អា​មេរិ​ក​ជំ​រុញ​ជា​ថ្មី​ឲ្យដោះ​លែង​លោក​ កឹម​ សុ​ខា ​និង​ផ្សះផ្សា​ជាតិ​ឡើង​វិញ​

ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ ​ លោក William A. Heidt បាន​ចូល​​ជួ​បសម្ដែងការគួរសម​ និង ជំរាបលា​ ​​នា​យ​ករដ្ឋ​​មន្ត្រីកម្ពុជា លោក ហ៊ុន សែន​ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia

សហរដ្ឋអាមេរិក ជំរុញជាថ្មីទៀតឲ្យកម្ពុជាផ្សះផ្សា​ជាតិ​ឡើង​វិញ​ ដោយស្នើឲ្យមានការ​​ដោះលែងអតីត​មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង បញ្ចប់ការហាមប្រាម​​គណ​ប​​​ក្ស​​ប្រឆាំងជាដើម​។

ស្ថា​នទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុក​របស់ខ្លួនថា ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ ​ លោក William A. Heidt បាន​ចូល​​ជួ​បសម្ដែងការគួរសម​ និង ជំរាបលា​ ​​នា​យ​ករដ្ឋ​​មន្ត្រីកម្ពុជា លោក ហ៊ុន សែន​ នាថ្ងៃទី២០ ខែវិច្ឆិកានេះ ។ ក្នុងពិធីនោះ​ លោក William A. Heidt ក្រៅពីរំឭកភាពវិជ្ជមាននៃ​ទំនាក់ទំនង​ការទូ​ត រ​ប​ស់ប្រ​​​ទេ​ស​ទាំ​ងពីរ មន្ត្រីជាន់ខ្ពស់ការទូតរូបនេះ ក៏បានជំរុញលោក ហ៊ុន​ សែន ឲ្យដោះ​លែ​​​ង​​​លោក កឹម សុ​ខា​ ឲ្យមានការផ្សះ​ផ្សាជាតិឡើងវិញ ​បន្ធូរ​​​បន្ថ​​យ​ការ​រឹត​ត្បិ​ត​​លើ​​​សង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ។

ស្ថា​នទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុក​របស់ខ្លួន យ៉ាងដូច្នេះថា៖

«លោកឯកអគ្គរដ្ឋទូត Heidt បានកត់សំគាល់ថា លោកមានការ​លើកទឹកចិត្តដោយសារជំហាន​វិជ្ជមានក្នុងពេលថ្មីៗ​នេះ ដែលរួម​មានការ​បន្តឡើងវិញ​នូវកិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹងឈ្លើយសឹក និងយុទ្ធជនបាត់​ខ្លួនអាមេរិក ហើយបានលើកទឹកចិត្ត​អោយរដ្ឋាភិបាលកម្ពុជាបន្តកែលំអ​ចំណងទាក់ទងទ្វេភាគី ដែលរួមមានការ​ជំរុញការផ្សះផ្សាជាតិ ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ​ដទៃទៀត ហើយបន្ធូរបន្ថយការ​រឹតត្បិតលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។»

​លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោក តែប៉ុន្មានម៉ោងក្រោយជំនួបថា អ្វីដែលសំខាន់​កម្ពុជា៖

«​ស្នើឲ្យមានការសន្ទនារវាងប្រទេ​​​​​ទាំងពីរ ដើម្បីធ្វើយ៉ាងណា​​ឱ្យមានកា​​រយល់គ្នា ក្នុងការរក្សានូវទំនាក់ទំនងគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត»

ទំនាក់ទំនងការទូត រវាងកម្ពុជា និងសហរដ្ឋអាមេរិក មួយរយៈចុងក្រោយនេះ បានឡើងកម្តៅ ក្រោយពី​មានចំណា​ត់ការ​ចា​ប់​​ឃុំខ្លួន លោក កឹម សុខា រំលាយ​គណបក្សសង្គ្រោះជាតិ ចាប់អ្នកឃ្លាំមើលសិទ្ធិមនុស្សអាដហុក បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យឯ​ករា​ជ្យ​ជា​ដើម​ ។

អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sullivan នៅកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសសិង្ហបុរី កាល​ពីសប្តាហ៍មុន បាន​ប្រាប់រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ដែរថា អាមេរិកបារម្ភពីសិទ្ធិធ្វើនយោបាយ សិទ្ធិអង្គការស​ង្គមស៊ី​​វិល និ​ង​​​​សា​រ​ព័​ត៌​​​​មាននៅ​ក្នុង​ប្រ​​ទេ​ស​កម្ពុជា និងបានលើកទឹកចិត្តកម្ពុជាឲ្យកែទម្រង់បញ្ហានេះ ដើម្បីលើក​ស្ទួយមិត្តភាព​ប្រទេសទាំងពីរ។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា ការជំរុញជាថ្មីទៀតរបស់សហរដ្ឋអាមេរិកនេះ បង្ហាញថា មហា​អំណា​ច​មួយ​នេះ​នឹ​ងមិនទុកកម្ពុជាចោលដូចពីអតីតកាលទេ ។ លោកថា បើមេដឹកនាំកម្ពុជានៅតែ​ព្រងើយ​កន្តើយពីការជំរុញ​ឲ្យស្តា​រ​ប្រ​ជា​ធិ​ប​តេយ្យ វិធា​​​​​​នដាក់ទណ្ឌកម្មពីលោកសេរី​នឹង​ចូលមក​ដល់នៅ​ប៉ុន្មានខែ​ខាងមុខ​នេះ​។

លោកថា៖ «ខែ១ឬខែ២ នឹងមានចំណាត់ការផ្សេងៗពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហើយ ដូចជាការបង្កកទ្រព្យសម្បត្តិ​ ការបិទទិដ្ឋាការមន្ត្រីឥស្សរជននយោបាយដែលបណ្តាប្រទេសសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកលើកឡើង ដែលពាក់ព័ន្ធនឹងរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យហើយ មុននឹងឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធEBA»

កាលពី​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ អាមេរិក បាន​​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​ឲ្យ​មន្ត្រី​នៅក្រសួង​ការ​បរទេស​កម្ពុជា ​ ​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូ​ត​​ដ​ល់​ថ្នា​ក់​​ដឹ​ក​​​​​នាំ​កំពូល​ ​និង​ស​មា​​ជិក​គ្រួសារ​របស់ពួកគេ​។ វិធានការនេះធ្វើឡើងក្រោយពីកម្ពុជា ស្នើឲ្យអាមេរិក​​ពិចារណាឡើងវិញ ទាក់​ទង​នឹង​ការបញ្ជូនជនជាតិខ្លួនដែលរស់នៅអាមេរិកហើយបានប្រព្រឹត្តកំហុស ឲ្យត្រ​ឡប់ម​​ករស់​នៅ​កម្ពុជា​វិញ​។  ប៉ុន្តែ​មកដល់ពេលនេះ ទណ្ឌកម្មទិដ្ឋាការនោះ អាមេរិកមិនទាន់លុបចោលទេ ទោះបីកម្ពុជា​ប្រកា​​ស​គោ​​​រព​តាមកិច្ច​ព្រមព្រៀ​ងដែល​ចុះ​ជាមួយអាមេរិកាលពីឆ្នាំ២០០២​ឡើ​​ងវិញក៏ដោយ។

កាលពីខែសីហា អាមេរិក បានប្រកាសមិនទទួលស្គាល់លទ្ធផ​លបោះឆ្នោតថ្ងៃ​ទី២៩ ខែ​ក​ក្ក​ដា ឆ្នាំ២០១៨ ដែ​​​ល​ការបោះឆ្នោតនោះ គ្មានបក្សប្រឆាំងចូលរួម ព្រមទាំងព្រមាន ពង្រីកវិធានការដាក់ទណ្ឌកម្មទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ​​​ម​​ន្ត្រី​រ​​ដ្ឋា​​ភិ​បា​​ល​​មួយចំនួន បន្ថែមទៀត បើមិនស្តារប្រជាធិបតេយ្យឡើងវិញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ