ឌឹខេមបូឌាដេលីថាមិនអាចដំណើរការនៅកម្ពុជាក្រោមនយោបាយ «ចាប់ហើយដោះលែង» ដដែលៗ

ចាងហ្វាងរងនៃកាសែតឌឹខេមបូឌាដេលី និយាយថា មិនអាចប្រតិបត្តិការក្នុងប្រទេសវិញទេក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដែលមិនមានភាពច្បាស់លាស់របស់រដ្ឋាភិបាល​ចាប់ហើយ លែងដដែលៗ។​

លោកស្រី Deborah Krisher-Steele ចាងហ្វាងរងនៃកាសែនេះប្រាប់វីអូឌីតាមសារអេឡិចត្រូនិចថា ក្រោមយុទ្ធសាស្ត្រ «ចាប់ហើយដោះលែង» របស់រដ្ឋាភិបាល ខ្លួនមិនអាចប្រតិបត្តិការអាជីវកម្មមួយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាបានទេ ប៉ុន្តែ បានបន្តសេវាកម្មព័ត៌មានអនឡាញពីក្រៅប្រទេសវិញ ដែលមិនមែនជាលក្ខណ:ពាណិជ្ជកម្ម។

លោកស្រីបង្ហាញក្តីបារម្ភថា រដ្ឋាភិបាលកម្ពុជាដាក់សម្ពាធ និងមានការជំរុញឲ្យសូកប៉ាន់។​

លោកស្រី Deborah Krisher-Steele បានមានប្រសាសន៍ដូច្នេះថា៖ «ជាជាងទទួលរងការត្រួតពិនិត្យ (censorship) ឌឹដេលី បានរៀបចំដំណើរការឡើងវិញនៅក្រៅដែនសមត្ថកិច្ចរបស់របបនេះ ហើយបានបន្តប្រតិបត្តិការជាសេវាព័ត៌មានអនឡាញ និងមិនមែនជាលក្ខណ:ពាណិជ្ជកម្ម។»

លោកស្រី Deborah Krisher-Steele បានបន្ថែមថាបេសកកម្មរបស់កាសែតនេះនៅដដែល គឺ មិនភ័យខ្លាច ឬ លម្អៀង «News Without Fear or Favor» ដូចពីពេលបង្កើតកាលពី២៥ឆ្នាំមុន។

សារព័ត៌មានឌឹខេមបូឌាដេលី បានបិទកាលពីចុងឆ្នាំមុន ប៉ុន្តែសារព័ត៌មាននេះ នៅតែបន្តផ្សព្វផ្សាយតាមហ្វេសប៊ុកពីក្រៅប្រទេស ឌឹខេមបូឌាដេលី បានបញ្ឈប់ការបោះពុម្ពផ្សាយកាលពីខែកញ្ញាឆ្នាំមុនបន្ទាប់ពីមិនមានលទ្ធភាពបង់ពន្ធចំនួន៦,៣លានដុល្លារ។

កាសែតខេមបូឌាដេលី ត្រូវបានបង្កើតឡើងដោយអ្នកកាសែតអាមេរិចឈ្មោះប៊ែរណាដ ឃី្រសឺរ នៅឆ្នាំ១៩៩៣។

ក្រសួងការបរទេសកាលថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍ថា កាសែតផ្សាយភាសារអង់គ្លេសមួយនេះ អាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន តែត្រូវដោះស្រាយបំណុលពន្ធដាររួចសិន។ ទោះយ៉ាងណា ខេមបូឌាដេលី អះអាងថា ការទារពន្ធនេះ គឺធ្វើឡើងក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ