លោក ឈាង វណ្ណារិទ្ធ៖ គួរបើកឲ្យទូតទៅពិនិត្យកន្លែងសង្ស័យមូលដ្ឋានទ័ពចិននៅកម្ពុជា​

The Koh Kong project’s emerging deep-sea port facility. Source: C4ADS

អ្នកសិក្សាស្រាវនៅវិទ្យាស្ថានសិក្សាពីតំបន់អាស៊ីអាគ្នេសយ៍របស់សិង្ហបុរី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកទូលាយឲ្យមន្ត្រីស្ថានទូតនានា រួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បានទៅមើល ផ្ទាល់នៅកន្លែងដែលសង្ស័យថា មូលដ្ឋានទ័ពចិននៅក្នុងខេត្តកោះកុង។​

នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅថ្ងៃយប់ថ្ងៃអង្គារម្សិលមិញលោក ឈាង វណ្ណារិទ្ធ ជាជនជាតិខ្មែរកំពុងធ្វើការនៅវិទ្យាស្ថានសិក្សាពីតំបន់អាស៊ីអាគ្នេយ៍របស់សិង្ហបុរី លើកឡើងថា មិនមានព័ត៌មានបើកទូលាយជុំវិញករណីសង្ស័យថា ចិនកសាងមូលដ្ឋានទ័ព នៅខេត្ត កោះកុងនោះទេ។

លោក ឈាង វណ្ណារិទ្ធ បន្តថា ដើម្បីលាតត្រដាងការពិតទាំងថ្នាក់ជាតិនិងអន្តរជាតិ រដ្ឋាភិបាលគួរបើកឲ្យមន្ត្រីទូត និងអ្នកសារព័ត៌មានទៅពិនិត្យកន្លែងនោះ។​

លោក ឈាង វណ្ណារិទ្ធ៖ «យើងអត់មានព័ត៌មានសិក្សាឲ្យស៊ីជម្រៅទេ។ ចឹងទេ បានជាកង្វះព័ត៌មានកង្វះការស្រាវជ្រាវ ហើយនិង Transparency តម្លាភាព នឹងធ្វើឲ្យជនមួយចំនួន មានការសង្ស័យ។ ចឹងទេ មធ្យោបាយល្អបំផុតគឺអញ្ជើញទូតបរទេស អ្នកកាសែតជាតិ អន្តរជាតិ ទៅមើកំពង់ផែផ្ទាល់ ដើម្បីដឹងថា តើជាមូលដ្ឋានទ័ពយោធាជើងទឹកឬយ៉ាងណា?»

លោក ឈាង វណ្ណារិទ្ធ លើកឡើងទៀតថា បើសិនជាមានមូលដ្ឋានទ័ពចិននៅកម្ពុជាមែននោះ កម្ពុជានឹងក្លាយជាចំណុចនៃសង្គ្រាម ហើយថា ប្រទេសដែលមិនពេញចិត្តខ្លាំងជាងគេគឺ វៀតណាម។

តាមការចុះផ្សាយរបស់សារព័ត៌មាន Asia Times គឺ​ចាប់ពីឆ្នាំ២០១៧មក ចិនបានព្យាយាម បញ្ចុះបញ្ចូលកម្ពុជា ដើម្បីកសាងកំពង់ផែទឹកជ្រៅ សម្រាប់ជាមូលដ្ឋានទ័ពជើងទឹកចិននៅ កោះកុង។ សារព័ត៌មាននេះបញ្ជាក់ទៀតថា កម្ពុជាបានផ្តល់ដីសម្បទាន ចំនួន​៤៥០០០ ហិកតា សម្រាប់មូលដ្ឋានទ័ពនេះ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅក្នុងប្រទេសសិង្ហបុរី​ លោក​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ John Sullivan សួរលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាជុំវិញបញ្ហានេះ។ លោកថា បើសិនជាមានមូលដ្ឋានទ័ពចិននៅកម្ពុជាពិតមែននោះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ។​

ទោះយ៉ាងណានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែមិថុនា លោក ហ៊ុន សែន បានច្រានចោលព័ត៌មាននេះ។ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងសរសេរលិខិតមួយ ផ្ញើទៅអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដើម្បីពន្យល់រឿងនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ