អ្នកជំនាញព្រមានថា កម្ពុជានឹង​ក្លាយជារដ្ឋអាណានិគមរបស់ចិន ក្រោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​​ដក​ហូត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង។ (រូបភាព៖ បណ្ដាញសង្គម)

អ្នកជំនាញគោលនយោបាយ បាន​ព្រមានអំពីផលប៉ះពាល់​នៃ​ឥទ្ធិពល​ចិន​ទៅ​លើ​ឯករាជ្យភាព​របស់​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅតែរក្សា​ជំហរ​រឹងមាំ​នៅ​ចំពោះ​មុខ​ការជំរុញរបស់ប្រទេសលោកសេរី ឲ្យងាកទៅគោពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

កាលពីថ្ងៃម្សិលមិញ​នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​អះ​អាង​ថា មូលហេតុដែលគេព្រមានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនោះ គឺបណ្ដាលមកពីសេដ្ឋកិច្ចរបស់កម្ពុជាបន្ដកើនឡើង ហើយគេចាំចាច់ត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាទៅវិញ ដើម្បីយកទៅជួយដល់ប្រទេស​ក្រីក្រ ដែលមានសេដ្ឋកិច្ចអន់ថយជាងកម្ពុជា។

លោក​ ហ៊ុន សែន ក៏​បាន​ប្រកាស​ផងដែរថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួច​ជាស្រេច ដើម្បី​ទទួលយកការទទួលខុសត្រូវ ប្រសិន​បើ​កម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធណាមួយមែននោះ។

លោក ហ៊ុន សែន បន្ដថា៖ «ទាក់ទងនឹងជំនួយបរទេសក៏ដូចគ្នា គឺលក្ខខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង តម្រូវឲ្យគេដកថយជំនួយនោះដើម្បីយកទៅប្រគល់ទៅឲ្យប្រទេសដទៃ ដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចយើង  [] ភាពអនុគ្រោះទាំងឡាយត្រូវបានផ្ដល់ទៅប្រទេសអភិវឌ្ឍតិចតួចតែប៉ុណ្ណោះ ពេលដែលមានការកើនឡើងនៃសេដ្ឋកិច្ចនៃប្រទេសនោះ គឺគេនឹងដកថយដើម្បីផ្ទេរជំនួយនោះទៅកាន់ទីកន្លែងផ្សេងដែលមានការលំបាកជាងយើង»។

អ្នក​ជំនាញផ្នែក​សេដ្ឋកិច្ច ​លោក យ៉ង ប៉ាក់ បាន​លើក​ឡើង​ថា ការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា មួយផ្នែកអាចបណ្ដាលមកពីការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្សក្នុងប្រទេស ប៉ុន្ដែ មួយផ្នែកទៀត អាចបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក​ផង​ដែរ។

លោក យ៉ង ប៉ាក់ បាន​ព្រមាន​ថា ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងវាយនភណ្ឌរបស់កម្ពុជា ដោយថា សហគមន៍អឺរ៉ុបជាទីផ្សារនាំចេញដ៏ធំ​សម្រាប់​ផលិត​ផល​កម្ពុជា។

លោកបន្ដថា៖ «វាមិនទាក់ទងនឹងរឿងគោរពសិទ្ធិមនុស្សតែមួយមុខទេ វាជាផ្នែកតូចមួយទេ។ អ្វីដែល​ខ្ញុំមើលឃើញ គឺរឿងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ឲ្យតែទាំងពីរនាក់ហ្នឹងបន្ធូរដៃបន្ដិច យើងមិនមានបញ្ហាអីទេ។ ខ្ញុំបារម្ភតែមួយទេ គឺរបៀបគ្រប់គ្រងរបស់យើង តម្លាភាពនៃការគ្រប់គ្រងរបស់យើង វាធ្វើឲ្យមានបញ្ហាដែរឬអត់។ បើនិយាយពីទំនាក់ទំនងនយោបាយការទូត យើងចំណេញច្រើនជាង បើយើងគ្រប់គ្រងការទូតយើងបានល្អ»។

​​​​​អ្នកជំនាញផ្នែកគោលនយោបាយ និងកិច្ចការពិភព​លោកនៅមហាវិ​ទ្យា​ល័​យ Occ​idental សហរដ្ឋ​អា​មេ​​រិក លោក អ៊ា សុផល បាន​ប្រាប់ថា ប្រទេស​ចិននឹងជួយកម្ពុជាឲ្យផុតពីវិបត្តសេដ្ឋកិច្ច ប្រសិនបើកម្ពុជាពិតជាទទួលរងការដាក់ទណ្ឌកម្មណាមួយមែននោះ។

ខណៈ​ដែល​អះ​អាង​ថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធក៏នឹងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន កាន់តែពឹងផ្អែកខ្លាំងទៅលើប្រទេស​ចិន​កុម្មុយនីស្ដ​នោះ អ្នក​ជំនាញ​គោល​នយោបាយ​រូប​នេះ បាន​ព្រមាន​ថា កម្ពុជាអាចក្លាយជារដ្ឋអាណានិគមរបស់ប្រទេសនេះថែមទៀតផង។

លោក អ៊ា សុផល ប្រាប់ VOD តាមរយៈសារអេឡិចត្រូនិចថា៖ «កម្ពុជាបានក្លាយជារដ្ឋអាណានិគមរបស់ចិន ដូចដែលកម្ពុជាធ្លាប់បានធ្វើជាអាណានិគមជាមួយបារាំង និងវៀតណាម [] ពិតណាស់ កម្ពុជានឹងព្យាយាមរកប្រាក់ដើម្បីយកទៅឲ្យចិន»។

កាលពីខែដើមខែតុលា ឆ្នាំ២០១៨ សហគមន៍​​អឺរ៉ុប​បានជូនដំណឹងដល់រដ្ឋាភិបាលអំពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនដើម្បីបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ។

ទិន្នន័យ​របស់​ធនាគារ​ពិភព​លោក បានឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​​មាន​តម្លៃ​ដល់​ទៅ ៤​ពាន់ ១២៦​​​លាន​ដុល្លារ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​ភាគ​ច្រើន​លើស​លប់​ដល់​ទៅ ៩៨​​.៨៤​ភាគរយ គឺ​ជា​ផលិត​ផល​សម្រេច​មាន​តម្លៃ​ស្មើ​នឹង ៤.០៧៨​ពាន់​លាន​ដុល្លារ។

ទិន្នន័យ​នោះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ផលិត​ផល​សម្រេច​ដែល​កម្ពុជា​នាំ​ចេញ​ច្រើន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គឺ​ជា​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៣​ពាន់ ៥៣១​លាន​ដុល្លារ ឬ​ស្មើ​នឹង ៨៥.៥៨​ភាគរយយ​ នៃ​តម្លៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទីផ្សារ​អឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ