អ្នក​ភូមិ​នៅ​ខេត្តព្រះវិហារ​ទាមទារឱ្យក្រុមហ៊ុនមួយបញ្ឈប់សកម្មភាពកាប់ឈើនៅតំបន់ព្រៃសហគមន៍

រូបភាព ប្រជាសហគមន៍ នៅឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ នាំគ្នាឃាត់គ្រឿងចក្រ និងឈើចំនួន៩ ដើម ដែលបានចូលលួចកាប់ឈើនៅក្នុងសហគមន៍េះពូរៀន កាលពីថ្ងៃទី ១១ ធ្នូ ហើយនាំមករក្សាទុកនៅភូមិកាលពីថ្ងៃទី ១២ ធ្នូ ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ

ប្រជាសហគមន៍នៅឃុំគូលែនជើង ស្ថិត​នៅ​ក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ បង្ហាញ​ក្ដី​បារម្ភ​ថា ព្រៃឈើ​ក្នុង​សហគមន៍​របស់​ពួកគេ​នឹង​បាត់​បង់ ក្រោយ​ពី​ពួកគេ​ចាប់​បាន​ឈើ ៩​ដើម ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ដី​សម្បទាន​មួយ​លួច​កាប់។

គណៈកម្មការសហគមន៍ព្រៃឈើពោធិ៍មាស៤ ​នៅឃុំគូលែនខាងជើង​ ស្ថិត​ក្នុង​ស្រុក​គូលែនព្រហ្មទេព លោក ផេង ផល ឱ្យដឹងថា ពួកគាត់បានទៅនាំគ្រឿងចក្រ​ផ្ទុកឈើមូលចំនួន ៩ដើមនោះ ដែលចាប់បាននៅចំណុចសហគមន៍ភូមិពូរៀង មករក្សាទុកនៅក្នុងភូមិ កាល​ពីថ្ងៃ​ម្សិល​មិញ​នេះ។

លោកអះអាងថា សហគមន៍ស្គាល់ច្បាស់ ​គ្រឿងចក្រនោះ មកពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ Blue Haven ដោយថាកន្លងមក សហគមន៍ធ្លាប់បានចាប់គ្រឿងចក្រនោះជាច្រើនសារណាស់មកហើយ។

លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំមានការព្រួយបារម្ភត្រង់ថា ព្រៃសហគមន៍ដែលគេដាក់ឱ្យការពារនេះ បើការពារមិនបាន ក៏កំហុសហ្នឹង នឹងធ្លាក់មកលើពួកខ្ញុំ គេបន្ទោសពួកខ្ញុំទៀត ព្រោះច្បាប់ថាឱ្យការពារហើយ បើសិនខ្ញុំការពារមិនបាន ខ្ញុំនឹងមានកំហុសទៀតហើយ»

តំណាងសហគមន៍ភូមិគូលែនជើង ដែលបានតាមដានករណីនេះ លោក ឈួន សុខគីន មានប្រសាសន៍ថា ប្រជាសហគមន៍គ្រោងនឹងប្តឹងក្រុមហ៊ុន ដើម្បីឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ ដោយថា ប្រសិនបើព្រៃសហគមន៍ត្រូវបានបាត់បង់ នឹងប៉ះពាល់​ជីវភាពរស់នៅរបស់ពួកគាត់។

លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ខ្លាំងជីវភាព​ជាចម្បង ប៉ះពាល់ដូចថា ប្រជាពលរដ្ឋយើង​ពឹងដោយសារព្រៃឈើ ដូចជាបោចវល្លិ៍ ដូចជា ដងជ័រ ផ្កាអូគីដេ ដូចជា ផ្លែកន្ទួតព្រៃ ផ្លែស្រម៉ ផ្សិត​អីជាដើម លែងដុះហើយ វាវាល»

វីអូឌី​ពុំ​អាច​ស្វែង​រក​ការ​បក​ស្រាយ​ពី​លោក ងែន ឡាំ ដែលពលរដ្ឋអះអាងថា ជាតំណាងក្រុមហ៊ុនកែច្នៃឈើនៅក្នុងក្រុមហ៊ុន Blue Haven បាន​ទេ​នៅ​ថ្ងៃ​នេះ។

មេឃុំគូលែនជើង លោក ឆេង អួយ ឱ្យដឹងថា វត្ថុតាងដែលពលរដ្ឋឃាត់ទុក​មិនទាន់សម្រេចយកទៅខាងណានៅឡើយទេ ដោយថា វត្ថុតាងទាំងនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកែច្នៃឈើមួយ ដែលស្ថិតនៅក្នុងតំបន់ដីសម្បទានក្រុមហ៊ុន Blue Haven ប៉ុន្តែ លោក​មិនស្គាល់ឈ្មោះ។

លោកអះអាងថា កន្លងមកពលរដ្ឋពិតជាធ្លាប់ឃាត់គ្រឿងចក្រ និងវត្ថុតាងផ្សេងទៀតមែន  ដោយថា សហគមន៍ថែមទាំងសម្របសម្រួលជាមួយខាងក្រុមហ៊ុនដើម្បីប្រគល់គ្រឿងចក្រឱ្យក្រុមហ៊ុនវិញ ជាថ្នូរទទួលយកប្រាក់មកធ្វើផ្លូវ ធ្វើសាលារៀនមួយចំនួននៅក្នុងឃុំទៀតផង។

លោកបន្ថែមថា«មិនយល់ឃើញយ៉ាងណាទេ យល់ថា ឱ្យតែត្រឹមត្រូវតាមច្បាប់ គឺវាត្រឹមត្រូវហើយ វាការពារដីព្រៃរបស់សហគមន៍បាន ប៉ុន្តែ មិនដឹងថា នរណាជាអ្នកខុស នរណាអ្នកត្រូវទេ»

អ្នកសម្របសម្រួលបណ្តាញកសាងសហគមន៍នៃអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថាបញ្ហាបទល្មើសព្រៃឈើនៅឃុំគូលែន នៅតែកើតឡើងជាបន្តបន្ទាប់ ដោយថា មកពីការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព។

លោក មានប្រសាសន៍ថា៖ «អាជ្ញាធរនៅមូលដ្ឋាន ឬ​ក៏មន្ត្រីមានសមត្ថកិច្ចហ្នឹង យើងមើលជាកន្លងទៅ គឺតែងតែមានការយោគយល់ មានការលើកលែងអាធ្យាស្រ័យអីចឹងណា៎! វាមិនបានអនុវត្តច្បាប់មែនទែនទេ»

អាជ្ញាធរបញ្ជាក់ថា ឃុំគូលែន មានព្រៃសហគមន៍ចំនួន៣ រួមមានព្រៃសហគមន៍ពូរៀង សហគមន៍ពោធិ៍មាស៤ និងព្រៃសហគមន៍ត្រពាំងវាយ ដែលមានទំហំជាង១ ម៉ឺនហិកតា ប៉ុន្តែសហគមន៍ទាំងនេះស្ថាប័នជំនាញ មិនទាន់ប្រគល់សិទ្ធិគ្រប់គ្រងទៅតាមច្បាប់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ