សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ក្រោយសង្ស័យថា កាត់តវីដេអូរឿងជនជាតិចិនកាប់គ្នា

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន ដោយ​ត្រូវ​បាន​សង្ស័យ​ថា បាន​ផលិត​វីដេអូ​ក្លែង​ក្លាយ​អំពី​ចិន​កាប់​ចាក់​គ្នា​នៅ​កម្ពុជា។ រូបថត៖ នគរបាលជាតិ

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដោយ​ត្រូវ​បាន​សង្ស័យ​ថា បាន​កាត់​ត​វីដេអូ​ជន​ជាតិ​ចិន​មួយ​ក្រុម​កាន់​កាំបិត​ដេញ​កាប់​ចាក់​គ្នា។ នេះ​បើ​តាម​ការ​ផ្សាយរបស់​នគរបាល​ជាតិ។

វេបសាយអគ្គស្នងការនគរបាលជាតិបាន​ចុះផ្សាយ​កាលពីថ្ងៃម្សិលមិញថា កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អ៊ឹ​ង​ ហ៊ុម​ អាយុ ​២៨​ឆ្នាំ​ រស់​នៅ​ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ​ ដោយសង្ស័យ​ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំពុលសង្គម បន្ទាប់ពីបុរសរូបនេះបានកាត់តវីឌីអូមួយ ដែលបង្ហាញថា មានជនជាតិមួយក្រុមបានធ្វើសកម្មភាពកាប់ចាក់គ្នានៅរាជធានីភ្នំពេញ។​

អគ្គស្នងការនគរបាលជាតិបានដកស្រង់សម្ដីប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ លោក​​ ជា​ ពៅ មកចុះផ្សាយថា ការឈានដល់ការចាប់ខ្លួនបុរសឈ្មោះ អ៊ឹង ហ៊ុម នេះ គឺបន្ទាប់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅខេត្តសៀមរាប ដែលបានសារភាពថា បានទិញវីដេអូពីលោក អ៊ឹង ហ៊ុម នេះ។

អគ្គស្នងការនគរបាលជាតិ បាន​ចុះ​ផ្សាយ​បន្ត​ថា បុរសជាជនសង្ស័យបាន​សារភាព​ទទួល​ស្គាល់​ថា គាត់ពិតជាអ្នកកាត់តវីឌីអូនេះមែន ដោយថា មានគោលបំណងទាក់ទាញការចាប់អារម្មណ៍ឲ្យមានអ្នកចូលវីឌីអូរបស់គាត់ច្រើន។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ លោក​​ ជា​ ពៅ បានប្រកាសច្រានចោលជាថ្មីថា រឿងជនជាតិចិនដេញកាប់ចាក់គ្នានេះ មិនបានកើតឡើងក្នុងប្រទេសកម្ពុជានោះទេ និងថា ជាការបង្កឲ្យមានការភ័ន្ដច្រឡំ និងរើសអើងជាតិសាសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ