ក្រសួងអំពាវនាវពលរដ្ឋប្រយ័ត្នជំងឺផ្តាសាយបក្សីក្នុងអំឡុងមកលេងបុណ្យអុំទូក

មាន់​របស់​ពលរដ្ឋ​ក្នុង​ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ​ (រូបភាព៖ ទូច សុខា)

ក្រសួងសុខាភិបាលក្រើនរំលឹកដល់ពលរដ្ឋមកលេងបុណ្យអុំទូកឲ្យប្រុងប្រយ័ត្នពីការឆ្លងជំងឺផ្តាសាយបក្សី ដោយរក្សាអនាម័យជាប់ជានិច្ចនិងបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យជិតបំផុតក្នុងករណីសង្ស័យ។

សេចក្តីអំពាវនាវដែលផុសលើហ្វេសប៊ុកនៅថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល ហៅកាត់ជាភាសាបរទេសថា CDC រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សីក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដោយថា កុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ និងត្រូវអនុវត្តន៍អនាម័យក្នុងការបោចរោម និងចំអិនជាប់ជានិច្ច។

បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅលើសពី៣៨,៥អង្សារសេ និងមានរោគសញ្ញាក្អក ឬឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ក្នុងកំឡុងពេល៧ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល។

នាយកដ្ឋាននេះជំរុញឲ្យរាយការណ៍ពត៌មានឬទាក់ទងទូរសព្ទទាន់ហេតុការណ៏របស់ក្រសួងសុខាភិបាលតាមរយៈលេខ ១១៥។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ពីករណីឆ្លងនិងស្លាប់នៃជំងឺផ្តាសាយបក្សីក្នុងប្រទេសយើងថា ជំងឺនេះបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ដែលក្នុងនោះ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ២០១៣ មានឆ្លងលើមនុស្សចំនួន២៦ករណី ដែលក្នុងនោះមាន១៤ករណីបានស្លាប់ និងក្នុងដើមឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ