តុលាការ​សម្រេច​ចោទ​ប្រកាន់​សកម្មជន​ម្នាក់​ជា​ផ្លូវ​ការ​ក្រោយ​ចាប់​បញ្ជូន​ខ្លួន​​ពី​ប្រទេស​ថៃ

លោក រ៉ាត់ រត្នមុនី និងភរិយា អ្នកស្រី ឡុង គីមហ៊ាង។ រូបភាព៖ ហ្វេសប៊ុក Long Kimleang

មេដឹកនាំ​សហជីព​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ប្រទេស​ថៃនោះ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​ផ្លូវ​ការ​នៅ​ល្ងាច​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​តុលាការ​រាជ​ធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក លី សុផាណា បានថ្លែង​តាម​តេឡាក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះថា លោក រ៉ាត់ រដ្ឋមុនី ដែល​ជា​ប្រធាន​សហជីព​កម្មករ​សំណង់ ត្រូវ​បានចៅក្រម​ស៊ើប​សួរ​ចោទ​ប្រកាន់​ពី​បទ​​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​មាត្រា ៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា មេដឹកនាំ​សហជីព​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ក្រោយ​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​នោះ។

អ្នកស្រី ឡុង គឹមហ៊ាង ភរិយា​របស់​លោក រដ្ឋមុនី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​តុលាការ​សាក​សួរ​ដោយ​ពុំ​មាន​មេធាវី​ផ្ទាល់​ខ្លួន​នោះ​ឡើយ ហើយ​តុលាការ​បាន​ចាត់​តាំង​មេធាវី​ម្នាក់​សម្រាប់​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​នៅ​រសៀល​ថ្ងៃនេះ។

លោក រ៉ាត់ រដ្ឋមុនី ត្រូវបានប៉ូលិសថៃចាប់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាកក តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ដោយជាប់ពាក់ព័ន្ធការផលិតវីដេអូឯកសារមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ី (RT)។

វីដេអូឯកសារ​នេះ និយាយអំពីស្រ្តីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។

ក្រោយពីការផ្សព្វផ្សាយវីដេអូនេះ សមត្ថកិច្ចកម្ពុជាបកស្រាយថា វីដេអូនេះ ជារឿងប្រឌិតឡើង ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់ប្រទេសកម្ពុជា ហើយក្រោយមកបានបើកការស៊ើបអង្កេតរកអ្នកជាប់ពាក់ព័ន្ធក្នុងការផលិត​វីដេអូ។

កាលពីថ្ងៃទី១១ ខែធ្នូ កន្លងមក អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានស្នើទៅរដ្ឋាភិបាលថៃកុំបញ្ជូនប្រធានសហជីពរូបនេះមកកម្ពុជាវិញ ដោយបារម្ភពីការកាត់ទោសក្រោមហេតុផលនយោបាយ និងការឃុំខ្លួនមិនត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ