ក្រសួងបង្ហាញមុខសញ្ញាចោរជាង១០០នាក់ដែលអាចធ្វើសកម្មភាពក្នុងពិធីបុណ្យអុំទូក

មុខសញ្ញា លូកហោប៉ៅតាមផ្សារនិងតាមទីសាធារណៈ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ក្រសួងមហាផ្ទៃបង្ហាញជនសង្ស័យជាមុខសញ្ញានៃការលួច និងឆក់កាបូបនៅតាមទីសាធារណៈជាង១០០នាក់ ដើម្បីឲ្យពលរដ្ឋចំណាំ និងប្រុងប្រយ័ត្នក្នុងការថែរក្សាសុវត្ថិភាព​ និងសន្តិសុខផ្ទាល់ខ្លួន​ ក្នុងពិធីបុណ្យអុំទូក។​

អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃនេះបានបង្ហាញរូបថត និងប្រវត្តិជនសង្ស័យ១១៩នាក់ ដោយប្រាប់ទៅសាធារណជនដែលមកលេងកំសាន្តបុណ្យអុំទូកត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ទៅសមត្ថកិច្ច ប្រសិនបានឃើញមុខសញ្ញាជនទាំងនោះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គឹម ខឿន ប្រាប់វីអូឌីថា ការបង្ហាញមុខជនសង្ស័យឲ្យសាធារណៈ ដឹង គឺដើម្បីងាយស្រួលទប់ស្កាត់បទល្មើសផ្សេងៗដែលកើតឡើងអំឡុងពេលពិធីបុណ្យអំទូកនេះ។ លោកបន្តថា ការបង្ហាញមុខជនសង្ស័យជាសាធារណៈមិនប៉ះពាល់ដល់សិទ្ធិពួកគេទេ ដោយថា ជនទាំងនោះជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងចាប់ស្រាប់។

លោកបន្ថែមថា៖ «ការធ្វើបែបនេះ គឺជួយច្រើន ទី១ពេលដែលប្រជាពលរដ្ឋ គាត់ឃើញជនទាំងនោះគាត់មានការប្រុងយ័ត្នខ្ពស់ អ្នកខ្លះគាត់រាយការណ៍ជូនសមត្ថកិច្ច ទី២ បានរំឮកទៅសមត្ថកិច្ចគ្រប់គោលដៅឲ្យគាត់បានដឹង គាត់មានការប្រុងប្រយ័ត្ន នេះជាវិធានការបង្ការកុំឲ្យហ្នឹងកើតឡើង។»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូលោក អំ សំអាត យល់ថា វាជារឿងល្អមួយដែលសមត្ថកិច្ចបានរំឭកទៅប្រជាពលរដ្ឋមកលេងកំសាន្តមានការប្រុងប្រយ័ត្ន ប៉ុន្តែ លោកថា រឿងសំខាន់នោះគឺសមត្ថកិច្ចខ្លួនឯងត្រូវតែពង្រឹងរក្សាសុវត្ថិភាព និងសន្តិសុខជូនពលរដ្ឋ។

លោកបន្ថែមថា៖ «បើនិយាយអំពីសិទ្ធិវាប៉ះពាល់ហើយសិទ្ធិគាត់ ប៉ុន្តែនេះគ្រាន់តែថាជាការមួយដែលសមត្ថកិច្ចគេ មានការឃ្លាំមើលពីសម្មភាពរបស់គាត់ ហើយគេមានការប្រយ័ត្នប្រយែង ហើយអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ប៉ុន្តែខ្ញុំគិតថាអ្វីដែលសំខាន់គឺកម្លាំងសមត្ថកិច្ចខ្លួនឯងទេត្រូវតែមានបង្កើននៃការការពារសុវត្ថិភាព​ជូនប្រជាពលរដ្ឋ ឬបងប្អូនដែលមកចូលរួមពិធីបុណ្យអុំទូកនោះ»

សាលារាជធានីភ្នំពេញរំពឹងថា ទាំងភ្ញៀវជាតិនិងអន្តរជាតិ នឹងចូលរួមក្នុងពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ ច្រើនជាងឆ្នាំមុនៗដោយថា អាជ្ញាធររៀបចំពិធីបានប្រសើរជាងមុន។ របាយការណ៍សាលារាជធានីឆ្នាំមុនបុណ្យអុំទូកមានអ្នក ចូលរួមជាង៣លាននាក់។​

ឆ្នាំនេះ ក្រសួងមហាផ្ទៃអះអាងថា មានកម្លាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជាង១ម៉ឺននាក់ដាក់ប្រចាំ ការនៅ តាមគោលដៅសំខាន់ៗក្នុងពិធីបុណ្យអុំទូក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ