លោក ស ខេង បញ្ជាក់ថានឹងមិនមាន​ការពន្យារពេល​ផ្លាស់​ទី​ជនជាតិវៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាបទេ

លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តត្បូងឃ្មុំ ។ (រូបភាព៖ ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក ស ខេង បញ្ជាក់ជំហរថានឹងមិនការពន្យាពេល​ផ្លាស់​ទី​ជនជាតិវៀតណាមពីផ្ទៃ​បឹង​ទន្លេសាបឲ្យឡើងមកនៅលើគោកនោះទេ ដោយថាដើម្បីការពារ​បរិស្ថាន​នៅតំបន់​នោះ។​

ការបញ្ជាក់ជំហររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីប្រធានសមាគមវៀតណាមនៅខេត្តកំពង់ឆ្នាំងបានដាក់លិខិតស្នើសុំទៅរដ្ឋាភិបាលឲ្យពន្យាពេលក្នុងផ្លាស់​ប្ដូរទីលំនៅរបស់ជនជាតិវៀតណាមពីផ្ទៃទឹកបឹងទន្លេ​សាប​ឡើងមកនៅលើគោកវិញ។

ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តត្បូងឃ្មុំថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ស ខេង ថ្លែងថា  វិធានការផ្លាស់ប្ដូរទីលំនៅជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំងក្នុងតំបន់ទន្លេសាបមកនៅលើដីគោកវិញមិនមានការពន្យាពេលនោះទេ។

លោកបន្ថែម​ថា៖ «នៅខេត្តកំពង់ឆ្នាំងមានការបម្លាស់ទីអ្នកដែលនៅក្នុងទឹកទន្លេសាប គេហៅថា ផ្សារក្រោម  ហើយមូលហេតុដោយសារថា ជាគោលការណ៍យើងមិនអនុញ្ញាតឲ្យកសាងភូមិអី ផ្ទះសម្បែងអីនៅលើទឹកទេ ប៉ុន្តែមិនទាន់ធ្វើបានគ្រប់កន្លែងទេ។ ខេត្តកំពង់ឆ្នាំងគឺជាខេត្តដែលបានចាប់ផ្ដើមធ្វើមុនគេ ហើយក៏បានរៀបចំជាផែនការអី រៀបចំអី។ ការពិតហើយ គឺថាក្នុងដំណើរការ ធ្វើទៅវាមានបញ្ហាប្រឈម វាមិនមែនអត់ទេ ហើយដំណាក់កាលអន្តរកាលជៀសមិនផុតការលំបាកទេ ប៉ុន្តែយើងនឹងខិតខំដោះស្រាយដើម្បីបរិស្ថាន»។

លោក ស ខេង ក៏បាន​បញ្ជាក់ផងដែរថា​មិនមានការចាប់បញ្ជូនជនជាតិវៀតណាមណា​ម្នាក់ទៅស្រុកកំណើតវិញដែរ  ប្រសិន​បើពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីនោះ។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ មានប្រាប់វី.អូ.ឌីនៅថ្ងៃនេះថា អាជ្ញាធរបានផ្លាស់ប្តូរ​ទីលំនៅ​ជនជាតិវៀតណាមពីផ្ទៃទឹកបឹងទន្លេសាប​មកលើគោកគិតរហូតមកដល់​ពេលនេះ​មានជាង១២០០គ្រួសារ ហើយនៅសល់ជាង ៦០០ គ្រួសារទៀត មិនទាន់បានបម្លាស់ទីនោះទេ ដោយថា ពួកគេកំពុងចិញ្ចឹមត្រីនៅក្រោមផ្ទះបណ្ដែតទឹក។

លោកថា៖ «មកដល់ពេលនេះ យើងកំពុងប្រមូលផ្ដុំដាក់មួយដុំ។ យើងអត់ឲ្យនៅរាយប៉ាយ ។ ពីមុនគាត់នៅលាយឡំគ្នា រាយប៉ាយ។ មកដល់ម៉ោងនេះ គឺយើងបានរៀបចំប៊ែតត្រីនេះទៅតាមការកំណត់របស់ខេត្ត ដែលក្រុមការងាររបស់ខេត្តបានកំណត់ឲ្យនៅម្ដុំណាៗ។ ជំហានទី២ យើងបានអនុវត្តបណ្ដើរៗហើយ គឺថា យើងបានឲ្យរើបង្គន់ រើជញ្ជាំង រើអីហ្នឹង ហើយហ្នឹងឲ្យចប់សព្វគ្រប់តាមគម្រោងការណ៍របស់ខេត្តឲ្យហើយអស់នៅក្នុងខែ កក្កដា ឆ្នាំ២០១៩ »។

លោក ស៊ុន សុវណ្ណរិទ្ធ បន្តថា អាជ្ញាធរកម្ពុជាបានផ្ដល់ដីទំហំ ៤០ ហិកតាស្ថិតនៅភូមិដំបូលកកោះឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ  ដើម្បីជួលឲ្យជនជាតិវៀតណាមដែលត្រូវបានផ្លាស់​ទីលំនៅពីក្នុងទឹកមកនៅលើដីគោកនោះ។

ប្រធានសមាគមសមាគម​វៀត​ណាមប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ួច វ៉ឹងប៊ែល​ មានប្រសាសន៍ថា កាលពីខែកញ្ញា កន្លងទៅ លោកបានស្នើសុំទៅក្រសួងមផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធដើម្បីសុំពន្យាពេលបម្លាស់ទីជនជាតិវៀតណាមពីក្នុងទឹកមកលើគោកពិតមែន។​ លោកបន្តថា​ មូលហេតុ​ដែលសមាគម​លោកបាន​ស្នើទៅក្រសួងមហាផ្ទៃ ព្រោះ​ពេលនោះលោក​យល់​ថា​តំបន់ថ្មី​មិនទាន់មានហេដ្ឋារចនាសម្ព័ន​ត្រឹម​ត្រូវ​  ប៉ុន្តែនៅពេលនេះគ្មានជម្រើសអ្វីក្រៅពី​ធ្វើតាមការកំណត់របស់អាជ្ញាធរកម្ពុជានោះឡើយ។

លោកថា៖ «គេណែនាំឲ្យក្មេងៗទាំងអស់ហ្នឹង ឡើងរៀនមានសាលានៅជុំវិញ តំបន់យើងនៅបណ្ដោះអាសន្ន។ […]អញ្ចឹងគាត់ណែនាំឲ្យទាំងអស់គ្នា តាមមណ្ឌលសុខភាពត្រូវទទួលបងប្អូនខាងវៀតណាមឈឺ អីហ្នឹង ត្រូវតែទទួលហើយព្យាបាលឲ្យ។ ឥឡូវទឹកជិតស្រកវិញហើយ អាជ្ញាធរកំពុងគិតរៀបចំទី១ រឿងធ្វើម៉េចជួយទឹកស្អាតឲ្យប្រជាជនប្រើ ទី២ ដល់ពេលដីហ្នឹង វាគោកហើយ អញ្ចឹងគាត់ត្រូវរៀបចំ ឈួសឆាយធ្វើផ្លូវ ឲ្យប្រជាពលរដ្ឋដើរពេលទឹកស្រក»។

បើតាមអភិបាលរងខេត្តកំពង់ឆ្នាំងលោក​ស៊ុន សុវណ្ណរិទ្ធ ជន​ជាតិ​វៀត​ណាមដែលរស់នៅលើផ្ទៃបឹងទន្លេសាប​ក្នុងខេត្តនេះ មាន​ចំនួន​២,៣៩៧​គ្រួសារ ស្មើនឹង១០០៨៧ នាក់។ លោក​ឲ្យដឹងទៀតថា​តំបន់​ដែល​​ជន​ជាតិ​វៀត​ណាមដែល​រស់​នៅ​ច្រើន​ជាង​គេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុក​ទ្រូ ស្ថិត​ក្នុងស្រុក​បរិបូរណ៌ និង​នៅ​ស្រុក​កំពង់​ត្រឡាចជា​ដើម​។

ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh  នៅប្រទេសសឹង្ហបុរី​កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោក Pham Binh Minhបានបង្ហាញក្ដីបារម្ភចំពោះការបម្លាស់ទីជនជាតិវៀតណាមពីក្នុងទឹកផ្ទៃបឹងទន្លេសាប​មកនៅលើគោកវិញ។តាមការចុះផ្សាយរបស់​សារព័ត៌មាន​ Vietnam News លោក ប្រាក់ សុខុនបា្រប់ទៅភាគីវៀតណាមថា កម្ពុជា ប្ដេជ្ញា​ជួយ​គាំទ្រ​​សហគមន៍​​វៀតណាមដែល​រស់​នៅ​លើ​បឹង​ទន្លេ​សាប ដើម្បី​ពួក​គេ​ឡើង​មក​រស់​នៅ​លើ​គោក​បាន​ត្រឹម​ត្រូវ​។ ក្នុងជំនួបនោះដែរ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​វៀតណាម បានរំលឹកទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ពីសំណើរបស់​នាយករដ្ឋ​មន្ដ្រី​វៀតណាម  លោក ង្វៀន សួនហ្វុក ដែលស្នើទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធានសមាគមសមាគម​វៀត​ណាមប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ួច វ៉ឹងប៊ែល ឲ្យដឹង​ថា​ជនជាតិវៀតណាមជាង ៧០០០ គ្រួសារ​ កំពុងរស់នៅតាមដងទន្លេសាបក្នុងខេត្តចំនួន  ៥  មានដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។

បើតាមរបាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅដើមឆ្នាំ២០១៨នេះ បង្ហាញថា ជនបរទេសរស់នៅកម្ពុជាមានប្រមាណ​​ជាង ​១៧ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ​ដល់​ទៅ​ជាង ៩៩ភាគរយ ខណៈ​ជន​ជាតិ​វៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួ​ន​ជាង ៧ម៉ឺន៦ពាន់នាក់ ហើយ​ជន​ជាតិ​វៀតណាមជាង ១ម៉ឺន៤ពាន់នាក់​ទៀត កំពុង​រស់​នៅដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ