មន្ត្រី ថាអ្នកបោះសំរាមក្រៅធុង នឹងរងការផាកពិន័យពី២ទៅ២០ម៉ឺនរៀល

ទិដ្ឋភាពនៅម្ដុំមាត់ទន្លេ មុខព្រះបរមរាជវាំង ក្នុងក្រុងភ្នំពេញ ថ្ងៃទី១នៃពិធីប្រារព្ធពិធីបុណ្យអុំទូក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រីមន្ទីរបរិស្ថានរាជធានីភ្នំពេញព្រមានអ្នកចោលសំរាមពាសវាលពាសកាលធ្វើឲ្យខូចសោភ័ណភាពទីក្រុង នៅអំឡុងថ្ងៃបុណ្យអ៊ុំទូកនេះថា នឹងរងការផាកពិន័យពី២ម៉ឺន ទៅ២០ម៉ឺនរៀល ។

អនុប្រធានការិយាល័យគ្រប់គ្រងសំណល់នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក ស្វាយ ប្រុស មានប្រសាសន៍នៅមុខព្រះបរមរាជវាំងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា ក្រុមការងារដែលក្រសួង និងមន្ទីរ បរិស្ថានដាក់ឲ្យឃ្លាំមើលបរិស្ថានក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែនេះ មានចំនួន៥ក្រុម ដោយមួយក្រុម មានគ្នាចន្លោះពី៤ទៅ៦នាក់ ចុះអប់រំអាជីវករ និងអ្នកដើរកំសាន្តថ្ងៃបុណ្យចេះរៀបចំ វេចខ្ចប់សំរាមដាក់ក្នុងធុង ដើម្បីការពារសុខភាព និងបរិស្ថាន។

លោក ប្រុស អះអាងថា ថ្នាក់លើជំរុញទៅអាជ្ញាធរមូលដ្ឋានថា បើឃើញអាជីវករ និងអ្នកដើរកំសាន្តបោះសំរាមពាសវាលពាសកាល អាជ្ញាធរខណ្ឌនីមួយៗនឹងហៅទៅអប់រំ ប៉ុន្តែលោកថា បើមិនគោរពតាមការណែនាំទេ នឹងរងការផាកពិន័យ។

លោកមានប្រសាសន៍ថា៖ «កាលណាយើងណែនាំគ្នាអត់ស្តាប់ទេ យើងចេញក្រដាសផាកពិន័យ ប៉ុន្តែផាកនេះមិនមែនពួកខ្ញុំអ្នកផាកទេ សាលាខណ្ឌគេផាក គេមានក្រដាសផាកចន្លោះពី២ម៉ឺនរៀលទៅ២០ម៉ឺនរៀល»។

លោក ស្វាយ ប្រុស បញ្ជាក់ថា តាមការសង្កេតពេញមួយព្រឹកនេះ អាជីវករនិងអ្នកដើរកំសាន្តមួយចំនួន មានការយល់ដឹងច្រើនជាងឆ្នាំមុន ពីការសំអាតបរិស្ថាន ដោយសារសំរាមត្រូវបានវេចខ្ចប់ដាក់ក្នុងធុងត្រឹមត្រូវ មិនឃើញមានពាសវាលពាសកាលនោះទេ។

អ្នកលក់នំបញ្ចុកចល័តនៅមុខវាំង អ្នកស្រី ពៅ ឆិល បានរៀបរាប់ថា យល់ដឹងច្រើនពីការថែរក្សាបរិស្ថាន។ អ្នកស្រីថា នៅពេលភ្ញៀវមកទិញនំបញ្ចុក គាត់តែងតែប្រាប់អ្នកបរិភោគថា ត្រូវយកសំរាមដាក់នៅក្នុងធុង ដើម្បីរួមគ្នាការពារបរិស្ថាន។

អ្នកស្រីនិយាយថា៖ «ប្រាប់ថា ពេលហូបហើយ បើខ្ញុំអត់នៅ ឲ្យយកចានដាក់ធុងសំរាម ដើម្បីបរិស្ថានល្អ សុខភាពល្អ»។ អង្គុយលើសួនមុខវាំងបរិភោគចំនី លោក ថោង ម៉ិច ដែលអះអាងថា មកពីខេត្តកំពង់ស្ពឺ និយាយថា ក្រោយពីបរិភោគរួច គាត់យកសំរាមបោះចោលក្នុងធុង ដើម្បីរួមចំណែកថែរក្សាបរិស្ថាន ធ្វើឲ្យទីក្រុងស្អាត»។

លោកនិយាយថា៖ «យើងត្រូវមានថង់ដាក់ ដើម្បីយកទៅដាក់ក្នុងធុងសំរាម ដើម្បីឲ្យមានសណ្តាប់ធ្នាប់ យើងការពារអនាម័យក្នុងទីក្រុង ដើម្បីសុខភាព»។

នៅថ្ងៃនេះដែរ ក៏មានក្រុមយុវជនសេដ្ឋកិច្ចដែលរៀបចំដោយសាលារាជធានីភ្នំពេញ មានគ្នាប្រមាណជា២០០នាក់ បានឲ្យពួកគេចុះរើសសំរាមលើសួនច្បារ និងតាមដងផ្លូវចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃ២៤ ខែវិច្ឆិកានេះ ពីស្ពានជ្រោយចង្វាររហូតដល់កោះពេជ្យ និងត្រើយខាងកើតស្ពានជ្រោយចង្វារជាដើម។

នាយិកានៃសមាគមន៍ថែរក្សាបរិស្ថាន និងវប្បធម៌ លោកស្រី លុយ រស្មី មានប្រសាសន៍ថា រដ្ឋាភិបាល ជាពិសេសអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងទូលំទូលាយទើបបរិស្ថានស្អាត និងសង្គមល្អ ជាជាងចាត់វិធានការច្បាប់ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ។

លោកស្រីមានប្រសាសន៍ថា៖ «កាលណាមនុស្សម្នាក់អត់បានយល់ដឹង អំពីគោលនយោបាយទាំងអស់ហ្នឹង ហើយយើងច្បាប់ផ្តើមអនុវត្ត វាអាចធ្វើឲ្យមានការឈឺចាប់ ព្រោះគាត់គិតឃើញអ្វីផ្សេងៗ វាធ្វើឲ្យអត់មានតម្លាភាព អត់មានសមភាព សមធម៌នៅក្នុងសង្គម»។

នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីចុះថ្ងៃទី១៦ ខែវិច្ឆិកា ស្តីពី ការចូលរួមថែរក្សា អនាម័យ បរិស្ថាន ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា គឺបានក្រើនរំឭកឲ្យម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី អ្នកលក់ដូរ រួមទាំងកីឡាករ ប្រណាំងទូក និង ប្រជាពលរដ្ឋដើរកំសាន្ត ត្រូវចូលរួមថែរក្សាអនាម័យទុកដាក់សំរាមឲ្យបាន ត្រឹមត្រូវ ដើម្បីបរិស្ថាននិងសោភ័ណភាពក្នុងរាជធានី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ