មន្ទីរសុខាភិបាលខេត្តកណ្តាល ថាសិស្សនៅវិទ្យាល័យកោះធំដួលសន្លប់មក​ពីខ្វះជាតិស្ករនិងកាល់ស្យូម

សិស្សានុសិស្ស​ប្រហែល​២០​នាក់​ នៅ​វិទ្យាល័យ​កោះធំ​ ស្ថិត​ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល​បាន​ទន់ដៃទន់ជើង​ដួល​សន្លប់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ ។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ប្រធាន​មន្ទីរសុខាភិបាល​ខេត្តកណ្ដាល បានឲ្យដឹង​ថា​ សិស្សានុសិស្ស​ចំនួន២៧នាក់​ នៅ​វិទ្យាល័យ​កោះធំ បានដួល​សន្លប់ជាបន្តបន្ទាប់​នាព្រឹកនេះ ព្រោះតែពួកគាត់​ខ្វះជាតិស្ករ និងខ្វះជាតិកាល់ស្យូម។

ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលលោក គួយ ប៊ុនធឿន មានប្រសាសន៍ថា សិស្សដួលសន្លប់នៅវិទ្យាល័យកោះធំចំនួន២៧នាក់ មិនមែនពុលអាហារទេ ប៉ុន្តែមកពីពួកគេខ្វះជាតិស្ករ និងកាល់ស្យូមហើយអ្នកខ្លះទៀត ដោយសារភ័យនៅពេលឃើញសិស្សដូចគ្នាសន្លប់។

លោកថា៖ «តាមធ្វើតេស្តឈាមអ្នកដែលគាត់មានបញ្ហាហ្នឹង មើលទៅគាត់ខ្វះជាតិស្ករ ហើយនឹងជាតិកាល់ស្យូមបន្តិចបន្តួចតែប៉ុណ្ណឹងទេ គ្មានអីគួរកត់សម្គាល់ទេ។ ហើយឥឡូវគាត់ធូរស្រាលអស់ហើយក្រោយពីយើងព្យាបាលឲ្យថ្នាំឲ្យអី ដាក់សេរ៉ូមអីឲ្យគាត់ទៅ គាត់ទៅផ្ទះបានបណ្ដើរៗហើយ»។

នាយករងវិទ្យាល័យកោះធំលោក ស្រូយ វឿន ប្រាប់ វី.អូ.ឌី ថា សិស្សនៅវិទ្យាល័យកោះធំ ស្ថិត​ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល ចំនួន២៧នាក់ បានដួលសន្លប់ក្នុងនោះមានស្រី២៦នាក់ ហើយសិស្សដែលដួលសន្លប់នោះ ពួកគេមានអាការៈទន់ដៃទន់ជើង និងថប់ដង្ហើម។ លោកបន្តថា សិស្សដួលសន្លប់បែបនេះ ដោយសារ ពួកគេទាំងនោះមិនបានបរិភោគអាហារឲ្យបានតឹ្រមត្រូវ។

លោកថា៖ «បញ្ហាមួយ ក្មេងព្រលឹមឡើងគាត់អត់សូវហូបអី។ អញ្ចឹងនៅពេលដែលឃើញអញ្ចឹងទៅ ខ្សោយតៗគ្នា ហើយខ្លះសួរទៅគាត់តមអាហារល្ងាច។ អញ្ចឹងពេលព្រឹកក៏គាត់មិនសូវហូប ពេលល្ងាចក៏គាត់អត់ហូតទៀត។ អញ្ចឹងធ្វើឲ្យគាត់មានបញ្ហាសុខភាព»

ប្រធានសមាគមគ្រូពេទ្យគុណធម៌លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី  យល់ថា​ ករណីសិស្សដួលសន្លប់កើតមានដដែលនៅតាមសាលារៀននោះ មិនមែនមកពីពួកគេខ្សោយទាំងអស់ទេ។ ប៉ុន្តែលោកថា ការដួលសន្លប់នេះ អាចបណ្ដាលពីចំណីអាហារដែលពួកគេបានទិញនៅក្នុងសាលាបរិភោគ។ លោក បន្តថា  អាជ្ញាធរនិងស្ថាប័ន្ធពាក់ព័ន្ធគួរតែធ្វើការពិនិត្យចំពោះចំណីអាហារដែលបានដាក់លក់ក្នុងសាលារៀននោះ និងសាលារៀនផ្សេងៗទៀតឲ្យបានច្បាស់លាស់ ដោយសារ អាហារមួយចំនួនដែលដាក់នៅតាមសាលាមិនសូវមានអនាម័យ និងអាហារខ្លះក៏អាចមានផ្ទុយសារធាតុគីមីផងដែរ។

លោកថា៖ «ចំណីទាំងអស់ហ្នឹង ប្រឈមនឹងគីមី ដូចជាទឹកក្រូចអី គាត់ដាក់តែក្លិន។ ទឹកក្រូចមានជាតិស្ត្រូប៊រី មានជាតិផ្លែប៉ោមអី គាត់ដាក់តែក្លិនហ្នឹង។ អាក្លិនដែលយើងដាក់ក្នុងឡានឲ្យធំក្លិន អាហ្នឹងគីមីទាំងអស់ហ្នឹង។ [មន្ត្រីជំនាញ]យកមកពិនិត្យ អាម្សៅអស់ហ្នឹង ដែលដាក់ឲ្យក្លិន ឲ្យចេញពណ៌ហ្នឹង កន្លែងហ្នឹងហើយដែលប៉ះពាល់សុខភាពក្មេង និងអនាគតក្មេងទៅថ្ងៃក្រោយ។ វាមិនមែនពេលហ្នឹងទេ វាអាចទៅ២០ ទៅ៣០ឆ្នាំក្រោយ ខ្លះមហារីកសួត ខ្លះមហារីកខួរក្បាល ខ្លះមហារីកក្រពះ»។

កាលពីថ្ងៃទី៧​ និងទី១១ ខែធ្នូ ឆ្នាំ២១៨ សិស្សានុសិស្សចំនួន៩៣នាក់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង បានដួលសន្លប់ ដោយគ្រូពេទ្យថា ការដួលសន្លប់នោះ មកពីអាកាសធាតុក្ដៅពេក ទើបបណ្ដាលឲ្យសិស្សានុសិស្សមានអាការៈឈឺក្បាល វិលមុខនិង​​​ថប់ដង្ហើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ