អាមេរិក​រក​ឃើញ​ថា ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ​អារ៉ាប៊ី​សាអ៊ូឌីត​បញ្ជា​ឲ្យ​សម្លាប់​អ្នក​កាសែត ចាម៉ាល់ ខាហ្សូហ្គី

ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ​អារ៉ាប៊ីសាអ៊ូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ស្ថិត​នៅ​ក្រោម​មន្ទិល​សង្ស័យ​ថា ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​អ្នក​សារព័ត៌មាន Jamal Khashoggi។ រូបថត៖ Channel News Asia

អាមេរិក​បាន​​អះ​អាង​ថា ព្រះ​អង្គ​ម្ចាស់​ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ រាជ​ទាយាទ​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត បាន​បញ្ជា​ឲ្យ​សម្លាប់​អ្នក​សារព័ត៌មាន​ លោក ចាម៉ាល់ ខាហ្សូហ្គី។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​សេតវិមាន​អាមេរិក អ្នកស្រី Sarah Haspel ដែល​បាន​ថ្លែង​ថា ខណៈ​កំពុង​ហោះ​ហើរ​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រនីញ៉ា​នោះ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ឲ្យ​ដឹង​ខ្លះៗ​អំពី​ឃាតកម្ម​ទៅ​លើ​អ្នក​សារព័ត៌មាន​ជន​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត លោក ចាម៉ាល់ ខាហ្សូហ្គី បន្ទាប់​ពី​ការ​វាយ​តម្លៃ​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក។

អ្នក​នាំ​ពាក្យ​សេតវិមាន​អាមេរិករូប​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​នាយក​ទីភ្នាក់ងារ CIA អ្នកស្រី Gina Haspel និង​រដ្ឋ​មន្ត្រី​ការ​បរទេស លោក Mike Pompeo អំពី​របាយការណ៍​វាយ​តម្លៃ​របស់​ទីភ្នាក់ងារ CIA។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​ចុះ​ផ្សាយ​បន្ត​ថា ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា ទីភ្នាក់ងារ​ CIA បាន​​រាយការណ៍​ប្រាប់​ទៅ​រដ្ឋាភិបាល និង​រដ្ឋ​សភា អំពី​របាយការណ៍​វាយ​តម្លៃ​របស់​ខ្លួន ដែល​នឹង​ធ្វើ​ឲ្យ​លោក ត្រាំ កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​អាមេរិក។

លោក ចាម៉ាល់ ខាហ្សូហ្គី ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ឲ្យ​សារព័ត៌មាន Washington Post មាន​មូលដ្ឋាន​នៅ​អាមេរិក​នោះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​តុលា​កន្លង​មក​នេះ​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត ស្ថិត​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី នៅ​ពេល​លោក​ទៅ​ទីនោះ​ដើម្បី​ទទួល​ឯកសារ​មួយ​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍របស់​លោក។

លោក ខាហ្សូហ្គី គឺជា​បុគ្គល​ឈាន​មុខ​ដែល​ហ៊ាន​រិះគន់​ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ ម៉ូហាម៉េដ​ ប៊ីន សាល់ម៉ាន់ និង​រដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ