លោក ហ៊ុន សែន បដិសេធ​សំណើ​អាជីវកម្ម​ជីក​យក​រ៉ែ​ទីតានីញ៉ូម​នៅ​ខេត្ត​កោះកុង

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បើក​ពិធី​បុណ្យ​សមុទ្រ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ឯ​ខេត្ត​កោះកុង។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អាជីវកម្ម​រ៉ែ​ទីតានីញ៉ូម​នៅ​ខេត្ត​កោះកុង​នោះ​ឡើយ ដោយ​ថា ដើម្បី​ទប់​ស្កាត់​ការ​បំផ្លាញ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។

លោក ហ៊ុន សែន បាន​អះ​អាង​បែប​នេះ អំឡុង​ពេល​លោក​ថ្លែង​បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន សែន បាន​រៀបរាប់​ថា៖ «សម្ដេច​តេជោ​​នាយករដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ប្ដេជ្ញា​ការពារ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​ទីតានីញ៉ូម​ទេ ព្រោះ​វា​នឹង​បំផ្លាញ​ព្រៃ​ឈើ​អស់​ជាង ២​ម៉ឺន​ហិកតា ហើយ​នៅ​ពេល​កាយ​យក​រ៉ែ នោះ​វា​នឹង​បំផ្លាញ​បរិស្ថាន ធ្វើ​ឲ្យ​តឹក​សសមុទ្រ​ប្រែ​ពណ៌​តាមរយៈ​ការ​បង្ហូរ​ដី​ក្រហម​ចូល​ទៅ​ក្នុង​សមុទ្រ​ដែលនាំ​ឲ្យ​បាត់​បង់​សម្រស់​ធម្មជាតិ»

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ រ៉ែ​ទីតានីញ៉ូម​តម្លៃ​ប្រហែល ២២​ពាន់​លាន​ដុល្លារ ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​ជីផាត់ ស្ថិត​ក្នុង​ខេត្ត​កោះកុង។

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​បន្ថែម​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បាន​ស្នើ​គម្រោង​វិនិយោគ​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​ទីតានីញ៉ូម​នៅ​តំបន់​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ