តើ​ចិនកំពុង​សង​សឹក​កាណាដា ករណី​ចាប់​ខ្លួន​អគ្គនាយក​​ហិរញ្ញវត្ថុ​ក្រុម​ហ៊ុន​ Huawei ?

អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou

ទំនាក់​រវាងប្រទេស​ចិន និងប្រទេស​កាណាដា​ មាន​ភាពរកាំរកូស​នឹងគ្នា​ជា​ខ្លាំ​ងក្នុងរយៈពេល​ជិត​២សប្តាហ៍ចុងក្រោយ​នេះ ក្រោយពីមាន​ការចាប់​ខ្លួន​​​អគ្គនាយក​​ហិរញ្ញវត្ថុ​ក្រុម​ហ៊ុន​ Huawei ដោយ​អាជ្ញាធរ​កាណាដា។

អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបាន​អាជ្ញាធរប្រទេស​កាណាដា​ ចាប់​ខ្លួនកាល​ពីថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០១៨ តាម​សំណើរបស់​សហរដ្ឋអាមេរិកដោយសារ​តែ​ក្រុម​ហ៊ុន Huawei បានល្មើសនឹងទណ្ឌកម្ម​របស់​អាមេរិកដែល​​​មិនអនុញ្ញាតឲ្យក្រុម​ហ៊ុនណាមួយរកស៊ីជា​ប្រទេស​អ៊ីរ៉ង់​។ ភា្លម​ៗក្រោយការ​ចាប់​ខ្លួន ក្រសួងការបរទេសចិន​ បានប្រាប់​ទៅអាជ្ញាធរ​កាណាដាឲ្យដោះលែង​លោកស្រី Meng Wanzhou ដោយគ្មាន​លក្ខខណ្ឌ។ ចិន ព្រមាន​ថា ​បើ​មិនមាន​ការដោះលែង​អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ឲ្យបាន​ឆាប់​នោះ​ទេ កាណាដា​ នឹង​ជួប​ផលលំបាក​ធ្ងន់ធ្ងរជាមិន​ខាន។ ទោះ​បី​ជាមាន​ការ​ព្រមានខ្លាំងៗពីភាគីចិន​​បែបណាក៏ដោយ​ អាជ្ញាធរកាណាដា​នៅ​តែ​បន្ត​​នីតិវិធី​ក្នុង​សំណុំ​រឿង​អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei រូបនេះ។

​បើ​ទោះណាជាប្រទេស​​ចិន​ មិនបាន​បង្ហាញ​ពី​វិធាន​ការណ៍ជាក់​លាក់​ណាមួយ​​យ៉ាងណាក្តី តែ​អ្វី​ដែល​ប្រទេស​ចិន​បាន​ធ្វើរយៈពេល​មួយសប្តាហ៍ចុងក្រោយនេះ វាបាន​បញ្ជាក់​យ៉ាងច្បាស់​រួច​ទៅហើយ​ថា ចិន​ឆ្លើយតបយ៉ាងដូចម្តេច​ទៅ​នឹងទង្វើររបស់ប្រទេសកាណាដា។

តាមការចុះ​ផ្សាយរបស់​សារព័ត៌មាន​ Beijing News  អតីតមន្រ្តី​ទូតកាណាដា​ម្នាក់​ប្រចាំក្រុងប៉េកាំង ហើយ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​អង្គការវិបត្តិ​អន្តរជាតិ​ (International Crisis Group) លោក Michael Kovrig ត្រូវបាន​អាជ្ញាធរចិនចាប់​ខ្លួនកាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១០ ខែធ្នូ ឆ្នាំ២០១៨។ ប្រភព​ដដែល ឲ្យ​ដឹង​ថា​ការចាប់​ខ្លួន​លោក Michael Kovrig ធ្វើឡើង​ក្រោមការ​សង្ស័យថា​​ លោក​បាន​ធ្វើសកម្មភាព​ដែល​​ប៉ះពាល់​ដល់ស​ន្តិ​សុខជាតិ​របស់​ប្រទេសកុម្មុយនីស្តមួយនេះ។

អតីតមន្រ្តី​ទូតកាណាដា​ម្នាក់​ប្រចាំក្រុងប៉េកាំង ហើយ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​អង្គការវិបត្តិ​អន្តរជាតិ​ (International Crisis Group) លោក Michael Kovrig

អតីតឯកអគ្គ​រាជទូតកាណាដា​លោក David Mulroney មានប្រសាសន៍ថា ការចាប់​ខ្លួន​លោក Michael Kovrig អាច​ជាការសងសឹក​ដែល​កាណាដា​បានចាប់​​ខ្លួន​អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ។ អតីតឯកអគ្គ​រាជទូតកាណាដាមួយរូបទៀតលោក Guy Saint-Jacque បាន​និយាយជាមួយ​សារព័ត៌មាន​ South China Morning Post ថា​ ករណីនេះបង្ហាញ​ថា​​ រដ្ឋាភិបាល​ចិន​ចង់​ដាក់​សម្ពាធ​ឲ្យបាន​ធ្ងន់បំផុតដល់​រដ្ឋាភិបាល​កាណាដា។

ប៉ុន្តែក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាល​ពីម្សិល​មិញ​ ក្រសួងការបរទេសចិន​បាន​ច្រាន​ចោលការ​ចោទប្រកាន់នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ​ ខាង បាន​ឲ្យ​ដឹងថា​ ការចាប់​ខ្លួន​លោក Michael Kovrig ធ្វើឡើង ព្រោះ​តែ​គាត់​បាន​រំលោភ​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​របស់​ចិន។ លោកបន្តថា​ អង្គការវិបត្តិ​អន្តរជាតិ​ (International Crisis Group) មិនបាន​ចុះបញ្ជី​ត្រឹមត្រូវស្រប​តាម​ច្បាប់​ដែល​តម្រូវ​ដោយ​អាជ្ញាធរចិន​នោះ​ទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបន្ថែម​ថា​ ចិន​នឹងដោះស្រាយ​បញ្ហានេះ​តាម​ច្បាប់​ដែល​មាន​ជាធរមាន​ក្នុងប្រទេស​ខ្លួន។

ដោយឡែក​ តាម​ការ​ឲ្យដឹង​ពីរដ្ឋ​មន្រ្តីក្រសួងការ​បរទេសកាណាដា​ អ្នកជំនួញជនជាតិ​កាណាដាម្នាក់​ទៀត​ក៏អាច​​ជួប​បញ្ហានៅក្នុងប្រទេសចិន​ផងដែរ។ សារព័ត៌មាន ​South China Morning Post បាន​ដកស្រង់​សម្តីរបស់​រដ្ឋ​មន្រ្តីក្រសួងការ​បរទេសកាណាដា លោកស្រី​ Chrystia Freeland ថា រដ្ឋាភិបាលកាណាដាពេលនេះ មិន​អាចទាក់​ទងអ្នក​ជំនួញ​ជន​របស់​ខ្លួន​គឺ លោក Michael Spavor ដែល​រកស៊ីនៅ​ប្រទេសចិន​បាន​ទេ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់​ពី​ឃុំ​ខ្លួន​ជាងមួយសប្តាហ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៨ តុលាការប្រទេសកាណាដា បាន​សម្រេច​ដោះលែងលោកស្រី Meng Wanzhou ឲ្យនៅក្រៅឃុំ​បណ្ដោះ​អាសន្ន​ ដោយបង់ប្រាក់​ធានា​ជាង​៧លានដុល្លារ។ ប៉ុន្តែលោកស្រីដាក់​ស្ថិតនៅក្រោម​ការតាម​ដាន​២៤ម៉ោង លិខិតឆ្លងដែន​របស់​លោកស្រីក៏ត្រូវបាន​ដកហូត ហើយគាត់​ត្រូវនៅក្នុងផ្ទះពីម៉ោង​១១យប់​ដល់​៦ព្រឹកផងដែរ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ