កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​ថា មាន​មូលដ្ឋានយោធា​បរទេស​នៅ​កម្ពុជា

យោធា​កម្ពុជា ក្នុងពិធីរំលឹកខួបបុណ្យឯករាជ្យជាតិ លើកទី៦៥ ៩វិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងការពារជាតិ បានច្រានចោល​ព័ត៌មានបរទេសមួយ​ដែលបានចុះផ្សាយថា បរទេសកំពុងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា ដែលថា ឈានទៅបង្កើតជាសង្គ្រាមត្រជាក់រវាងចិន និងសហរដ្ឋអាមេរិក។

ក្នុង​សេចក្ដីថ្លែងការណ៍​កាលពីថ្ងៃម្សិលមិញ ក្រសួងការពារជាតិបានចាត់ទុកព័ត៌មានដែលចុះផ្សាយដោយ​សារព័ត៌មានបរទេស Asian Times ថា ជាព័ត៌មានក្លែងក្លាយ ប៉ះពាល់ដល់កិត្យានុភាពវិស័យយោធា និងគោលការណ៍អព្យាក្រឹតរបស់កម្ពុជា។

ក្រសួងការពារជាតិអះអាងក្នុងសេចក្ដីថ្លែងការណ៍ថា កម្ពុជាមិនបានចូលរួមជាមួយសង្គ្រាមត្រជាក់ ឬអនុញ្ញាតឲ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានយោធានោះឡើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្នុងជំនួបមួយជាមួយរដ្ឋមន្ដ្រីការបរទេស លោក ​ប្រាក់ សុខុន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នៅ​ក្រៅ​កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសិង្ហបុរីនោះ អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sullivan ក៏បានលើកពីបញ្ហានេះទៅកាន់ភាគីកម្ពុជាផងដែរ ដោយថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ។

ប៉ុន្ដែ លោក ​ប្រាក់ សុខុន ក៏បានច្រានចោលដោយថា គ្មានការរៀបចំមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះទេ។ លោកចាត់ទុកថា នេះជាពាក្យចចាមរាមដែលកើតចេញពីទំហំវិនិយោគដ៏ធំរបស់ចិននៅក្នុងតំបន់នេះតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ