស្គាល់បែបនេះដែរ ដើម្បីឲ្យយើងងាយស្រួល»

សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិ​សេសរបស់អង្គ​ការសហប្រជា​ជាតិទទួលបន្ទុ​កសិទ្ធិ​មនុស្ស​ប្រ​ចាំក​​​ម្ពុជា​កាល​ពី​ថ្ងៃទី៨​ ខែវិច្ឆិកា លោកស្រី រ៉ូណា ស្មីត បានកត់សម្គាល់ថា ការគោរពសិ​​ទ្ធិមនុស្សនៅកម្ពុជា ធ្លា​ក់ចុះគួឲ្យព្រួ​យបា​ម្ភ និ​ង​​​បាន​​ជំរុញរដ្ឋាភិបា​ល ឲ្យ​​ពិ​និត្យ​មើល​ឡើ​ងវិញ ពីក្របខ័ណ្ឌច្បាប់ ដើម្បីធា​នាថា ​​បទប​​ញ្ញត្តិទាំ​ងនោះ​ស្របតាម​គោ​លបំ​​​​ណ​ង​រ​ប​​​ស់​​​​​​ច្បាប់​​ មិនបន្ថែមប​ន្ទុ​ក​រឹ​ត​​​ត្បិត​ដល់​សកម្មភាព​អង្គការ​សង្គមស៊ីវិល ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

សេក្តីថ្លែងការណ៍​សរសេរថា៖ «អង្គការសង្គមស៊ីវិលនៅតែប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ក្នុងការអនុវត្តច្បា​ប់របស់កម្ពុជាដែ​លមានការ​រឹត​ត្បិត​ និងជំរុញរដ្ឋាភិបាល ឲ្យពិនិត្យឡើងវិញ ពីក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌរដ្ឋបាល ដោយត្រូវ​ពិ​គ្រោះ​យោ​​​ប​លជាមួ​យ​អង្គ​ការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ ដើម្បីធានាថាបទបញ្ញ​ត្តិទាំងនោះស្រ​បតាម​គោល​បំណង​រ​បស់​​ច្បាប់ ដោ​យមិ​នមា​នកា​រ​ប​ន្ថែមបន្ទុកមិនត្រឹមត្រូវដល់ពួកគេ ហើយថាច្បាប់ទាំងនេះ ត្រូវបានយកមកអនុវត្តដោយតម្លាភាព និ​ងយុ​ត្តិធម៌»។

អង្គការ​ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃ​ថា ស្ថានភាព​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយសារ​តែ​ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង និង​ការ​ចោ​ប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​ពី​បទ «ក្បត់​ជាតិ» ការ​រឹត​ត្បិត​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ ព្រម​ទាំង​ការ​បង្ក្រាប​លើ​ការ​រិះគន់​ដទៃ​ទៀត។

ស្ថានភាព​សេរីភាព​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​មក​ប្រទេស​កម្ពុជា​ផង​ដែរ ខណៈ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ធំ​ធេង​ដល់​វិស័យ​កាត់ដេរ និង​កម្មការ-កម្មការិនី​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​វិស័យ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ