ជនពិការអំពាវនាវទៅម្ចាស់សំណង់អគារឲ្យបង្កលក្ខណៈងាយស្រួលដល់ពួកគាត់​ក្នុងការចេញចូល

បងប្អុនជនពិការ ចូលរួមក្នុងសិក្ខាសាលាមួយស្តីពីការកសាងសេចក្តីព្រាង នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ឃុត សុគន្ធ

ជនពិការអំពាវនាវទៅគ្រប់ម្ចាស់សំណងអគារចូលរួមអនុវត្តច្បាប់របស់ជនពិការ ដោយអះអាងថា អគារសាធារណៈ និងឯកជនភាគច្រើនពុំទាន់បានការបង្កលក្ខណៈងាយស្រួលសម្រាប់ពួកគាត់ក្នុងការចេញ​ចូល​នៅឡើយទេ​។

មាត្រា២១ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិយាយថា រាល់កន្លែងសាធារណៈត្រូវរៀបចំឲ្យមានលក្ខណៈងាយស្រួលចេញចូលសម្រាប់ជនពិការគ្រប់ប្រភេទដោយធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃតាមបន្ទប់ទឹក និងដាក់ស្លាកសញ្ញានានាជាដើម។

ក្នុងសិក្ខាសាលាមួយស្តីពីការកសាងសេចក្តីព្រាង នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនៅថ្ងៃនេះ ទាំងក្រុមប្រឹក្សាសកម្មភាពជនពិការ និងជនពិការផ្ទាល់បានលើកឡើងថា បើទោះបីជាច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការបានដាក់ឲ្យអនុវត្តជាច្រើនឆ្នាំហើយក៏ដោយ ប៉ុន្តែរហូតពេលនេះពួកគេមើលឃើញថា អគារសាធារណៈ និងកន្លែងឯកជនភាគច្រើននៅតែបង្កការ​លំបាកសម្រាប់ជនពិការ។

ជនពិការជិះរទះរុញដែលពិការដាច់ជើងទាំងពីរលោក ពេជ្រ សារឿន និយាយថា រូបគាត់នៅតែជួបការ​លំបាក ពេលធ្វើដំណើរឡើងអគារសាធារណៈ និងកន្លែងឯកជនមួយចំនួនទៀត ដោយថា កន្លែងចេញចូលពុំមានជម្រាល ឬ បំពាក់ឱបករណ៍សម្រាប់ជនពិការ។

លោកបន្ថែមថា៖ «ជួបផលលំបាកទី១ ការធ្វើដំណើរឡើងចុះអគារ ព្រោះយើងរវៃរទះផង ជួនកាលវាមានគ្រោះថ្នាក់ ហើយយើងពិបាកនឹងរកគេជួយ។ គេជួយយើងគេជួយបានតែម្តងមួយយាមទេ ប៉ុន្តែគេមិនអាចជួយញយៗឬរាល់ ថ្ងៃបានទេ។ អញ្ចឹងយើងបានតែពឹងលើខ្លួនយើង ប្រសិនវាមានការ​បង្កលក្ខណៈងាយស្រួលហ្នឹងយើងទៅខ្លួនយើង បានមិនបាចពឹងពាក់គេទេ»

ជនពិការជិះរទះម្នាក់ទៀតលោក ម៉ី សាម៉ីត មានប្រសាសន៍ថា ប្រសិនបើសំណង់អគារ ឬកន្លែងចេញចូលសាធារណៈទាំងអស់មិនគិតគូ និងបង្កលក្ខណៈងាយស្រួលដល់ជនពិការទេ នោះជនពិការនឹងបាតបង់ឱកាសជាច្រើនក្នុងការចូលរួមសកម្មភាពសង្គមផ្សេងៗ។

លោកបន្ថែមថា៖ «បើកាលណាអត់ជម្រាល អត់មានបង្កាន់ដៃ អត់មានផ្លូវសម្រាប់ប្រើប្រាស់រទះហ្នឹងទេ គឺពួកខ្ញុំពិបាក។ ពិបាកហ្នឹង ព្រោះរទះកង់មូល អញ្ចឹង រទះកង់មូលមិនអាចទៅបរលើកាំជណ្តើរបានទេ អញ្ចឹងត្រូវបរនៅលើជម្រាល បរលើជម្រាលទៀតសោតត្រូវតែមានបង្កាន់ដៃ ។ ទាក់ទងនឹងផ្លូវជម្រាល និងបង្កាន់ដៃនេះ មិនមែនប្រើសម្រាប់តែបងប្អូនជនពិការទេ ជនចាស់ជរា កុមារក៏គាត់អាចប្រើប្រាស់បានដែរ ក្នុងនោះដែរនៅអគារខ្ពស់ ត្រូវមានជណ្តើរប្រអប់យោងឡើងលើ បើអត់មានទេ ពួកខ្ញុំបានទៅតែជាន់ក្រោមទេ។ បើជាន់ក្រោមនោះមានតែជណ្តើរទេ ពួកខ្ញុំនៅខាងក្រៅហ្នឹងហើយអញ្ចឹងវាជាការលំបាកមួយហើយ។ មួយទៀតកន្លែងផ្តល់សេវាសាធារណៈ ផ្សេងៗ បើកន្លែងហ្នឹងអត់មានជម្រាលទេ គឺពួកខ្ញុំអត់អាចទៅទទួលសេវាហ្នឹងបានទេ»

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា មានប្រសាសន៍ថា បច្ចុប្បន្នលោកសង្កេតឃើញមានអគារសាធារណៈ និងឯកជនមួយចំនួនបានបង្កលក្ខណៈងាយស្រួលច្រើនដល់ជនពិការបើប្រៀបធៀបឆ្នាំមុនៗ ប៉ុន្តែក៏នៅមានអគារសាធារណៈ និងឯកជនជាច្រើនទៀតមិនទាន់បានអនុវត្ត។

លោក ឯម ច័ន្ទមករា បន្តថា ក្រសួងសង្គមកិច្ចកំពុងរៀបចំយន្តការដើម្បីផាកពិន័យស្ថាប័នរដ្ឋ និងឯកជនទាំងឡាយណាដែលមិនព្រមរៀបចំបង្កភាព​ងាយស្រួលដល់ជនពិការ។

លោកបន្ថែមថា៖ «យើងមើលទៅលើការកែសម្រួលរយៈពេល៥ឆ្នាំហ្នឹង បានល្អប្រសើរច្រើន ហើយយើងសង្ឃឹមថា ៥ឆ្នាំទៅមុខទៀតរឹតតែល្អប្រសើរថែមទៀត។ ប្រសិនជាគេមិនអនុវត្តទេ ច្បាប់របស់យើងហ្នឹងគឺមានការធ្វើការផាកពិន័យ និងដាក់ទោសទណ្ឌ​។ ដោយរដ្ឋបាលសិទ្ធិជនពិការ គឺមានភារកិច្ចក្នុងការត្រួតពិនិត្យទៅលើគ្រប់សំណង់ អគារនីមួយៗដែលបានកំណត់នៅក្នុងច្បាប់ ហើយប្រសិនបើយើងធ្វើការជូនដំណឹងហើយគាត់នៅតែមិនធ្វើការកែសម្រួលទេ គាត់ត្រូវបង់នូវការផាកពិន័យ ហើយគាត់មិនព្រមទៀតគាត់ត្រូវទទួលទោសទណ្ឌ​»

នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន មានប្រសាសន៍ថា បើយន្តការរបស់រដ្ឋាភិបាលនេះមាន​ការអនុវត្តត្រឹមត្រូវនោះនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ ដោយថា យន្តការនោះបានផ្សព្វផ្សាយ និងមានការណែនាំត្រឹមត្រូវទៅដល់ស្ថាប័នរដ្ឋ និងឯកជនដែលចង់ជួយសម្រួលជនពិការ។

លោកបន្ថែមថា៖ «ដូច្នេះប្រសិនបើពួកគាត់មិនព្រមធ្វើជម្រាលដល់បងប្អូនជនពិការទេ គាត់ត្រូវជាប់ការផាកពិន័យពីរដ្ឋាភិបាល។ ហើយអ្វីដែលជាអនុសាសន៍របស់អង្គការជនពិការកម្ពុជានោះ គឺយើងចង់ឃើញគ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់រួមអនុវត្តក្របខណ្ឌហ្នឹងឲ្យបានល្អទៅ ដើម្បីជៀសវាងការផាកពិន័យ និងដាក់ទោសទណ្ឌ ដោយយើងចង់ឲ្យបងប្អូនជនពិការយើងបានចូលរួមសង្គម។ ប្រសិនគ្មានច្រកចេញចូលទេ បងប្អូនជនពិការយើង មិនបានចូលរួមសង្គមដោយស្មើភាពគ្នាដូចបងប្អូនមិនពិការទេ»

ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការបានដាក់ឲ្យអនុវត្តកាលពីឆ្នាំ២០០៩ ត្រង់​មាត្រា ៥៧ ចែង​ថា កន្លែងសាធារណៈ និងឯកជនទាំងឡាយណា ដែលសាងសង់មុនច្បាប់នេះចូលជាធរមាន នោះត្រូវធ្វើការកែសម្រួលវិញរយៈពេលយ៉ាងយូរ៥ឆ្នាំដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការមិនដូច្នេះទេត្រូវផាកពិន័យ។

របាយការណ៍របស់ក្រសួងសង្គមកិច្ចឆ្នាំ២០១៤ ឲ្យដឹងថា ជនពិការមានប្រហែល ៤%នៃចំនួនប្រជាជនសរុបឬ​ប្រហែល ៥២៤ ០០០នាក់ ប៉ុន្តែ បើអង្គការសង្គមវិល​លើក​ឡើង​ថា ចំនួន​ជន​ពិការ​​អាចច្រើនជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ