សង្គមស៊ីវិល​វាយតម្លៃថាទិវាសិទ្ធិមនុស្សបញ្ចប់ទៅក្រោមការរឹតត្បិតសេរីភាព

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស វាយតម្លៃថា ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ បិទបញ្ចប់ទៅក្រោមការរឹតត្បិត ទោះបី​រដ្ឋា​ភិបា​​​ល​ប្រ​កា​ស​ឲ្យឈប់រឹតត្បិតសកម្មភាព របស់អង្គការសង្គមស៊ីវិលក៏ដោយ។

សមាគមអាដហុកការពារសិទ្ធិមនុស្សឲ្យដឹងតាមសេចក្តីប្រកាសចុះថ្ងៃចន្ទម្សិលមិញ ថាក្រុមអង្គការសង្គមស៊ីវិលដែលរៀបចំទិវាសិទ្ធិមនុស្ស ១០ធ្នូ ឆ្នាំ២០១៨ នៅទីលានប្រជាធិបតេយ្យ តាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ បានបញ្ចប់​ដោ​​យ​ប​​​រិយាកាសរឹតត្បិត​សេរីភា​ពនៃការ​ជួបជុំប្រមូលផ្តុំ និងក្រោមការ​ឃ្លាំមើល​យ៉ាង​តឹង​តែងពីសំណាក់អាជ្ញាធររដ្ឋាភិបាល។

អាដហុក​ឲ្យដឹងទៀតថា សាលារាជធានីភ្នំពេញ មិនអនុញាតឲ្យក្រុមអង្គការសង្គមស៊ីវិលដែលរៀបចំទិវានេះ នៅសួនច្បារ ក្រុមប្រឹ​ក្សា​​អភិវ​ឌ្ឍន៍កម្ពុជា CDC និងហាមមិនអោយហែរក្បួនចេញពីបរិវេណទីលានប្រជាធិបតេយ្យ ព្រមទាំ​ងដាក់ពង្រា​យកម្លាំ​ង​ស​ម​ត្ថ​​កិច្ចរាប់រយនាក់ឈរព័ទ្ធជុំវិញឃាមឃាត់ដាច់ខាតមិ​នឲ្យអ្នកចូលរួមហែរ​ក្បួនចេញពីទី​លាន​ប្រជាធិ​​ប​​តេយ្យនោះទៀតផង។

ចំណែក​អង្គការលីកាដូបានកត់សម្គាល់ដែរថា សាលារាជធានីភ្នំពេញបានពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ពាក់មួក​ការពារ​សុវត្ថិ​ភា​​​ព​​​ច្រើ​ន​ជាង​អ្នក​ចូលរួម​ធ្វើពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះ ទោះបីថ្មីៗ​នេះ រដ្ឋាភិបាលបានប្រកាសឲ្យឈប់​រឹត​ត្បិ​​ត​​លើ​ក្រុម​សង្គម​ស៊ីវិល​ក្ដី ។ លី​កាដូ ឲ្យដឹងទៀតថា សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ ប្រសិន​បើអ្នក​រៀបចំ​កម្មវិធី​នៅតែ​ធ្វើការ​ហែក្បួន​ដែ​​​ល​អាច​ ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ និង​របៀប​រៀបរយ​សាធារណៈ ​ទោះបីជា​ថ្ងៃទី១០​ ខែធ្នូនេះ​ជាថ្ងៃ​ឈ​ប់​ស​ម្រា​ក​ ដែល​មិនសូវ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមដងផ្លូវ​ក្នុងរាជធានី​ក៏ដោយ។

បើតា​មលីកាដូ អ្នកមកចូលរួមធ្វើពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ មានកម្មករ​រោងចក្រ​កាត់ដេរ​កសិករ​គ្រូបង្រៀន​ ស​ហ​ជីព​​ តំណាង​សហគមន៍​ និង​ក្រុមយុវជន​ រាប់រយនាក់​ ។​

ប៉ុន្តែ​ អង្គ​ការនេះថាក្រុម​យុវជន​និង​សហគមន៍​ ដែលប្រារព្វពិធីនេះនៅ​ខេត្ត​រតនគិរីត្រូវបាន ​ធ្វើ​ទុក្ខបុក​ម្នេញ​ជាបន្ត​បន្ទាប់​ ពីសំ​ណា​ក់​​​ការិយាល័យ​សាលាខេត្ត ​ចំណែក​នៅខេត្ត​បន្ទាយ​មានជ័យ​​ អាជ្ញាធរ​បាន​បញ្ឈប់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៣០០នាក់​ មក​ពី​ស​ហ​គមន៍​ចំនួន៦​ ពីការ​ជួបជុំគ្នា​នៅក្រុង​សិរីសោភ័ណ ហើយថា អ្នកទាំងនេះ​ ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពីភូមិ​ និង​ត្រូវ​​​បា​ន​​ប​ញ្ឈប់​នៅតាម​ផ្លូវធ្វើដំណើរ ​ដោយតម្រូវឲ្យមាន​លិខិត​អនុញ្ញាត​ពីអាជ្ញាធរ​ស្រុក ​និង​ខេត្ត ​ទើប​អាច​ចូលរួម​ប្រារព្ធ​ទិវានេះ​បាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ