ភរិយាមេដឹកនាំនៅអាស៊ាន២រូប ត្រូវចោទប្រកាន់ក្រោយស្វាមីអស់តំណែង

(រូបខាងឆ្វេង) ភរិយាលោក Najib Razak គឺលោកស្រី Rosmah Mansor និង (រូបខាងស្ដាំ) ភរិយារបស់លោក Marcos គឺលោកស្រី Imelda Marcos។ រូបភាព៖ Reuter

តុលាការនៅក្នុងប្រទេសចំនួន២នៅតំបន់អាស៊ាន កំពុងតែដំណើរការកាត់ទោសភរិយាអតីតមេដឹកនាំ ដោយចោទថា ពាក់ព័ន្ធការរំលោភអំណាច និងការប្រព្រឹត្តអំពើពុករលួយនៅក្នុង អំឡុងពេលប្តីដឹកនាំប្រទេស។

ប្រទេសទាំងពីរនោះគឺហ្វីលីពីន កំពុងដំណើរការកាត់ទោសភរិយាលោក Ferdinand Marcos ចំណែកនៅម៉ាឡេស៊ីកំពុងកាត់ទោសភរិយាលោក Najib Razak។

ករណីនៅហ្វីលីពីន

លោក Ferdinand Marcos ដឹកនាំប្រទេសចាប់ពីឆ្នាំ១៩៦៥ ដល់១៩៨៦។ លោកត្រូវបានគេ ចាត់ទុកថា ជាមេដឹកនាំផ្តាច់ការប្រើប្រាស់ច្បាប់សឹកគ្រប់គ្រង និងបង្ក្រាបលើក្រុមអ្នកដែលមាននិន្នាការផ្ទុយ។

ប្រជាពលរដ្ឋហ្វីលីពីនធ្វើបាតុកម្មបណ្តេញលោកចេញពីតំណែងនៅឆ្នាំ១៩៨៦ ដោយសារមិនពេញចិត្តអំពើពុករលួយនិងការគាបសង្កត់ ហើយលោកភៀសខ្លួនទៅកោះហាវ៉ៃទឹកដីអាមេរិក ហើយស្លាប់នៅទីនោះឆ្នាំ១៩៨៩។

ចំណែកភរិយារបស់លោក Marcos គឺលោកស្រី Imelda Marcos គឺជាមនុស្សដែលមានចំណូលចិត្តខ្លាំងលើសម្ភារនិយម ក្នុងនោះទ្រនាប់ជើងគឺជារឿងចាប់អារម្មណ៍បំផុតរបស់លោកស្រី។ កាលពីឆ្នាំ២០០១ ផ្ទះដាក់ទ្រនាប់ជើងដែលមានទ្រនាប់ជើងប្រណិតៗ ចំនួន៣០០០គូ ត្រូវបានគេរៀបចំធ្វើជាសារមន្ទីរនៅក្នុងទីក្រុង Marikina ។

Ferdinand E. Marcos
Ex-despot Ferdinand Marcos & wife Imelda Marcos at press conf. (Photo by Bruce Asato/The LIFE Images Collection/Getty Images)

លោកស្រី Imelda Marcos អាយុ៨៩ឆ្នាំកំពុងប្រឈមមុខនៅតុលាការ ពាក់ព័ន្ធអំពើពុករលួយ លុយប្រមាណ២០០លានដុល្លារ ជាថ្នូរនិងការផ្តល់តំណែងដល់មន្ត្រីផ្សេងៗ។ ក្រៅពីករណី នេះក៏មានសំណុំរឿងផ្សេងៗទៀតដែលតុលាការកំពុងដំណើរការ។

ករណីនៅម៉ាឡេស៊ី

តុលាការម៉ាឡេស៊ីកំពុងតែដំណើរការកាត់ទោសភរិយាលោក Najib Razak គឺលោកស្រី Rosmah Mansor។

លោក Najib Razak កាន់តំណែងពីឆ្នាំ២០០៩ ដល់២០១៨។ លោកបានចាញ់ការបោះ ឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨។

លោក Najib Razak ក្នុងអំឡុងពេលដឹកនាំរងការចោទថា បានប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម បង្កើតច្បាប់រឹតត្បិត និងគាបសង្កត់ដល់ក្រុមផ្សេងៗដែលមាន ទស្សនៈនយោបាយផ្ទុយ។ បច្ចុប្បន្នលោកស្ថិតនៅក្នុងដំណើរការរបស់តុលាការ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីបរ៉ាហ្សាក (Najib Razak) និងលោកស្រី Rosmah Mansor ត្រៀមខ្លួនចាកចេញពីមណ្ឌលបោះឆ្នោតជ្រើសរើសបេក្ខជននៅ Pekan រដ្ឋ Pahang ប្រទេសម៉ាឡេស៊ីថ្ងៃទី 28 ខែមេសាឆ្នាំ 2018 ។ រូបភាព៖ AP

ចំណែកភរិយារបស់លោកគឺលោកស្រីRosmah Mansor អាយុ៦៦ឆ្នាំកំពុងស្ថិតនៅក្នុងដំណើរការរបស់តុលាការដែរ។ លោកស្រីប្រឈមជាប់ពន្ធនាគារ២០ឆ្នាំករណីទាមទារ និងទទួល សំណូកពីក្រុម ហ៊ុន ៤៥ លានដុល្លារជាថ្នូរក្រុមហ៊ុននោះ ទទួលបានគម្រោងពីរដ្ឋាភិបាល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ