មជ្ឈមណ្ឌលផ្តល់ឈាម ជំរុញឲ្យពលរដ្ឋចូលរួមបរិច្ចាគឈាម

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលផ្តល់ឈាមកម្ពុជា ផ្ដល់បទសម្ភាសន៍ ក្នុងទិវាបរិច្ចាគឈាម នៅការិយាល័យផ្នែកសុខភាពនៃស្ថានទូតអាមេរិកនៅភ្នំពេញ ថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia/ Screenshot

មជ្ឈមណ្ឌលផ្តល់ឈាមកម្ពុជា បានជំរុញទៅប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានសុខភាពរឹងមាំឲ្យចូលរួមបរិច្ចាគឈាមឲ្យបានច្រើន ដើម្បីជួយដល់អ្នកជំងឺ និងអ្នកជួបគ្រោះថ្នាក់ផ្សេងៗ ទៀត។​

ក្នុងបទសម្ភាសន៍មួយជាមួយសា្ថនទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីសប្ដាហ៍មុន ប្រធានមជ្ឈមណ្ឌលផ្តល់ឈាមកម្ពុជា លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានមានប្រសាសន៍ថា មន្ទីរពេទ្យនៅតាមបណ្ដាខេត្ត និងនៅរាជធានីភ្នំពេញ ត្រូវការឈាមយ៉ាងតិច ២៥០ប្លោក ក្នុងមួយថ្ងៃ ដោយលោកថា ចំនួននេះបានបន្ដកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពផ្ដល់ឈាមនេះ ដោយថា ដើម្បីយកទៅប្រើប្រាស់ក្នុងករណីសង្គ្រោះបន្ទាន់ និងជួយដល់អ្នកជំងឺដែលកំពុងខ្វះឈាម។

លោកបន្ដថា៖ «គឺដើម្បីស្វែងរកអំណោយឈាមដោយស្ម័គ្រចិត្តពីក្នុងចំណោមបងប្អូន ប្រជាជន មន្ដ្រី ឬបុគ្គលិកធ្វើការ ដើម្បីជាផលប្រយោជន៍ក្នុងការជួយដល់អ្នកជំងឺដែលត្រូវការឈាមនៅតាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ និងទូទាំងប្រទេស។ […] ក្នុងមួយថ្ងៃៗ គ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមហ្នឹងមានរហូតទៅដល់២០០ប្លោកក្នុងមួយថ្ងៃៗ។ បើគិតថានៅទូទាំងប្រទេសប្រហែលដល់ទៅ២៥០ប្លោកក្នុងមួយថ្ងៃៗ»

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី គាំទ្រចំពោះសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ។ ប៉ុន្ដែ លោកក៏រិះគន់ផងដែរចំពោះការអនុវត្តជាក់ស្ដែង ដោយថា គ្មានតម្លាភាព ពោរពេញដោយអំពើពុករលួយ និងភាពយឺតយ៉ាងក្នុងការផ្ដល់ឈាមដល់អ្នកជំងឺ។

លោកបន្ដថា៖ «ត្រូវការលុយហ្មង តាមមន្ទីរពេទ្យ បើអត់លុយគឺអាចអ្នកជំងឺហ្នឹងស្លាប់ ហើយឈាមអត់អាចទៅដល់។ ហើយបើខាងមជ្ឈមណ្ឌលផ្តល់ឈាមហ្នឹង ប្រាប់ទៅគេថា គេអត់មានដែរ។ តែចំពោះអ្នកមាន គឺអាចមានឈាមគ្រប់គ្រាន់ […] នៅពេលមានឧបតិ្ដហេតុ បង​ឯងដឹងរឿងហ្នឹងហើយ ហើយអាចនឹងប្រឈមស្លាប់ បើសិនជាយើងនៅចាំរកឈាម ដែលអត់លុយឲ្យ»។

របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមកាលពីខែកុម្ភៈ ឆ្នាំ២០១៨នេះ បង្ហាញថា ចាប់តាំងពីឆ្នាំ​២០​១៣ ដល់ឆ្នាំ២០១៧ មាន​ប្រជាជន និងយុវជន ចំនួន​៧៤១​នាក់​ បានបរិច្ចាគឈាមជូនស្ថាប័នរដ្ឋ ដោយ​ចំ​នួននេះ មានការកើនឡើងប្រមាណ ២០ភាគរយជារៀង​រាល់ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ