តុលាការ​ខេត្ត​តាកែវ​មិន​ទាន់​ចាត់ការ​សំណុំ​រឿង​កេង​បន្លំ​ប្រេង​ឥន្ធនៈ​​របស់​ម្ចាស់​​​ស្ថានីយ ១៤​កន្លែង​​នៅ​ឡើយ​

ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្ដាស្ថានីយ និងដេប៉ូចែកចាយចំនួន ១៩ នៅខេត្តតាកែវ។ (រូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល Camcontrol Directorate-General)

មន្ត្រី​តុលាការ​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​នេះ នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ទៅ​លើ​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ចំនួន ១៤​កន្លែង​នៅ​ឡើយ​ទេ បន្ទាប់​ពី​​​មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​ថា ម្ចាស់​ស្ថានីយ៍​ប្រេង​ទាំង​នោះ បាន​លក់​ប្រេង​​មិន​គ្រប់​បរិមាណ និង​គុណភាព។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​តាកែវ លោក ផាន់ សុភ័ក្រ បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះ​ថា កាល​ពី​ម្សិល​មិញ​ សាខា​កាំ​កុង​ត្រូល​ខេត្ត​តាកែវ​បាន​បញ្ជូន​សំណុំ​រឿង​កេង​បន្លំ​ប្រេង​សាំង​នៃ​ស្ថានីយ​ប្រេង​ដែល​កាំកុងត្រូល​ពិនិត្យ​ឃើញ​ថា​ បាន​លក់​ប្រេង​មិន​គ្រប់​បរិមាណ និង​គុណភាព​មក​កាន់​តុលាការ​ខេត្ត​រួច​ហើយ​ ប៉ុន្តែ លោក​ថា ​តុលាការ​ខេត្ត​នេះ នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ​ ដោយ​រង់ចាំ​ការ​បែងចែក​ពី​ប្រធាន​អយ្យការ​ខេត្ត​សិន។

លោក​ថា៖ «អត់​ទាន់​ទេ(ឃាត់ខ្លួន)គេ​ស៊ើប​អង្កេត​សិន! ព្រោះ​បទ​ល្មើស​អត់​ជាក់​ស្ដែង​ យើង​អត់​អាច​ឃាត់​ខ្លួន​បាន​ភ្លាម​ទេ»

កាល​ពី​សប្ដាហ៍​មុន​ សាខា​កាំកុងត្រូល​ខេត្ត​តាកែវ ​បាន​រក​ឃើញ​ស្ថានីយ​៍​ប្រេង និង​ដេប៉ូ​សាំង​ចំនួន​ ១៤​កន្លែង​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ក្រុង​ដូនកែវ ស្រុក​បាទី និង​ស្រុក​ត្រាំកក់​ បាន​លក់​ប្រេង​សាំង​មិន​អនុលោម​តាម​គុណភាព និង​បរិមាណ។

មាត្រា៤៥ នៃ​ច្បាប់​ស្ដីពី​មាត្រាសាស្ត្រ​កម្ពុជា​ ចែង​ថា ​ជន​ណា​ដែល​បង្កើន បន្ថយ ឬ​បន្លំ​ទម្ងន់ ឬ​រង្វាស់រង្វាល់​នៃ​ឧបករណ៍​មាត្រាសាស្ត្រ​ដែល​បាន​ដាក់​សញ្ញា​ត្រួត​ពិនិត្យ​រួច ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦ថ្ងៃ​ដល់​ ១ខែ ឬ​ផាក​ពិន័យ​ពី ​១លាន​ដល់ ​៥លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ