តុលាការក្រុងភ្នំពេញ បានចាប់ផ្តើមសវនាការលើរឿងក្ដីរបស់មេដឹកនាំសហជីពចំនួន៦នាក់ នៅថ្ងៃសុក្រនេះ ដោយពុំមានវត្តមានរបស់ពួកគាត់ទាំងអស់។
ការជំនុំជម្រះនៅថ្ងៃសុក្រនេះ បានប្រព្រឹត្តទៅដោយមានតែវត្តមានក្រុមមេធាវីរបស់ជនជាប់ចោទ ហើយសវនាការនេះ បានកើតឡើងបន្ទាប់ពីសុន្ទរកថារបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមុន អោយបន្ធូរសម្ពាធលើមេដឹកនាំសហជីព ខណ:មានការគំរាមកំហែងពីសហភាពអឺរ៉ុបដកហូតកម្មសិទិ្ធនាំទំនិញអត់បង់ពន្ធ (EBA) ពីកម្ពុជា។
ប៉ូលីសចរាចរណ៍ និងសន្តិសុខខ័ណ្ឌសំរួលចរាចរនៅខាងក្រៅតុលាការ ខណ:ដែលសវនាការបានដំណើរការនៅខាងក្នុង។ មិនមានព័ត៌មានថា តុលាការនិងប្រើរយ:ពេលប៉ុន្មាន ដើម្បីកាត់ក្តីដែលមានរយ:ពេលរាប់ឆ្នាំមកហើយ។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលស្ថិតក្នុងចំនួមសហជីពធំចំនួន០៦រូប បាននិយាយថា ខ្លួនមិនបានទទួលដីការកោះហៅអោយចូលសាវនាការនៅថ្ងៃនេះទេ។ លោកស្រី យ៉ាង សោភ័ណ្ឌ បានមានប្រសាសន៏ថា ខ្លួនមានពាក្យបណ្តឹងសរុប៦ ហើយបានអះអាងបន្ថែមថា ពាក្យបណ្តឹងទាំងនេះ កើតមានដោយសារពាក់ព័ន្ធនឹងការលើកសិទ្ធិរបស់កម្មករ។
លោកស្រី យ៉ាង សោភ័ណ្ឌ បានមានប្រសាសន៏បន្តថា៖ «បណ្តឹង៦ហ្នឹង និយាយអោយចំគឺសុទ្ធតែបណ្តឹងពាក់ព័ន្ទនឹងបងប្អូនកម្មករនៅតាមរោងចក្រដែលមួយផ្នែកពាក់ព័ន្ធនឹងលើកសិទ្ធិរបស់កម្មករ។ អ្វីជាការយល់របស់ខ្ញុំបណ្តឹងទាំងអស់ហ្នឹងសុទ្ធតែបណ្តឹងមួយដែលមិនសាកសម្យក្នុងការដែលក្រុមហ៊ុនប្តឹងមកពួកយើង»។
លោកស្រី យ៉ាង សោភ័ណ្ឌ បានបដិសេធចោលការចោទនៅក្នុងបណ្តឹងទាំងអស់នោះ ហើយបានលើកករណីមួយ ដែលគេចោទគាត់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុននៅផ្លូវវេងសេ្រងហើយលោកស្រីបានអះអាងថា ទាំងទាំងគាត់ «មិនមានវត្តមាននៅទីនោះផង»។ លោកស្រី បានសំណូមអោយតុលាការទំលាក់ការចោទប្រកាន់ទាំងអស់។
លោកស្រី យ៉ាង សោភ័ណ្ឌ បាននិយាយថា៖ «ប៉ុន្តែបើមានការកាត់សេចក្តីនៅថ្ងៃនេះថា ឥឡូវខ្ញុំត្រូវកាត់សេចក្តីអោយជាប់ហើយនៅក្រៅឃុំ ជាការសំណូមពរមួយទៀតខ្ញុំ ថាគួរតែលើកលែងបទចោទមកលើខ្ញុំ»។
នៅក្នុងសុន្ទរកថាទៅកាន់កម្មកររោងចក្រចំនួន២ម៉ឺននាក់កាលពីខែវិច្ឆិកា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យក្រសួងយុត្តិធម៌និងក្រសួងការងារបង្កើនល្បឿន ឬទម្លាក់ការចោទប្រកាន់ណាមួយប្រឆាំងនឹងមេដឹកនាំសហជីព។ អ្នកតំណាងក្រុមហ៊ុនសំលៀកបំពាក់និងស្បែកជើងធំៗ រួមមាន Adidas, Nike, Puma, បានជួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៩ខែតុលា ហើយក៏បានជំរុញឱ្យទម្លាក់ចោលនូវអ្វី ដែលត្រូវបានគេឃើញថា ជាការចោទប្រកាន់មាននិន្នាការនយោបាយ៕