​ម៉ាល់​ឌីវ ថានឹង​ដក​ខ្លួន​ចេញ​ពីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​​ជាមួយចិន​

Former President Abdulla Yameen signed a free trade treaty with Beijing when he was visiting China in December last year. Photo: AFP/Fred Dufour

រដ្ឋាភិបាលថ្មីរបស់​ប្រទេសម៉ាល់​ឌីវ ថានឹង​ដក​ខ្លួន​ចេញ​ពីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​​ ដែល​ប្រទេសនេះបាន​ធ្វើ​ជាមួយចិននាពេល​កន្លង​មក។

លោក Mohamed Nasheed ទីប្រឹក្សាប្រធានាធិបតីថ្មី​ប្រទេសម៉ាល់​ឌីវ ប្រាប់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​រ៉យទ័រថា​​ កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​រវាងកោះម៉ាល់​ឌីវជាមួយចិន​មាន​វិសមភាព​យ៉ាង​ខ្លាំង ដែល​គ្មាននរណា​គេជឿ​ថា​មាន​កិច្ច​ព្រម​ព្រៀង​បែប​នេះនោះ​ទេ។ លោក​ Mohamed Nasheed ប្រាប់​ប្រភពដដែល​ថា​ ចិន​មិនបាន​ទិញ​អ្វី​ពីកោះម៉ាល់​ឌីវទេ។ លោក​បន្ថែម​ថាវា​ជាកិច្ចព្រម​ព្រៀងតែម្ខាងប៉ុណ្ណោះ។

Mohamed Nasheed. Photographer: Ahmed Shurau/AFP via Getty Images

កាលពីខែ​ចុងខែ​កញ្ញា​ ឆ្នាំ២០១៨ ក្រោយ​ពី​​អតីតប្រធានាធិបតី​លោក  Abdullah Yameen ​ បាន​ចាញ់​ឆ្នោត លោក Mohamed Nasheed បានប្រកាស​ថា​រដ្ឋាភិបាល​​របស់​លោក​ Ibrahim Mohamed Solih នឹង​ធ្វើ​ការពិនិត្យ​នូវ​គម្រោងវិនិយោគ​មួយចំនួន​របស់​ចិន ​ដែល​ធ្វើឡើង​ជាមួយប្រទេសកោះមួយនេះឡើងវិញ។ ទោះ​ជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​ថ្មី​ម៉ាលឌីវ ថា​គ្មានផែនការ​បញ្ឈប់​ឬផ្អាក​គម្រោងវិនិយោគ​ផ្សេង​ៗដូចជា​គម្រោង​ពង្រីក​អាកាសយានដ្ឋាន ដែលផ្ដល់​ឲ្យ​ក្រុមហ៊ុនចិននោះ​​ទេ។

Ibrahim Mohamed Solih. Photographer: AFP via Getty Images

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងកោះម៉ាល់​ឌីវ និងចិន​ ត្រូវបាន​ចុះហត្ថលេខា​ដោយ​អតីតប្រធានាធិបតី​ម៉ាល់​ឌីវ លោក  Abdullah Yameen ក្នុងអំឡុងពេលបំពេញ​ទស្សនកិច្ចទៅរដ្ឋធានីប៉េកាំង​ កាល​ពីខែ​ធ្នូ ឆ្នាំ​២០១៧​កន្លងទៅ។ រដ្ឋភិបាល​លោក  Abdullah Yameen បាន​សច្ចាប័នលើកិច្ចព្រម​ព្រៀងនេះយ៉ាងប្រញាប់​ប្រញាល់បំផុត ពោល​គឺអនុម័តដោយគ្មាន​​ការ​ដេញដោល​គ្នា​ក្នុងសភា​ ហើយប្រើ​ពេល​មិនដល់​មួយម៉ោងផង ក្នុង​ការពិនិត្យ​​លើ​កិច្ចព្រម​ព្រៀងដែលមាន​កម្រាស់​រហូតដល់​១០០០ទំព័រនេះ។ ក្រុម​អតីត​​បក្ស​ប្រឆាំង​ ដែលកាលនោះដឹកនាំដោយលោក Ibrahim Mohamed Solih បាន​ធ្វើការជំទាស់​ និង​រិះគន់​យ៉ាង​ខ្លាំងលើ​កិច្ចព្រម​ព្រៀងនោះ​ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាន​ច្រាល​ចោទការ​ប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ​ភាគី​កោះម៉ាល់ឌីវ។ ក្នុងសន្និសីទសារព័ត៌មាន​កាល​ពីម្សិល​មិញ លោក Geng Shuang បានលើកឡើងថា​ពីីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីជាមួយ​កោះ​ម៉ាល់​ឌីវ គឺធ្វើឡើង​ដោយស្មើភាព ហើយ​ភាគី​ទាំងសងខាង​ទទូលបាន​ផលប្រយោជន៍​ពីគ្នា​ទៅវិញ​ទៅ​មក​។​ លោក ក៏បាន​អំពាវ​នាវឲ្យរដ្ឋាភិបាលកោះ​​​ម៉ាល់​ឌីវ ធ្វើ​ការសម្រេច​ចិត្ត​ឲ្យបាន​ត្រឹម​ត្រូវផងដែរ។

សាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យ​ China West Normal University លោក​Long Xingchun បានប្រាប់​សារព័ត៌មាន Global Times របស់​ចិនថា វា​ជារឿងធម្មតា នៅពេលដែល​ប្រទេសមួយ​ផ្លាស់​ប្តូរ​មេដឹក ប្រទេសនោះតែង​តែ​ផ្លាស់​គោលនយោបាយការបរទេស។ លោក​ Long Xingchun យល់​យ៉ាងណាក៏ដោយ​ រដ្ឋាភិបាលថ្មី​​​​ម៉ាល់​ឌីវ នៅតែត្រូវការចិន ដើម្បីការ​រីកចម្រើនផ្នែក​សេដ្ឋកិច្ចរបស់ខ្លួន។ សាស្រ្តាចារ្យរូបនេះ បន្តថា​ចំពោះ​ការធ្វើពាណិជ្ជកម្ម​ គឺចិន​នាំ​ទៅកាន់​​​ប្រទេស​ម៉ាល់​ឌីវ តែ​ទំនិញ​​ណា​ដែល​ម៉ាល់​ឌីវ ផលិតមិនបាន​តែប៉ុណ្ណោះ។

​តាមការចុះផ្សាយរបស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រក្នុងរយៈពេល​៨ខែ ឆ្នាំ២០១៨នេះ ម៉ាល់​ឌីវ បាន​នាំទំនិញ​ចូល​ពីចិន​មានតម្លៃជាទឹកប្រាក់​សរុប៣៤២លានដុល្លារ តែទំហំ​ទឹកប្រាក់​ដែល​ម៉ាល់​ឌីវ នាំចេញទៅចិន​ មាន​តែ​ជាង២៦ម៉ឺនដុល្លាតែប៉ុណ្ណោះ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្ដល់​ជាជំនួយ​ និង​វិនិយោគលើគម្រោង​នានា​ជាច្រើន​នៅក្នុងប្រទេស​ម៉ាល់ឌីវ ដែល​ជា​ផ្នែក​មួយ​នៃគម្រោង​គំនិតផ្ដួចផ្ដើម«​ខ្សែក្រវ៉ាត់​និង​ផ្លូវ» របស់​ខ្លួន។ ជាក់ស្ដែង ចិន បាន​ផ្ដល់​ជាជំនួយឥតសំណង និងកម្ចី​មាន​ការប្រាក់​ទាបដល់​ម៉ាល់​ឌីវ ជាង​១៨៤ លាន ដើម្បីសាងសង់​ស្ពានភ្ជាប់​កោះពីររបស់​ប្រទេសដែនកោះ​មួយនេះដែល​ដាក់​ឲ្យប្រើប្រាស់​កាលពី​ចុងខែសីហា ឆ្នាំ២០១៨កន្លងមកនេះ​​​ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ