រុស្សីបញ្ជូនឧទ្ធម្ភាគចក្រទំនើប២គ្រឿងមក​តាំងបង្ហាញ​នៅកម្ពុជា​នា​ថ្ងៃ​ស្អែក

ឧទ្ធម្ភាគចក្រយោធាហោះឆ្វែលនៅក្បែរទីស្នាក់បក្សប្រឆាំង (រូបភាពពីហ្វេសប៊ុក)

មន្ត្រីយោធា​ជាន់ខ្ពស់កម្ពុជា បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​នឹង​បង្ហាញ​ឧទ្ធម្ភាគចក្រ​ទំនើប ២​គ្រឿង​នៅ​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ ដោយ​ថា ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទិញ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ ឬ​ក៏​សម្ភារៈ​យោធា។

អ្នកនាំពាក្យកងទ័ពជើងអាកាស​កម្ពុជា លោក ប្រាក់ សុខា បានប្រាប់វីអូឌី​នៅថ្ងៃនេះថា ឧទ្ធម្ភាគចក្រ​​រុស្ស៊ី ២​គ្រឿង ដែល​ផលិត​ឡើង​នៅ​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​នាំ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ ដើម្បី​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ។ លោក​បាន​បន្ថែម​ថា ឧទ្ធម្ភាគចក្រ​ទាំង ២​គ្រឿង​នេះ ត្រូវ​បាន​ប្រទេស​រុស្ស៊ី​នាំ​យក​មក​បង្ហាញ​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​អាកាស​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ឲ្យ​កម្ពុជា​ពិចារណា​ទិញ​យក​ទៅ​ប្រើ​ប្រាស់។

មន្ត្រី​យោធា​កម្ពុជា​រូប​នេះ បាន​ឲ្យ​ដឹង​ថា ​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ជាប្រភេ​ទ​សម្រាប់​ដឹក​ជញ្ជូន​ភ្ញៀវ​​ទេស​ចរ និងមួយគ្រឿងទៀតសម្រាប់ដឹកជញ្ជូន​សម្ភារៈ​យោធា ប៉ុន្តែ លោក​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​លក្ខណៈ​សម្បត្តិ​នៃ​ឧទ្ធម្ភាគចក្រ​ទាំង ២​គ្រឿង​នោះ។​

លោក ប្រាក់ សុខា បាន​បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងពិនិត្យពីលក្ខណៈពិសេស និ​ង​គុណ​សម្បត្តិ​​ជាមុនសិន មុននឹងសម្រេច​ទិញយកទៅប្រើប្រាស់ ឬ​ក៏​មិន​ទិញ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​អះ​អាង​ថា ការ​តាំង​បង្ហាញ​ឧទ្ធម្ភាគចក្រ​ទាំង ២​គ្រឿង​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​ទៅ​កាន់​ប្រទេសនានា​ ឲ្យ​ដឹង​អំពី​បច្ចេកវិទ្យា​​អាកាសចរណ៍​ដ៏​ទំនើប​របស់​​ខ្លួន។

កាល​ពី​ដើម​ឆ្នាំ​២០១៨​នេះ លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​ឧកញ៉ា​ធំៗ​នៅ​កម្ពុជា ឲ្យ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រើ​ប្រាស់ ដោយ​ថា ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​។

យោធា​កម្ពុជា​បាន​សម្រេច​ទិញ​ឧទ្ធម្ភាគចក្រ​ចិន​ធុន Z-៩ ចំនួន ១២​គ្រឿង​កាល​ពី​២០១៣​កន្លង​មក តាម​រយៈ​ប្រាក់​កម្ចី​របស់​ចិន​ទំហំ ១៩៥​លាន​ដុល្លារ​កាល​ពីឆ្នាំ​២០១១​។ ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ក្នុង​ចំណោម​ទាំង ១២​គ្រឿង​នោះ បាន​ធ្លាក់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤ នៅ​ឯ​ជាយ​រាជ​ធានី​ភ្នំពេញ ដោយ​បាន​សម្លាប់​ទាហាន​ជើង​អាកាស ៤​នាក់ និង​របួយ​ម្នាក់។

របាយការណ៍​សង្ខេប​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើន​កញ្ចប់​ថវិកា​ជាតិ​ដល់​ទៅ​ចំនួន​ប្រហែល ៦០០​លាន​សម្រាប់​វិស័យ​ការពារ​ជាតិ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដោយ​បាន​កើន​ឡើង​ដល់​ទៅ ១៣៧​ភាគរយ បើធៀប​នឹង​ទំហំ​ចំណាយ​លើ​វិស័យ​ការពារ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ