រដ្ឋាភិបាល​គ្រោងដាក់​ឯកសារ​និងសម្ភារយោធាសម័យសង្គ្រាម​នៅសារមន្ទីរវិមានឈ្នះឈ្នះ

ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ដែល​នៅ​សេស​ស​ល់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ វេបសាយ ក្រសួងការពារជាតិ

រដ្ឋាភិបាល​គ្រោងដាក់សម្ភារយោធានិង​បង្ហាញ​​ឯកសារស្តីពី​ប្រវត្តិ​នៃ​ចលនាតស៊ូ​រំដោះប្រទេស​កម្ពុជា​ចេញ​ពី​របបខ្មែរ​ក្រហមរហូត​ដល់​ការ​បញ្ចប់​សង្គ្រាម​នៅ​ចុងឆ្នាំ​១៩៩៨ ​​​ក្នុង​ឱកាស​សម្ពោធ​​វិមានឈ្នះឈ្នះ ប៉ុន្តែអ្នកឃ្លាំមើលសង្គមបារម្ភពីសុក្រិតភាពនៃឯកសារ។

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់​ពី​បាន​បញ្ចប់​សិក្ខា​សាលា​ស្តី​ពី​ចក្ខុ​វិស័យ​ក្នុង​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ «ព្រឹត្តិការណ៍​បង្កើត​ព្រឹត្តិការណ៍​»រួច​មក លោក ​ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​សំណង់​វិមាន​ឈ្នះ-ឈ្នះ​ ដើម្បី​ជំរុញ​ការ​ប្រុង​ប្រៀប​ឆ្ពោះ​ទៅ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ និង​ការ​ប្រារព្ធ​ ខួប​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី២៩​ ខែ​ធ្នូ ​ឆ្នាំ២០១៨ ខាង​មុខ​នេះ​។ រូបភាព៖ វេបសាយ ក្រសួងការពារជាតិ

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ លោក ឈុំ សុជាតិ ​បាន​មាន​ប្រសាសន៍​ថា ឯក​សារដែលគ្រោង យក​មក​ដាក់​បង្ហាញនៅ​សារមន្ទីរ​​វិមានឈ្នះឈ្នះ ​គឺភាគច្រើន​និយាយអំពី​ប្រវត្តិ​តស៊ូ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ រួម​ទាំង​ការ​ដែល​លោកទៅពឹងពាក់​ប្រទេសវៀតណាម​ឲ្យ​ជួយ​រំដោះ​ប្រទេសកម្ពុជា​ចេញ​ពី​របប​ខ្មែរ​​ក្រហម​និង​ការ​កសាងប្រទេសជាតិឡើង​វិញ។ គោលបំណង​នៃ​ការ​ដាក់​បង្ហាញនេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​និង​អ្នក​សិក្សាស្វែង​យល់​ពីដំណើរនៃ​ការ​ត​ស៊ូ​របស់​ថ្នាក់​ដឹកនាំរបស់​ខ្លួន​នៅ​​ពេលនោះ​​។

លោក ឈុំ សុជាតិ បាន​មានប្រសាសន៍បន្ត​ថា ក្រៅពី​ការ​ដាក់​បង្ហាញ​ឯកសារ​ទាំង​អស់នេះ ក៏មា​នការរៀបចំពិព័រណ៍សម្ភារយោធាមួយចំនួននិង​វត្ថុអនុស្សាវរីយ៍​ផ្សេងៗទៀត​​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានប្រើប្រាស់ក្នុងសម័យកាល​​រំដោះប្រទេសជាតិ​រួម​មាន​កាំភ្លើង​ និង​រថយន្តជាដើម​។

​លោកបាន​មាន​ប្រសាសន៍ថា៖ «​គាត់មានរបស់​អនុស្សាវរីយ៍របស់គាត់​ក្នុង​ ការ​ប្រើប្រាស់។ ​មាន​កាំភ្លើង​ មាន​រថយន្ត​របស់គាត់​នុងគឺ​ទុកតាំង​លម្អដែរ​ ដើម្បី​ឲ្យ​ឃើញថា​ ការ​តស៊ូ​របស់អ្នក​ដឹកនាំ​យើង​មានប្រវត្តិ​សាស្ត្រត្រឹម​ត្រូវ ​ដោយ​មាន​ការ​ចាត់តាំងត្រឹមត្រូវ។​ មាន​រថយន្ត​ មានឡាន​ មាន​កាំភ្លើង​ប្រើប្រាស់រហូតមក​ដល់គាត់រំដោះបាន​នៅ​ថ្ងៃប្រាំពីរមករា»។

អតីត​អនុប្រធាន​គណបក្ស​​​សង្គ្រោះជាតិ លោកស្រី​ មូរ សុខហួរ ប្រាប់វីអូឌីតាមប្រព័ន្ធសង្គមWhatsAppថា ឯកសារ​ដែល​មាន​តម្លៃជា​ប្រវត្តិសាស្រ្តនៃ​ប្រទេសជាតិ​និង​សម្រាប់​ការ​ស្រាវជ្រាវ​បានលុះត្រា​បញ្ចូល​​គ្រប់ព្រឹត្តិការណ៍និង​មាន​ការ​ចូល​រួម​ពីភាគី​​ពាក់ព័ន្ធ​ ហើយ​មិន​មែនជា​ឯកសារដែល​សរសេរអំពី​វីរភាព​របស់​បុគ្គល​ណាមួយ​ឬក៏​បង្កើត​ឡើង​ ដើម្បី​ផល​ចំណេញ​របស់​មនុស្ស​មួ​យ​ក្រុម​ឬបក្ស​ណាមួយ​ទេ។

លោក​ស្រីមាន​ប្រសាសន៍ថា៖ «ប្រវត្តិសាស្ត្រ​ត្រូវ​និយាយការ​ពិត ប្រសិន​បើ​បក្ស​មួយយក​មក​សរសេរខ្លួនឯង​ អត់​មាន​តម្លាភាព​ មិន​ដឹងយក​មក​សរសេពីអង្កាល់ មិនទាំង​ដែលឃើញ​ពង្រាងនុងផង ហើយ​យក​មក​ដាក់ជា​ប្រវត្តិសាស្ត្រហើយ។​ យើ​ងមិនអាចផ្តល់​តម្លៃនុង​ជូន​បាន​ទេ»។

លោក​ស្រី មូរ សុខហួរ បាន​បន្ថែមទៀតថា​​​ ឈ្នះឈ្នះលុះត្រា​តែ​ប្រទេស​ជាតិ​ទាំង​មូល​ឈ្នះ​និង​មាន​ការ​ផ្សះផ្សាជាតិ​ក្រោយម​សង្គ្រាម​ប្រ​ល័យ​​ពូជសាសន៍​​ ដោយលោកស្រី​​ចោទសួរ​ថា តើ​ឈ្នះឈ្នះត្រង់ណា បើសិន​ជា​ប្រទេសជាតិ​នៅមាន​ការ​ឈឺចាប់​ ប្រជាពលរដ្ឋ​នៅតែ​មាន​ការ​ឈឺចាប់ដោយ​បញ្ហា​បាត់បង់ដីធ្លី​​ ភាពក្រីក្រនៅតែធ្ងន់ធ្ងរ​ ធន់ធាន​ធម្មជាតិ​នៅតែបាត់បង់   ហើយ​ពលរដ្ឋរាប់លាន​នាក់​នៅតែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ទៅរកការងារធ្វើ​នៅ​ក្រៅប្រទេសនោះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​ឈ្នះឈ្នះ​លុះត្រាតែខ្មែរ​និង​ខ្មែរ​ឈប់លាបពណ៌គ្នា​ ជជែកគ្នា​ សន្ទនារកមធ្យោបាយ ដើម្បី​ដោះ​អ្វីដែលជា​សេចក្តីត្រូវ​ការ​ជាបំផុតនៃប្រជាពលរដ្ឋ ឬការរស់​ដោយ​មានសិទ្ធិ​សេរីភាព រស់នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ រស់​ដោយគ្មាន​ការ​ភ័យខ្លាច»។

អ្នក​ស្រាវជ្រាវ​ពីការអភិវឌ្ឍ​សង្គម​ លោក​ មាស នី បានមានប្រសាសន៍ថា ការ​បង្កើត​ឯកសារគឺជា​​​គឺ​សិទ្ធិ​របស់បុគ្គលម្នាក់ៗ ក៏ប៉ុន្តែ​ អ្នក​ស្រាវជ្រាវក៏មាន​សិទ្ធិ​របស់ខ្លួន​ក្នុង​ការ​ជ្រើស​រើស​ថា តើ​ឯកសារណាដែល​ជឿទុកចិត្ត​និង​អាចយក​ប្រើការ​បាន​។

លោកមាន​ប្រសាសន៍​ថា៖ «​បើសិនឯកសារហ្នឹង វាអាចពឹងពាក់បាន។ ឯកសារនុងជាឯកសារឯករាជ្យ​ មិនមានទិដ្ឋភាពនយោបាយ មិន​មានការច្នៃ​ប្រឌិតអីទេ​ អានុង​យើង​អាចយក​ជា​ការ​ហើយ ប៉ុន្តែបើ​សិន​ជាឯកសារនុង​​ជា​ឯកសារគ្រាន់តែបម្រើ​នយោយបាយ។ ​សរសេរដើម្បី​បម្រើ​បុគ្គលណាមួយប៉ុណ្ណឹងទេ​ អនុងពួកអ្នក​ខាងស្រាវជ្រាវក៏គេមិនអាចទុកអានដែរ​បាទ»។

លោក មាស​​​ នី បានបដិសេធភ្ជាប់​នឹង​សម័យបច្ចុប្បន្ននេះ ដោយសារស្ថានភាព​នយោ​បាយ​មិន​អំណោយ​ផល  ប៉ុន្តែលោកបាន​បន្ថែម​ថា មេដឹកនាំកម្ពុជា​​សម័យ​មុន​ៗច្រើន​តែទាញ​ប្រវត្តិសាស្ត្រ​មក​តម្រូវចិត្ត​​ខ្លួន​ឯង ដោយនាំគ្នា​សរសេរ​លើក​តម្កើងតែអំពី​​ខ្លួន​ឯង​ ដែល​ផ្នែក​ខ្លះ​នៃរឿងនោះមិន​មែន​ជា​ការ​ពិត ហើយ​ទីបំផុត​ផ្នែក​ខ្លះ​នៃ​ប្រវត្តិសាស្ត្រពិត​ត្រូវ​បាត់បង់។

លោកមានប្រសាសន៍ថា៖​​​ ​​​«​បើសិនណាអ្នក​ស្រាវជ្រាវបន្ត​នុង គាត់​យក​មក​ហើយ ​គាត់​យក​ព័ត៌មានដែលមានភាពលម្អៀង​ស្រាប់ហើយ ​យកមកដាក់បន្តុបទៀត វាធ្វើ​ឲ្យ​របាយការណ៍​របស់គាត់ក្រោយ​នុង​ ក៏វាអត់មាន​គុណភាពអីដែរបាទ​។ អានុងធ្វើ​ឲ្យ​គេរិះគន់ទៅលើ​របាយការណ៍​របស់គាត់​ទៀត​ដែរ​»៕

វិមានឈ្នះឈ្នះ​​ចាប់ផ្តើម​កសាង អំឡុង​​ខែកុម្ភៈឆ្នាំ​២០១៦​នៅលើ​ផ្ទៃដី​៨​ហិកតាស្ថិត​នៅ​ខណ្ឌជ្រោយ​ចង្វារាជធានី​ភ្នំពេញ។​ ​រដ្ឋាភិបាល​នឹងធ្វើ​ពិធី​​សម្ពោធបី​​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់ ​៣១​ខែ​ធ្នូ ឆ្នាំ​២០១៨ខាងមុខ​នេះ ដើម្បី​​អបអរខួប​២០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​តាម​រយៈនយោបាយ​ឈ្នះឈ្នះ​ដែល​​រដ្ឋាភិបាល​បាន​ដាក់ចេញ​ក្នុង​ឆ្នាំ​១៩៩៦​ និង​បន្ត​​មក​ដល់​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​កងទ័ព​ខ្មែរ​ក្រហម​ត្រូវ​បាន​រំលាយ​និង​ធ្វើសមាហរ័ណកម្ម​ចូលក្នុង​​ជួរកងទ័ព​រដ្ឋាភិបាល​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ