ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឲ្យដឹងថា សិស្សានុសិស្សចំនួន២៧នាក់ នៅវិទ្យាល័យកោះធំ បានដួលសន្លប់ជាបន្តបន្ទាប់នាព្រឹកនេះ ព្រោះតែពួកគាត់ខ្វះជាតិស្ករ និងខ្វះជាតិកាល់ស្យូម។
ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលលោក គួយ ប៊ុនធឿន មានប្រសាសន៍ថា សិស្សដួលសន្លប់នៅវិទ្យាល័យកោះធំចំនួន២៧នាក់ មិនមែនពុលអាហារទេ ប៉ុន្តែមកពីពួកគេខ្វះជាតិស្ករ និងកាល់ស្យូមហើយអ្នកខ្លះទៀត ដោយសារភ័យនៅពេលឃើញសិស្សដូចគ្នាសន្លប់។
លោកថា៖ «តាមធ្វើតេស្តឈាមអ្នកដែលគាត់មានបញ្ហាហ្នឹង មើលទៅគាត់ខ្វះជាតិស្ករ ហើយនឹងជាតិកាល់ស្យូមបន្តិចបន្តួចតែប៉ុណ្ណឹងទេ គ្មានអីគួរកត់សម្គាល់ទេ។ ហើយឥឡូវគាត់ធូរស្រាលអស់ហើយក្រោយពីយើងព្យាបាលឲ្យថ្នាំឲ្យអី ដាក់សេរ៉ូមអីឲ្យគាត់ទៅ គាត់ទៅផ្ទះបានបណ្ដើរៗហើយ»។
នាយករងវិទ្យាល័យកោះធំលោក ស្រូយ វឿន ប្រាប់ វី.អូ.ឌី ថា សិស្សនៅវិទ្យាល័យកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ចំនួន២៧នាក់ បានដួលសន្លប់ក្នុងនោះមានស្រី២៦នាក់ ហើយសិស្សដែលដួលសន្លប់នោះ ពួកគេមានអាការៈទន់ដៃទន់ជើង និងថប់ដង្ហើម។ លោកបន្តថា សិស្សដួលសន្លប់បែបនេះ ដោយសារ ពួកគេទាំងនោះមិនបានបរិភោគអាហារឲ្យបានតឹ្រមត្រូវ។
លោកថា៖ «បញ្ហាមួយ ក្មេងព្រលឹមឡើងគាត់អត់សូវហូបអី។ អញ្ចឹងនៅពេលដែលឃើញអញ្ចឹងទៅ ខ្សោយតៗគ្នា ហើយខ្លះសួរទៅគាត់តមអាហារល្ងាច។ អញ្ចឹងពេលព្រឹកក៏គាត់មិនសូវហូប ពេលល្ងាចក៏គាត់អត់ហូតទៀត។ អញ្ចឹងធ្វើឲ្យគាត់មានបញ្ហាសុខភាព»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី យល់ថា ករណីសិស្សដួលសន្លប់កើតមានដដែលនៅតាមសាលារៀននោះ មិនមែនមកពីពួកគេខ្សោយទាំងអស់ទេ។ ប៉ុន្តែលោកថា ការដួលសន្លប់នេះ អាចបណ្ដាលពីចំណីអាហារដែលពួកគេបានទិញនៅក្នុងសាលាបរិភោគ។ លោក បន្តថា អាជ្ញាធរនិងស្ថាប័ន្ធពាក់ព័ន្ធគួរតែធ្វើការពិនិត្យចំពោះចំណីអាហារដែលបានដាក់លក់ក្នុងសាលារៀននោះ និងសាលារៀនផ្សេងៗទៀតឲ្យបានច្បាស់លាស់ ដោយសារ អាហារមួយចំនួនដែលដាក់នៅតាមសាលាមិនសូវមានអនាម័យ និងអាហារខ្លះក៏អាចមានផ្ទុយសារធាតុគីមីផងដែរ។
លោកថា៖ «ចំណីទាំងអស់ហ្នឹង ប្រឈមនឹងគីមី ដូចជាទឹកក្រូចអី គាត់ដាក់តែក្លិន។ ទឹកក្រូចមានជាតិស្ត្រូប៊រី មានជាតិផ្លែប៉ោមអី គាត់ដាក់តែក្លិនហ្នឹង។ អាក្លិនដែលយើងដាក់ក្នុងឡានឲ្យធំក្លិន អាហ្នឹងគីមីទាំងអស់ហ្នឹង។ [មន្ត្រីជំនាញ]យកមកពិនិត្យ អាម្សៅអស់ហ្នឹង ដែលដាក់ឲ្យក្លិន ឲ្យចេញពណ៌ហ្នឹង កន្លែងហ្នឹងហើយដែលប៉ះពាល់សុខភាពក្មេង និងអនាគតក្មេងទៅថ្ងៃក្រោយ។ វាមិនមែនពេលហ្នឹងទេ វាអាចទៅ២០ ទៅ៣០ឆ្នាំក្រោយ ខ្លះមហារីកសួត ខ្លះមហារីកខួរក្បាល ខ្លះមហារីកក្រពះ»។
កាលពីថ្ងៃទី៧ និងទី១១ ខែធ្នូ ឆ្នាំ២១៨ សិស្សានុសិស្សចំនួន៩៣នាក់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង បានដួលសន្លប់ ដោយគ្រូពេទ្យថា ការដួលសន្លប់នោះ មកពីអាកាសធាតុក្ដៅពេក ទើបបណ្ដាលឲ្យសិស្សានុសិស្សមានអាការៈឈឺក្បាល វិលមុខនិងថប់ដង្ហើម៕