អង្គការអន្ដរជាតិថា សាលាក្ដីខ្មែរក្រហមគួរតែផ្ដល់យុត្ដិធម៌បានច្រើនជាងនេះ

ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព៖ ECCC)

អង្គការអន្ដរជាតិចំនួន២ បានសាទរចំពោះសេចក្ដីសម្រេចរបស់សាលាក្ដីខ្មែរក្រហម ដែលបានផ្ដន្ទាទោសអតីតមេដឹកនាំសម័យខ្មែរក្រហម២រូបឲ្យជាប់ពន្ធនាគារមួយជីវិត ប៉ុន្ដែ ក៏បានរិះគន់ផងដែរពីភាពយឺតយ៉ាវ និងយុត្ដិធម៌ដែលសាលាក្ដីមួយនេះរកបាន។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមបានសម្រេចលើសាលក្រមទី២ ដោយឲ្យអតីតមេដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហម គឺលោក នួន ជា និងលោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២ផ្នែកទី២ ដោយថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដូចជា ការធ្វើទារុណកម្ម ការសម្លាប់ ការបង្ខំឲ្យរៀបការ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម។​

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ អង្គការសហប្រជាជាតិ និង​អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) បានចាត់ទុកសេចក្ដីសម្រេចរបស់សាលាក្ដីខ្មែរក្រហមនេះ​ថា បានផ្ដល់យុត្ដិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងសម័យនោះ ហើយក៏បង្ហាញថា ជនដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ មិនអាចរួចផុតពីការកាត់ទោសបែបនេះនោះទេ។

ប៉ុន្ដែ អង្គការលើកលែងទោសអន្ដរជាតិ បាន​រិះគន់ថា នេះគឺជាការផ្ដល់យុត្តិធម៌ដ៏ជូរចត់មួយ និងថា ពិភពលោកទាំងមូលបានទន្ទឹងរង់ចាំពេលវេលានេះជាយូរយារណាស់មកហើយ។ អង្គការ​មួយ​នេះ រិះគន់ទៀតថា សាលាក្ដីខ្មែរក្រហមគួរតែធ្វើបានច្រើនជាងនេះ ចាប់តាំងពីសាលាក្ដីបានបង្កើតឡើងនៅឆ្នាំ២០០៥ ខណៈដែលសាលាក្ដីកូនកាត់មួយនេះចំណាយអស់ប្រាក់ជាង ៣០០លានដុល្លារអាមេរិក។

បើតាមសេចក្ដីសម្រេចនោះ សាលាក្តីខ្មែរក្រហមរកឃើញថា លោក នួន ជា ធ្លាប់កាន់តំណែងជាអ្នកសម្រេចចិត្តកំពូលជំនួស​លោក ប៉ុល ពត ពេលលោក ប៉ុល ពត សុំច្បាប់សម្រាក។​

ចំណែក លោក ខៀវ សំផន គឺធ្លាប់បំពេញការងារពង្រឹង និងលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោម ធ្លាប់ដឹកនាំអ្នកការទូតក្នុងនាមជាប្រមុខរដ្ឋ និងចាត់ចែងការងារសំខាន់ៗមួយចំនួនទៀត។ តុលាការក៏បានចាត់ទុកថា លោក ខៀវ សំផន ជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ ដោយថា បានដឹងនិងចូលរួមក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ