វិភាគ៖ បើលោក​ សម រង្ស៊ី ឲ្យចាប់ខ្លួនព្រោះចាញ់ភ្នាល់ តើជំរុញឲ្យមានការផ្សះផ្សាជាតិឡើងវិញឬទេ?

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ជម្លោះនយោបាយ​រវាងគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង បានអូសបន្លាយពេលជាង១ឆ្នាំមកហើយ មិនទាន់​មានស​ញ្ញា​ណា បង្ហាញថា ភាគីទាំងពីរព្រមព្រៀងគ្នាចូលតុចរចា ដើម្បីផ្សះផ្សាជាតិឡើងវិញ ធានាដល់ដំណើរ​ការប្រជាធិប​តេយ្យ​តា​ម​​​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិនោះទេ។

វិវាទ​នយោបាយ​នេះ បង្កើតជាការព្រួយបារម្ភថា កម្ពុជាកំពុង​ស្ថិត​នៅ​លើ​ផ្លូវ​នៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីប្រទេសលោកសេរី បើជ​ម្លោះ​​​នេះ​នៅ​តែ​មិន​អាចផ្សះផ្សាជាតិបាន​នោះ។

អតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៣លាននាក់នោះ ត្រូវបានតុលាការកំពូល​រំលាយកា​លពីថ្ងៃទី១​៦ ខែវិច្ឆិកា ឆ្នាំ២​០១៧​ ក្រោយពីរដ្ឋាភិបាលប្តឹង។ សាលដីកានេះ ក៏បានរារាំង​ក្បាលម៉ាស៊ីនដឹកនាំ​របស់គណបក្សប្រឆាំង១១៨នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ​ផង​ដែរ។

ករណីនេះ ជំរុញឲ្យ​ប្លុកប្រទេសលោកសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសមិនទទួលស្គា​ល់ល​​ទ្ធផល​បោះឆ្នោ​តដ៏​ច​​​ម្រូ​​ងចម្រាសថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគ្មានបក្សប្រឆាំងចូលរួម ព្រមទាំងគំរាមដាក់ទណ្ឌ បើមិន​ស្តារ​​ប្រជាធិបតិយ្យ​ឡើង​វិញ ។

បើទោះបីជាអន្តរជាតិបានទាមទារឲ្យដោះលែង លោក កឹម សុខា និងត្រូវបើក​ផ្លូវឲ្យអតីត​គណបក្ស​ប្រឆាំ​ងបាន​ដំណើ​រការ​​​ឡើ​ង​វិញ ជាថ្នូរនឹង​ការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មក៏ដោយ ប៉ុន្តែ លទ្ធផល​បានត្រឹមសង្គ្រា​មពាក្យស​ម្តី​រវាង​មេដឹក​នាំ​បក្ស​​កា​​ន់​អំណាច លោក ហ៊ុន សែន និងលោក​ សម រង្ស៊ី តែប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន លោក សម រង្ស៊ី និង លោក ហ៊ុន សែន បានព្រមព្រៀងគ្នាភ្នាល់ពីលទ្ធភាពដោះលែង ឬមិនដោះលែង​លោក  កឹម សុខា ក្រោមសម្ពាធអន្តរជាតិនេះ។

លោក ហ៊ុន សែន ព្រមចុះចេញពីតំណែង​តាមលក្ខខណ្ឌរបស់លោក សម រង្ស៊ី បើលោក កឹម សុខា ត្រូវបានដោះ​លែងយ៉ាង​នៅ​ត្រឹម​​​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែ លោក សម រង្ស៊ី វិញ ព្រមចូលខ្លួនឲ្យលោក ហ៊ុន សែន ចាប់ដាក់គុក បើចាញ់ភ្នាល់នេះ។

សំនួរត្រង់ថា បើលោក​ សម រង្ស៊ី ឲ្យចាប់ខ្លួនព្រោះចាញ់ភ្នាល់ តើជំរុញឲ្យមានការផ្សះផ្សាជាតិឡើងវិញឬទេ?

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា លទ្ធផលនៃល្បែងភ្នាល់នេះ នឹងមិនអាចកើតមានទេ ដោយថា ល្បែងនេះ​គ្រាន់​តែ​ជា​សារ​នយោបាយឆ្លើយឆ្លងរបស់មេដឹកនាំតែប៉ុណ្ណោះ មិនអាចយកជាផ្លូវការបានទេ។

ប៉ុន្តែ អ្នកវិភាគរូបនេះវិភាគថា បើលោក សម រង្ស៊ី ព្រមចូលខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួនមែន លោកថា នឹងជំ​រុញឲ្យមានច​លនាតស៊ូ​ន​​​យោ​បាយ​របស់​គណបក្សប្រឆាំងនេះ កក្រើកឡើងវិញ។

លោកថា៖ «បើសិនរឿងហ្នឹង សម រង្ស៊ី ចាញ់ ហើយប្រគល់ខ្លួន​ឲ្យសម្តេចនាយកចាប់មែន អាហ្នឹង! សម រង្ស៊ី អា​ចម​កប្រមូល​កម្លាំង​គាំ​ទ្រ​គាត់​នៅ​ក្នុងស្រុកហ្នឹងគាំទ្រគាត់ទៀត ព្រោះមានអ្នកស្ម័គ្រចិត្តចូលគុកជាមួយគាត់អីអញ្ចឹង។ អាហ្នឹង! ជា​ការ​ប្រមូ​ល​​កម្លាំ​ង​ដែល​គាត់​នៅ​ឆ្ងាយ​ហើយ​ហ្នឹង ឲ្យវារួមគ្នា គេហៅថា ឲ្យមានសម្ព័ន្ធភាពគណបក្សសង្គ្រោះជាតិឡើងវិញ អាចលែងឈា​នទៅ​​បែកបា​ក់ហើយ អាចនៅតែមួយ បើ​នរណា​ហ៊ានដើរចេញអ្នកហ្នឹងបោសគូថខោហើយ»

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ចរន្តនេះ​ក៏មិនអាចជំរុញឲ្យគណបក្សប្រជាជន វិលទៅរកតុចរចា ដើម្បីឈា​នទៅ​ស្វែ​ងរកដំ​ណោះ​​ស្រាយ​នយោបាយ ឬផ្សះផ្សាជាតិឡើងវិញបានដែរ បើគ្មានវិធានការជាក់លាក់ណាមួយ​ពីសហគមន៍អន្តរ​ជាតិនោះ ដោ​យថា ​ពេលនេះ បក្ស​កាន់​អំណាច​កំពុងមានប្រៀប​គ្រប់គ្រងស្ថានការបានស្ទើរទាំងអស់។

លោកថា៖ «អ្វីដែលរុញឲ្យគណបក្សកាន់អំណាចផ្លាស់ប្តូរនៃការសម្រេចចិត្តនៃគោលនយោបាយខ្លួនឯង មានតែបរិបទអន្តរជាតិមួ​យទេ ដែល​​អាច​រុញ ឬគេហៅថា ដាក់គំនា​បឲ្យគណបក្សកាន់អំណាចពិ​ចារណាពាក់ព័ន្ធពីទំនាក់ទំនងកា​រទូត ហើ​យនិងអត្ថ​ប្រយោជ​ន៍សេដ្ឋកិ​ច្ច​ដូចជា​ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុបអីជាដើម»

លោក សម រង្ស៊ី នៅថ្ងៃនេះ ក៏បានសរសេរលើហ្វេសប៊ុករបស់លោករំឭកពីល្បែងភ្នាល់របស់លោកនោះដែរ  ដោយ​ថា ល្បែង​ភ្នាល់​នោះ ​ដើម្បី​ធ្វើ​ឲ្យលោក ហ៊ុន សែន ទទួលសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ហើយតម្រូវឲ្យដោះលែងលោក កឹម សុខា កាន់តែឆាប់។

ទោះជាយ៉ាងណា លោក ឯម សុវណ្ណារ៉ា វិភាគថា លោក សម រង្ស៊ី នឹងមិនលេងល្បែងប្រថុយឲ្យគេចាប់ខ្លួនដូចការលើកឡើងនោះទេ ដោយថា មេដឹ​កនាំរូបនេះ​​ធ្លាប់រត់គេចច្រើនដង ហើយថា ពេលនេះ ក៏មិនប្រថុយមកដេកគុកដែរ។

ប្រហាក់ប្រហែលនេះដែរ អ្នកវិភាគនយោបាយវ័យក្មេង លោក  ហង្ស វិទូ វិភាគថា បើលោក សម រង្ស៊ី ប្រគល់ខ្លួនឲ្យ​សមត្ថកិច្ច​ចាប់ខ្លួនមែន លោកថា មានទាំងភាពវិជ្ជមាន និងអវិជ្ជមាន។

អ្នកវិភាគរូបនេះ វិភាគថា វិជ្ជមានព្រោះថា វត្តមានលោក សម រង្ស៊ី ពេលនេះអាចជំរុញ​ឲ្យរល​កនៃការ​តវ៉ាងើបឡើងវិញ ដោយ​ថា ​ព្រោះ​ការ​សម្រេច​ចិត្តដើរចូលគុក​របស់មេដឹកនាំ​នយោបាយ​រូប​នេះ បានជំរុញ​​សកម្មជនឲ្យមានកម្លាំងចិត្តតស៊ូនយោ​បា​យ​ឡើងវិញ ​ក្រោ​យស្ង​ប់ស្ងា​ត់​មួយ​​រយៈ។

ប៉ុន្តែ លោក ហង្ស វិទូ វិភាគថា ភាពអវិជ្ជមាននៃវត្តមានលោក សម រង្ស៊ី ពេលនេះ គឺវិធានការបង្ក្រាប​មិនរើស​មុខពី​សំ​ណាក់​អា​ជ្ញា​ធរ ទៅ​លើ​អ្នកគាំទ្របក្សប្រឆាំង ក៏នឹងកើតឡើងទន្ទឹមគ្នាផងដែរ ក្រោមហេតុផលថា ដើម្បីរក្សាសណ្តាប់ធ្លាប់ និងសន្តិ​សុ​ខ​​សង្គម ដូច​មុន​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ។ លោកថា ពេលនោះហើយ ការបែកបាក់ជាតិនឹងចូលមកដល់។

លោកថា៖ «យើងដឹងហើយថា សម្តេចនាយករដ្ឋមន្ត្រី ភាគច្រើនគាត់តែងតែចង់ឈ្នះចង់ចាញ់។ អញ្ជឹង គាត់​មិនខ្លាចអីនឹ​ងបង្ក្រាបទៅ​លើ​គណបក្សប្រឆាំងទេ»

យ៉ាងនេះក្តី អ្នកវិភាគបានផ្តល់យោបល់ថា ការផ្សះផ្សាជាតិ មិនអាចកើតចេញពីល្បែងភ្នាល់ដាក់ជីវិតនយោបាយនោះទេ គឺថា កើ​តចេ​​​ញពី​អ្នកនយោ​បា​យ​ស្រុះ​ស្រួលគ្នា វិល​ទៅ​រក​​តុ​​​ចរចា ដោះស្រាយបញ្ហា ដើម្បីពង្រឹងផ្ទៃក្នុងជាតិ ពង្រឹងនីតិរដ្ឋ ដោ​យត​ម្កល់ប្រយោជន៍ជាតិជាធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ