អាជ្ញាធរខេត្តត្បូងឃ្មុំឃាត់ខ្លួន​ស្ត្រី​ម្នាក់​ បន្ទាប់​​ពី​កុមារ​៤០​នាក់​ធ្លាក់​ខ្លួន​ឈឺ​ក្រោយ​បរិភោគ​ចំណី​អាហារ

ទិដ្ឋភាព​ក្នុង​មន្ទីរពេទ្យ ដែល​កុមារ​ពុលអាហារ ​ទទួល​ការ​សង្គ្រោះ​ពី​គ្រូពេទ្យខេត្ត​កំពង់​ចាម ដែលមានទីតាំងនៅឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៨។ រូបភាព៖ បណ្ដាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ បាន​ឃាត់ខ្លួនស្ត្រីម្នាក់​ជា​អ្នក​លក់​​ម្ហូប​អាហារ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​បឋមសិក្សា​ទន្លេបិទ ដើម្បីសួរនាំ បន្ទាប់​ពី​​សិស្សានុសិស្ស ៤០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​នេះ។

មេឃុំ​ទន្លេបិទ លោក ភឹន ឈុន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា កុមារា​កុមារី​ ៤០​នាក់ ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​ទន្លេ​បិទ បាន​ធ្លាក់​ខ្លួន​ឈឺ ក្អួត​ចង្អោ វិល​មុខ និង​អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យភ្លាមៗ បន្ទាប់​ពី​ហូប​បាយ​ស្រូប​របស់​ភិរយា​គ្រូ​បង្រៀន​ម្នាក់ ដែល​​លក់​ម្ហូប​អាហារ​នៅ​ក្នុង​បរិវេណ​សាលារៀន​នោះ កាល​ពី​សប្ដាហ៍​មុន។

មេ​ឃុំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា រហូត​មកដល់​ដើម​សប្ដាហ៍​នេះ កុមារ​ទាំង​នោះ​ ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រយៈ​ពេល ១​ថ្ងៃ។

ដោយ​​​បដិសេធ​ផ្ដល់​ឈ្មោះ​ស្ត្រី​លក់​ចំណី​អាហារ​ម្នាក់​នោះ ប៉ុន្តែ មេ​ឃុំ​រូប​នេះ​បានឲ្យ​ដឹង​បន្ថែម​ថា សមត្ថកិច្ច​បាន​សម្រេច​ដក​ហូត​ភេសជ្ជៈ និង​ចំណី​អាហារ​ពី​តូប​លក់​របស់​ស្ត្រី​ម្នាក់​នោះ​ហើយ ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​រាជ​ធានី​ភ្នំពេញ​ពិសោធន៍។

ក្រោយពីកើតហេតុ មេឃុំរូបនោះអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលក់បាយនោះបញ្ជូនទៅអធិការ​ស្រុកត្បូងឃ្មុំ ដើម្បីសួរនាំជុំវិញករណីនេះ ប៉ុន្តែ លោកថា រហូត​មកដល់ថ្ងៃទី១៩នេះ​ មិនដឹងថា សមត្ថកិច្ច​ដោះ​លែងវិញឬយ៉ាងណានៅឡើយ។

លោកមានប្រសាសន៍ថា៖ «ខាងជំនាញគេហៅ​អ្នកគ្រូសួរនាំ តែខ្ញុំអត់ទាន់បានសួរ​អភិបាលស្រុកដែរ​ថា គេរកឃើញពុលដោយសារអ្វី អត់ទាន់ទេ​»

វីអូឌី មិនអាចសុំការបំភ្លឺពីអធិការស្រុកត្បូងឃ្មុំ លោក សួស ស៊ាងលី បានទេនៅថ្ងៃនេះ ដោយ​ទូរ​សព្ទ​ចូល​មិនមានអ្នកទទួល។

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ បាន​ឲ្យ​បង្ហាញ​មន្ទិល​សង្ស័យ​ថា កុមារ​ទាំង​ ៤០​នាក់​នោះ ពុល​ចំណី​អាហារ ប៉ុន្តែ លោក​ថា លោក​មិន​ទាន់​ទទួល​បាន​លទ្ធផល​ពិសោធន៍​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ ក្រោយ​ពី​សំណាក​ចំណី​អាហារ ត្រូវ​បាន​បញ្ជូន​ទៅឲ្យ​ថ្នាក់​លើ​ត្រួត​ពិនិត្យ​នោះ។

លោកមានប្រសាសន៍ថា៖ «អត់អីទេជាស្រួលអស់ហើយ ជំងឺខុសចំណីអាហារ ប៉ុន្តែ មិនដឹងថាម៉េច​ដែរ ខ្ញុំផ្ញើទៅក្រសួងហើយ ដើម្បីវិភាគ ហើយខាងកាំកុងត្រូលក៏គេវិភាគលើចំណីអាហារហ្នឹងដែរ ហើយលទ្ធផលមិនទាន់ដឹងទេ»

​ទីប្រឹក្សា​អង្គការ​សេដាក លោក សម វិទូ បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​នៃ​បន្លែ​ផ្លែ​ឈើ​គីមី និង​កង្វះ​អនាម័យ​ចំណី​អាហារ ទៅ​លើ​សុខភាព​របស់​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​កុមារ​នៅ​តាម​តំបន់​ជនបទ។

លោក វិទូ បាន​អំពាវនាវទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យ​រឹតបន្តឹងការអនុវត្តច្បាប់​លើការនាំចូល​ផលិត​ផលគីមី និងធ្វើការ​អប់​រំ​ប្រជា​ពលរដ្ឋឲ្យបានទូលំទូលាយជុំវិញការប្រើប្រាស់ថ្នាំគីមីនេះ ដោយថា ដើម្បី​​ទប់ស្កាត់​បញ្ហា​ប៉ះ​ពាល់សុខភាពពលរដ្ឋ។

លោកអំពាវនាវថា៖ «ត្រូវ​មានការអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីធ្វើការទប់ស្កាត់ ឬក៏ការត្រួតពិនិត្យ​ទៅលើប្រភេទថ្នាំ​ពុល ដើម្បីយកទៅកម្ទេច​ចោល ទាក់ទងបញ្ហាសុវត្ថិភាព ហើយទីពីរសុវត្ថិភាពទៅលើអ្នកបរិភោគ អ្នកទទួលទាននូវ​ផលិតផលរបស់គាត់​»

កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​មក ​កុមារា​កុមារី​កម្ពុជា​ជាង ៣០០​នាក់ នៅ​ឯ​ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ បាន​ធ្លាក់​ខ្លួន​ឈឺ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ពួកគេ​បរិភោគ​ចំណី​អាហារ​ដែល​ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​សំរោង​​ចែក​ជូន​​ពួកគេ។

​សិស្សសាលាជាង ៥០នាក់ទៀត នៅឯ​អនុវិទ្យាល័យមួយក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៥ វិច្ឆិកា ២០១៨ បាន​ក្អួតចង្អោរ ទន់ដៃជើង ហើយ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ ក្រោយ​ពី​​ពួកគេបិរភោគ​អាហារ​ដែលលក់នៅក្នុងសាលារៀននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ