រថយន្តដឹកអ្នកដំណើរឡើងថ្លៃពី១ម៉ឺនទៅ២ម៉ឺនរៀល

ពលរដ្ឋរង់ចាំធ្វើដំណើរតាមរថយន្តក្រុងនៅក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ

អ្នកធ្វើដំណើរចាកចេញពីភ្នំពេញទៅតាមបណ្ដាខេត្តមួយចំនួន បានត្អូញត្អែរពីការតំឡើងថ្លៃសេវារថយន្តឈ្នួលអំឡុងពិធីបុណ្យអុំទូកនាថ្ងៃនេះថា ឡើងលើសថ្លៃធម្មតាចន្លោះពី១៥០០០រៀលទៅ២០ ០០០រៀល។

ដើរចេញពីកន្លែងអង្គុយរង់ចាំរថយន្តនៅក្រុមហ៊ុនដឹកអ្នកដំណើរ ខេ.អេស.អូ នៅជិតផ្សារដើមគ កញ្ញា នា សុខថេត ថ្លែងថា​ កញ្ញាជិះរថយន្តឈ្នួលពីភ្នំពេញទៅខេត្តសៀមរាបក្នុងថ្ងៃធម្មតាតម្លៃ២៥០០០ រៀលប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃនេះក្នុងមួយនាក់គឺតម្លៃ៤០០០០ រៀល។

កញ្ញា៖ «យ៉ាងច្រើនពី២៥០០០ ទៅ ៣០០០០ រៀលគឺអស់ថ្លៃខ្លាំង [សម្រាប់ថ្ងៃធម្មតា]  កន្លែងហ្នឹង ៤០០០០ រៀល ហើយដើរសួរ[កន្លែងផ្សេង] ៥០០០០ រៀល។  គ្រាន់តែថ្លៃឡានឡើងប៉ុណ្ណឹងហើយ ដល់ពេលមកវិញមិនដឹងអស់ប៉ុន្មានទៀតហើយនៅថ្លៃយើងស៊ីចាយទៀត តែធ្វើម៉េចបើយើងត្រូវទៅហើយ»

អ្នកដំណើរម្នាក់ទៀតត្រៀមចេញដំណើរនៅចំណតរថយន្តសូរិយា អ្នកស្រី ថន ចំណាន អះអាងថា តាមធម្មតាអ្នកស្រីជិះរថយន្ត​ឈ្នួលពី​ភ្នំពេញ​ទៅខេត្តកំពង់ធំ តម្លៃត្រឹមតែ ១០០០០រៀល ប៉ុន្តែនៅថ្ងៃនេះតម្លៃរថយន្តឡើងដល់ទៅ៣០០០០ រៀល ដោយថា តម្លៃនេះ លើសពីកាលបុណ្យភ្ជុំបិណ្ឌដល់ទៅ២០០០០ រៀលផងដែរ។

អ្នកស្រីថា៖ «បើកតម្លៃធម្មតាខ្ញុំធ្លាប់ជិះពីភ្នំពេញទៅកំពង់ធំតម្លៃតែ១០០០០រៀល មកវិញក៏១០០០០រៀលដែរ។ ហើយថ្ងៃបុណ្យទានឡើង២០០០០ រៀល ខ្ញុំគិតថាមិនថ្លៃទេ ប៉ុន្តែថ្ងៃបុណ្យអ៉ុំទូកនេះ ស្រាប់តែឡើង៣០០០០ រៀល ខ្ញុំហួសចិត្តហ្មង»។

ក្រុមអ្នកធ្វើដំណើរ​ទាំងនោះ អំពាវ​នាវទៅ​ម្ចាស់រថយន្តដឹកអ្នកដំណើរឲ្យ​ឈប់ដំឡើងថ្លៃ ដោយថាប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ដែលជាអ្នកក្រីក្រ។

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា កន្លងមក មុនពេលបុណ្យជាតិធំៗរដ្ឋាភិបាលបានអំពាវនាវមិនឲ្យម្ចាស់រថយន្ត និងក្រុមហ៊ុនដឹកអ្នកដំណើរកុំឲ្យតំឡើងថ្លៃឈ្នួល ប៉ុន្តែលោកថា ការអំពាវនាវនោះ មិនមានប្រសិទ្ធភាពឡើយ។

លោកថា៖ «ជាទូទៅការអំពាវនាវគ្រាន់តែជាការអំពាវនាវមិនមែនជាគោលការណ៍​ច្បាប់ចាប់បង្ខំដែលឲ្យមនុស្សត្រូវអនុវត្តតាម។ អញ្ចឹង ដោយសារ គ្រាន់តែជាការអំពាវនាវមិនមានយន្តការច្បាស់លាស់ហ្នឹងហើយ ដែលធ្វើឲ្យម្ចាស់រថយន្តទាំងអស់ឡើងថ្លៃតាមតែអំពើចិត្ត សូម្បីក្រុមហ៊ុនដឹកអ្នកដំណើរក៏ឡើងថ្លៃ ចំណតរថយន្តក៏ឡើងថ្លៃនៅថ្ងៃបុណ្យទាន អញ្ចឹងហើយដែលធ្វើឲ្យរដ្ឋាភិបាលគ្រាន់តែអំពាវនាវទៅមិនមានប្រសិទ្ធភាពទេ»។

លោក វន់ ពៅ ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហា​នេះ រដ្ឋាភិបាលគួរតែបញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅតាមខេត្តនានា ដូចជា ពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំដែរ ដោយថា  ដើម្បីជួយកាត់បន្ថយការចំណាយ និងកុំឲ្យម្ចាស់រថយន្តនិងក្រុមហ៊ុនដឹកអ្នកដំណើរឆ្លៀតឱកាសតំឡើងថ្លៃឈ្នួលផងដែរ។

កាលពីថ្ងៃទី២២ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដូចរាល់ដង ដោយកុំឲ្យមានការដំឡើងថ្លៃឈ្នួលរថយន្តដោយថា ដើម្បីជួយកាត់បន្ថយការចំណាយ ដល់អ្នកដែលទៅលេងស្រុកកំណើតថ្ងៃបុណ្យជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ