ក្រសួង​ទេសចរណ៍​ថា​ ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​បរទេស​មួយ​ចំនួន​ដោយ​សារ​ចរន្ត​ទេសចរណ៍​សកល

ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត កាលពីខែតុលា ឆ្នាំ២០១៨។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

ក្រសួងទេសចរណ៍​ចាត់​ទុក​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​មួយ​ចំនួន ​គឺ​គ្រាន់​តែ​ជា​ចរន្ត​ទេសចរណ៍​សកល​ប៉ុណ្ណោះ​ មិន​បាន​ជះ​ផល​អវិជ្ជមាន​ណា​មួយ​ដល់​កម្ពុជា​នោះ​ទេ។

តួលេខ​របស់​​ក្រសួងទេសចរណ៍ចេញ​កាល​ពី​ដើម​សប្ដាហ៍​មុន បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល ​៩​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​មាន​​ចំនួន​ជាង ៤លាន ៣សែន​នាក់ កើន​ជិត ១២​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧​។

តួលេខ​ដដែល​នេះ ក៏​បានឲ្យ​ដឹង​ផង​ដែរ​ថា ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ចិន​​មាន​ជាង ១លាន ៤សែន​នាក់​ ឬ​ស្មើ​នឹង ៣២,៩​ភាគរយ​នៃ​​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ជាមួយ​​កំណើន​ដល់​ទៅ​ ៧១,២​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ខណៈ​ដែល​តួលេខ​​ភ្ញៀវ​ទេសចរ​ចិន កំពុង​​ហក់​ឡើង​ខ្ពស់​នោះ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម ឡាវ ថៃ កូរ៉េ​ខាង​ត្បូង អាមេរិក ជប៉ុន និង​អង់គ្លេស សុទ្ធ​តែ​ថយ​ចុះ​ទៅ​វិញ លើក​លែង​តែ​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​ ដែល​មាន​កំណើន ១០​ភាគរយ និង​ទេសចរ​ជន​ជាតិ​បារាំង​ដែល​មាន​កំណើន​មិន​ដល់ ១​ភាគរយ​ផង។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ លោក តុប សុភ័ក បាន​ឲ្យ​ VOD ដឹង​ថា ​ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរនៃ​ប្រទេស ៧​ផ្សេង​ទៀតនេះ ​គឺ​​បណ្ដាល​មក​ពី​ការ​ចង់​ស្គាល់​របស់​អ្នក​ទេសចរណ៍​ទៅ​កន្លែង​ផ្សេង​ដែល​មាន​តំបន់​ទេសចរណ៍​ថ្មី​ និង​អាច​ហោះ​ហើរ​ទៅ​មក​ស្រួល។

លោក​ថា៖ «អញ្ចឹងភ្ញៀវវៀតណាម ក៏ភ្ញៀវកូរ៉េអី​ហ្នឹង គាត់ចូលចិត្តទៅតំបន់កន្លែងណាដែលថ្មីៗ គាត់ចង់ទៅកន្លែងណាដែលមានផលិតផលទេសចរណ៍ថ្មីៗ ហ្នឹងគឺគាត់ទៅហើយ។ អញ្ចឹង វាអាចជាមូលហេតុមួយដែលជាចរន្តទេសចរណ៍មួយដែលវិលទៅវិលមកអញ្ចឹង មិនមានបញ្ហាអីទេ»

លោក តុប សុភ័ក ក៏​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ ក្រសួង​ទេសចរណ៍​​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​កំពុង​សិក្សា​បង្កើត​កន្លែង​​ទេសចរណ៍​ថ្មីៗ និង​ជំរុញ​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា​ឲ្យ​បាន​ច្រើន​ផង​ដែរ ​ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​នេះ​ឡើង​វិញ​។

​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​វិស័យ​ឯកជន ​លោក ហូ វណ្ណី មាន​ប្រសាសន៍​ថា​ បញ្ហា​ដែល​កម្ពុជា​មិន​អាច​បង្កើត​កន្លែង​ទេសចរណ៍​ថ្មីៗ​ដ៏​គួរ​ឲ្យ​​ទាក់ទាញ​បាន​នោះ​ ដោយ​សារ​តែ​អ្នក​វិនិយោគ​មួយ​ចំនួន​ ពិបាក​ក្នុង​ការ​សុំ​សិទ្ធិ​វិនិយោគ ហើយ​អ្នក​វិនិយោគ​ខ្លះ​បាន​សិទ្ធិ​ហើយ ​បែរ​ជា​អត់​ដើម​ទុន​ និង​ធនធានទៅ​វិញ​។

លោក​ថា៖ «យើងឃើញហើយថា អ្វីដែលមិនមាន​ភាពវិវត្តន៍ក៏ដូចជាការកែច្នៃទេ! ទេសចរតែងតែមើលហើយថា ទៅកន្លែងនេះ វាអត់រីកចម្រើន គាត់ទៅកន្លែងនេះដដែលអត់មានអីប្លែក។ អញ្ចឹង កន្លែងនេះហើយដែលជំរុញឲ្យទេសចរគាត់ងាករេ នៃការធ្វើដំណើរក្នុងស្រុកខ្លួនក៏ដូចជា ភ្ញៀវទេសចរដែលគាត់ចង់មកហើយមកម្ដងទៀតហ្នឹង! នេះគឺជាការបង្អាក់មួយ»

លោក​ឲ្យ​ជា​យោបល់​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​គួរ​ជួយ និង​​ផ្ដល់​សិទ្ធិ​ឲ្យ​​វិស័យ​ឯកជន​អាច​ចូលរួម​បាន​ច្រើន​ក្នុង​ការ​វិនិយោគ​ទី​តាំង​ទេសចរណ៍​សំខាន់ៗ ក្នុង​តម្លៃ​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សងខាង។

កាល​ពី​ឆ្នាំ​២០១៧ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ជាង ៥​លាន ៦​សែន​នាក់ ក្នុង​នោះ​ភ្ញៀវ​ជន​ជាតិ​ចិន​​មាន​ដល់​ទៅ​ជាង ១​លាន ២១​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​ ២១.៦​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​បាន​មក​ដល់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ