លោក សម រង្ស៊ី អះ​អាង​ថា ក្បាលម៉ាស៊ីន CNRP ច្បាស់លាស់ងាយស្រួលចរចាជាមួយសហគមន៍អន្ដរជាតិ

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ឯកភាពផ្ទៃក្នុងបក្ស និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ នឹងជួយឲ្យគណបក្សសង្គ្រោះជាតិងាយស្រួលក្នុងការចរចាជាមួយសហគមន៍អន្ដរជាតិ ដើម្បីបន្ថែមសម្ពាធមកលើរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​នា​ពេល​សព្វថ្ងៃ។

ក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃម្សិលមិញ​នេះ អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅឯ​ក្រៅប្រទេស និងបច្ចុប្បន្ន​លោក​អះអាងថា ជាប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី មានប្រសាសន៍ថា ការទទួលយកតំណែងស្ដីទីគណបក្ស គឺដើម្បីជួយស្រោចស្រង់គណបក្សសង្គ្រោះជាតិឲ្យដំណើរការឡើងវិញ ជំរុញឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងទប់ទល់នឹងយុទ្ធសាស្ដ្ររបស់បក្សកាន់អំណាច ដែលថា កំពុងព្យាយាមបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី អះអាងថា ការវិលមកដឹកនាំគណបក្សប្រឆាំងឡើងវិញនេះ នឹងជួយឲ្យគណបក្សសង្គ្រោះជាតិមានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ និងងាយស្រួលក្នុងការចរាចរជាមួយសហគមន៍អន្ដរជាតិ ស្របពេលលោក កឹម សុខា ស្ថិតនៅជាចំណាប់ខ្មាំងរបស់បក្សកាន់អំណាច និងមិនអាចធ្វើសេចក្ដីសម្រេចចិត្តណាមួយនោះ។

លោក សម រង្ស៊ី បន្ដថា៖ ​«ស្ថានការណ៍នេះ គឺតម្រូវឲ្យគណបក្សមានក្បាលម៉ាស៊ីន មានមេដឹកនាំ មានយុទ្ធសាស្ដ្រ មានយុទ្ធវិធី ចេះធ្វើសេចក្ដីសម្រេច បើយើងអត់មានក្បាលម៉ាស៊ីន ដើម្បីដើរតួនាទីនោះទេ គណបក្សស្ដូកតែហ្មង [] ហើយតួនាទីមួយសំខាន់ គឺនិយាយជាមួយសហគមន៍អន្ដរជាតិ។ សហគមន៍អន្ដរជាតិគេជួយយើង គឺម្ដងហ្នឹង ហ៊ុន សែន មិនអាចទប់ជាមួយសហគមន៍អន្ដរជាតិបានទេ»។

បន្ថែមលើសពីនេះ លោក សម រង្ស៊ី ក៏បានប្រកាសថា លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញនាពេលខាងមុខ ប៉ុន្ដែ លោកមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។

ក្នុងលិខិតចុះថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឋានៈជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ញើលិខិតមួយទៅប្រធានសភាអឺរ៉ុប លោក Antonio TAJANI Mep ដោយស្នើ​ទៅសហភាពអឺរ៉ុបឲ្យ​ចាត់វិធានការបន្ថែមទៀតមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដើម្បីជំរុញឲ្យមានដំណោះស្រាយនយោបាយសមស្របនៅកម្ពុជា ដូចជា ការដោះលែង លោក កឹម សុខា ជាបន្ទាន់ និងឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​សម្រេចរំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ