​អតីតមន្ត្រី​បក្សសង្គ្រោះជាតិទាម​ទារ​ឲ្យ​ដោះលែ​ង​លោក​ កឹម​ សុ​ខា​ ក្នុងថ្ងៃ​ខួប​មួយឆ្នាំនៃការ​រំលាយបក្ស​​

លោក កឹម សុខា នាពេលកន្លងទៅ

អតីតមន្ត្រីបក្សសង្គ្រោះជាតិទាម​ទារ​ឲ្យ​ដោះលែ​ង​លោក​ កឹម​ សុ​ខា និងស្តារស្ថានការនយោបាយឡើងវិញ ក្នុង​ថ្ងៃ​ខួប​មួយឆ្នាំនៃការ​រំលាយបក្ស​​  ដោ​យ​​ថា​ដៃគូប្រកួតគឺគណបក្សប្រជាជនកម្ពុជា ​បានប្រើប្រាស់ប្រព័ន្ធតុ​លា​ការធ្វើ​ជា​ឧ​​បក​រណ៍ ដើម្បីការពារអំណាច ។

គណបក្សប្រឆាំង ត្រូវបានតុលាការ ​រំ​លា​​​យ​​កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សាលដី​កានោះ ក៏បានហាមមន្ត្រី១១៨នាក់ មិ​ន​ឲ្យ​ធ្វើ​នយោបាយរយៈពេល៥ឆ្នាំផងដែរ តាម​បណ្តឹ​​ងរ​ប​​​ស់​រ​ដ្ឋា​​​ភិបាល ក្រោយពីចាប់ឃុំខ្លួនប្រធានគណបក្សប្រឆាំងនេះគឺ លោក​កឹម សុខា ដោយចោទប្រកាន់ថា«ក្បត់ជាតិ»។

សេ​ចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែវិច្ឆិកានេះ របស់​អតីតគណ​បក្សសង្គ្រោះជាតិលើកឡើងថា ដើម្បីស្តារល​ទ្ធិ​ប្រជា​ធិប​​តេ​យ្យ​ឡើង​វិញ អា​ជ្ញា​​ធ​រក្រុងភ្នំពេញ ត្រូវដោះលែង លោក កឹម សុខា ទម្លាក់ចោល​រាល់ការចោទប្រកាន់អ្នកទោសមនសិការដទៃទៀតដោយ​គ្មាន​លក្ខ​ខ​ណ្ឌ​​ និង​ រៀ​ប​​​ចំការបោះឆ្នោតឡើងវិញ ។ តាមរយៈសេ​ចក្តីថ្លែងការណ៍ដដែល អតីតបក្ស​ប្រឆាំងមួយនេះ នៅតែ​ប្តេជ្ញា​ការ​ពារ​ឆន្ទៈ​ប្រ​ជា​​​ព​លរដ្ឋ ប្រឆាំងយ៉ាង​ដាច់អហឹ​ង្ការ​ទៅ​​​នឹ​​​ង​ការ​រំលា​យ​នេះ ដោយថាគណបក្សកាន់អំណាច ដឹក​នាំ​​ដោយលោក ហ៊ុន ​សែន បានប្រើ​ប្រាស់​ប្រព័​ន្ធតុលា​ការ​ជាឧប​ក​រ​ណ៍​ រំលោ​ភកិ​ច្ច​ព្រម​ព្រៀ​ង​​សន្តិភាពទី​ក្រុ​ង​ប៉ា​រីស២៣ តុលា ១៩៩១ និងរំលោភ​រដ្ឋធម្មនុញ្ញ។

ក្នុង​ខួបមួយឆ្នាំនៃការរំលាយបក្សប្រឆាំងមួយនេះ អតីតទីប្រឹក្សាលោក កឹម សុខា គឺលោក មុត ចន្ថា សរសេរលើហ្វេសប៊ុក របស់លោកថា មូលហេតុធំតែមួ​យ​នៃ​កា​រ​រំលាយ​គណ​ប​ក្ស​​​ស​ង្រ្គោះ​ជាតិ គឺគណបក្សនេះត្រូវ​បានគេដឹងយ៉ាង​ច្បាស់​ថា​ នឹង​ទទួល​ជ័យជំ​នះ​នៅក្នុង​ការបោះ​ឆ្នោត​ជាតិ នា​ថ្ងៃទី២៩​​ កក្កដា កន្លងមកនេះ ។ មន្ត្រី​ស្និទ្ធិ​នឹងលោក កឹម សុខា រូបនេះ សរសេរទៀតថា គេអាចរំលាយគណបក្សសង្រ្គោះជាតិបានត្រឹម​តែ​ឈ្មោះ​ប៉ុណ្ណោះ​ ចំ​ណែ​​ក​ព្រលឹងនិងឧត្តម​គតិរបស់​គណបក្សសង្រ្គោះជាតិ និងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង៣លាន ដែលបានបោះ​ឆ្នោតឲ្យគ​ណ​បក្ស​​នេះ មិន​អា​ច​​ត្រូវបានគេរំលាយបានឡើយ។

​​​អតីតតំណាងរាស្ត្របក្សប្រឆាំងម្នាក់​ទៀត លោក ​អ៊ូ ច័ន្ទរ័ត្ន សរសេរលើហ្វេសប៊ុកថា ខួប១ឆ្នាំនៃ​ការបាត់​​បង់គណបក្សសង្គ្រោះ​​ជាតិ ក្រោ​​​​​ម​​ហេតុផល«ក្ប​​ត់​ជាតិ» ថាជារឿងដ៏សែនឈឺចាប់បំផុត។

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក អ៊ូ ច័ន្ទរ័ត្ន បង្ហាញការព្រួយបារម្ភថា កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពី​វិធាន​ការ​របស់​ប្រ​​ទេសលោកសេរី បើបក្សកាន់អំណាចមិនជ្រើសរើសយកការ​ផ្សះផ្សាជាតិឡើងវិញ  ដោយថា​ បើ​ទោះ​បី​រដ្ឋាភិបាល​ ​មាន​ប្លុក​​កុម្មុយនីស្តីខ្លះគាំទ្រក៏ដោយ។

លោកថា៖ «យើងឃើញហើយប្រទេសណាក៏ដោយដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន របស់យួន របស់ប្លុកកុម្មុយនីស្តផ្តាច់កានេះ។ យើងឃើញហើយ គេមិនមែនមកជួយយើងដោយគ្មានចំណងទេ សុទ្ធតែមានលក្ខខណ្ឌ សុទ្ធតែមានគោលដៅ​​ជាប្រយោ​​ន៍​​​របស់ប្រទេសគេ។ ដូច្នេះយើងអាចក្លាយជាកូនជើងមួយដែលត្រូវតែរណបគេ ហើយអាចបាត់បង់ផលប្រយោជន៍ជាតិច្រើណាស់»

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក សួស យ៉ារា បានទេនៅថ្ងៃនេះ ដោ​យ​ទូ​រស័ព្ទមិនអាចទាក់ទងបាន ។

ប៉ុន្តែ ​បើតាមសារឆ្លើយតបទៅនឹងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី  នាយករដ្ឋមន្ត្រីលោក ហ៊ុន​ សែន អះអាង​​ថា​ ការ​ដោះ​លែ​ង​លោក កឹម សុខា មិនអាចទៅរួចទេ បើសំណុំរឿងនេះ ស្ថិតក្នុងដៃតុលាការនៅឡើយនោះ ហើយថា រដ្ឋា​ភិបា​​ល​ក៏​គ្មាន​សិ​ទ្ធិអំណាចទៅជ្រៀតជ្រែកប្រព័ន្ធតុលាការដែរ។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន ឲ្យដឹងកាលពីថ្ងៃចន្ទថា មានតែអ្នក​នយោបាយ​ខ្មែរចេះអង្គុយធ្វើការជាមួយគ្នា ជាគ្រួសារតែមួយទេ​ ទើបអាចរក្សាឱកាសវិនិយោគសម្រាប់​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​​ក្នុងតំបន់បាន លោកថាបើពុំនោះទេ កម្ពុ​ជា​នឹ​ងចាញ់ប្រៀបប្រទេសជិតខាង។

លោកថា៖ «យើងមើលប្រទេសជិតខាងយើង​គេប្រឹងណាស់  ស្របពេលដែលយើងកំពុងឈ្លោះគ្នាហ្នឹង គេប្រឹងអភិវឌ្ឍ គេប្រឹង​ទាក់ទាញវិនិយោគិន គេប្រឹងសុំលក្ខខណ្ឌអនុគ្រោះផ្នែកពាណិជ្ជកម្ម ទាំងជាមួយនឹងសហគ​មន៍​អឺរ៉ុប ទាំងជាមួយសហរដ្ឋអាមេរិក ដូចជាប្រទេសវៀតណាមសព្វថ្ងៃ។ ហើយនៅពេលដែលគេសុំលក្ខខណ្ឌហ្នឹងបាន អ្ន​កវិនិ​យោ​​គ​បរ​ទេ​ស​ គេប្រហែលជាដករោងចក្រ និងបាត់បង់ទំនុកចិត្តទៅលើកម្ពុជាយើងហ្នឹងមួយផ្នែក»។

ស​ហភាពអឺរ៉ុប កាលពីដើមខែតុលា បានជូនដំណឹងទៅរដ្ឋាភិបាល ពីវិធានការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ក្រោយពីរ​ក​ឃើ​ញ​ថា សិ​ទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសនេះ មិនត្រូវបាន​អនុវត្ត​តាម​លក្ខខណ្ឌ​របស់ខ្លួន ។ ដោយឡែក​សហរដ្ឋអាមេរិកវិញ កាលពីខែសីហា បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះ​ឆ្នោតថ្ងៃទី២៩កក្កដា​ ដែលគ្មាន​បក្សប្រ​ឆាំង​​​ចូ​ល​រួម ព្រមទាំងគំរាមថា នឹងពង្រីកវិធានការដាក់ទណ្ឌកម្មទិដ្ឋាការ និងបង្កកទ្រព្យ​សម្បត្តិដ​ល់មន្ត្រី​ជា​ន់ខ្ពស់​មួយ​ចំនួ​ន​ប​ន្ថែ​ម​ទៀត ដែ​​លជាប់ពាក់ព័ន្ធ​ទៅនឹងការ​បំផ្លាញ​ប្រជា​ធិបតេយ្យ​​នៅកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ