លោក ថាច់ សេដ្ឋា ថាខ្មែរកម្ពុជាក្រោមប្រហែល៣០%មិនមានអត្តសញ្ញាណប័ណ្ណ

ពិធីរំលឹកខួបលើកទី៤២ឆ្នាំ ទិវា​តស៊ូមតិរបស់យុទ្ធជន យុទ្ធនារី ខ្មែរកម្ពុជា​ក្រោម នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ណាត សុភាព)

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោមថ្លែងថា ពលរដ្ឋខ្មែរកម្ពុជាក្រោមប្រហែល​៣០% មិនទាន់មាន​អត្ត​សញ្ញាណ​​​​ប័ណ្ណសញ្ជាតិខ្មែរនៅឡើយ ដោយសារ អាជ្ញាធរមួយចំនួន​រើស​អើង​ នឹងបង្កការលំបាកច្រើននៅពេលស្នើសុំធ្វើប័ណ្ណសំគាល់ខ្លួននោះ​ ។

​ក្នុងពិធីរំលឹកខួបលើកទី៤២ឆ្នាំ ទិវា​តស៊ូមតិរបស់យុទ្ធជន យុទ្ធនារី ខ្មែរកម្ពុជា​ក្រោម​ នាព្រឹកនេះប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ លោក ថាច់ សេដ្ឋា បានថ្លែងថា​នៅពេលពលរដ្ឋទៅស្នើសុំធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជាដើម ត្រូវ​បានអាជ្ញាធរកម្ពុជាមួយចំនួនមិនសូវយកចិត្តទុកដាក់នោះទេ។ ករណីនេះ លោកជំរុញទៅខ្មែរកម្ពុជាក្រោមដែលជួបបញ្ហា​ទាំងនេះ ជូនដំណឹង​ទៅសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីជួយរកដំណោះស្រាយ​ជូនពួកគេ។

លោក សេដ្ឋា បញ្ជាក់ថា នៅពេលពលរដ្ឋទៅស្នើសុំធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជាដើម ត្រូវ​បានអាជ្ញាធរកម្ពុជាមួយចំនួនមិនសូវយកចិត្តទុកដាក់នោះទេ។ ករណីនេះលោកជំរុញទៅខ្មែរកម្ពុជាក្រោមដែលជួបបញ្ហា​ទាំងនេះ ជូនដំណឹង​ទៅសមាគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីជួយរកដំណោះស្រាយ​ជូនពួកគេ។

លោកថ្លែងថា៖ «បើបងប្អូនណា ដែលបាន​ប៉ះពាល់ដល់អាជ្ញាធរដែលគេមិនផ្តល់លិខិតស្នាមឲ្យដូចជាសំបុត្រកំណើត ដូចជាសៀវភៅគ្រួសារ​ទាំងអស់ គេមិនទទួលស្គាល់យើងសុំឲ្យ​ទាក់ទង​មក​អង្គការសមាគម ដើម្បីយើងរៀប​ចំឯកសារទាំងអស់ ហើយយើងនឹងតវ៉ា​»។

​មេដឹកនាំសហគមន៍ខ្មែរកម្ពុជាក្រោមរូបនោះ អះអាងថា បើរដ្ឋាភិបាលកម្ពុជានៅតែមិនយកចិត្តទុកដាក់ ថែរក្សាអត្តសញ្ញាណជូនខ្មែរកម្ពុជាក្រោមនោះទេ លោកថានៅថ្ងៃអនាគតខ្មែរកម្ពុជាក្រោមនឹងបាត់បង់អត្តសញ្ញាណ ដូចសុភាសិតខ្មែរថា «វប្បធម៌រលត់ ជាតិរលាយ»

នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែងថា ខ្មែរកម្ពុជាក្រោមមួយចំនួនដែលទៅសុំធ្វើលិខិតអត្រានុកូលដ្ឋាន ជាពិសេសអត្តសញ្ញាណប័ណ្ណ។ លោកថាអាជ្ញាធរខេត្តដែលមិនសូវចិត្តទុកដាក់នោះមានចំនួន៣ខេត្តរួមមាន ខេត្តសៀមរាប កំពង់ឆ្នាំង និងភ្នំពេញ។

ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅក្រសួង​មហាផ្ទៃ​ លោក ឃៀង សុគន្ធា​ បានពន្យល់ជាទូទៅថា ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណបាន លុះត្រាតែបុគ្គលនោះមានលិខិតបញ្ជាក់កំណើតសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវស្នាក់នៅ ទើប​ក្រសួងផ្តល់អត្តសញ្ញាណប័ណ្ណឲ្យបាន។ លោកបន្តថារដ្ឋាភិបាល មិន​ដែល​រើសអើងនោះទេ។

លោកពន្យល់ថា៖ «ពេលខ្លះមានការលំបាកដែរ ។ ខ្ញុំធ្លាប់ជួប ដែលគាត់ធ្លាប់អះអាងថា គាត់កម្ពុជា​ក្រោម។​ ប៉ុន្តែយើងត្រូវគិតថា កន្លែង​ណាបញ្ជាក់ថា គាត់កម្ពុជាក្រោម​ កន្លែងណាទៅបញ្ជាក់ថា គាត់មិនមែនជាកម្ពុជាក្រោម។ […] បើនិយាយឲ្យខ្លីរឿង​អត្តសញ្ញាណប័ណ្ណជា​រឿងដែល​ ក្រោយពីគាត់​មានលិខិតស្នាមដែលត្រឹមត្រូវដែលបញ្ជាក់ថា មានសញ្ជាតិខ្មែរ​ហើយ ទើបខ្ញុំអាច​ផ្តល់អត្តសញ្ញាណប័ណ្ណបាន​​​»។

គួរបញ្ជាក់ថា ទឹកដីកម្ពុជា ដែលមានចំនួន ២១ខេត្ត ត្រូវបានអាណាព្យាបាលបារាំង កាត់ទៅឲ្យវៀតណាម​គ្រប់គ្រង នៅក្នុងឆ្នាំ១៩៤៩ ដោយគ្មានការឯកភាពពីប្រជាពលរដ្ឋខ្មែរនោះឡើយ។

នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន អះអាងថា បើតាមឯកសាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទឹកដីកម្ពុជាក្រោមមានផ្ទៃដីជាង៦៩០០ គីឡូម៉ែត្រក្រឡា និងមានប្រជាជនខ្មែរកម្ពុជាក្រោមរស់នៅជាង៧លាននាក់ គិតត្រឹមឆ្នាំ១៩៩៩ និងមានវត្តអារាមពុទ្ធសាសនា ជិត៦០០វត្ត មានព្រះសង្ឃខ្មែរជាង ២ម៉ឺនអង្គគង់។ ប៉ុន្តែសម្រាប់តួលេខឆ្នាំ២០១៨នេះ លោកថា មិនទាន់មានរបាយការណ៍នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ