លោក​ ហ៊ុន សែន បញ្ជាឲ្យស្ដារមុខមាត់ខេត្តព្រះសីហនុឡើងវិញក្រោយផ្ទុះការរិះគន់

ក្រុមការងារខេត្តរៀបចំសម្រាប់​ពិធីបុណ្យ​សមុទ្រ​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ (រូប​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាទៅអភិបាលខេត្តព្រះសីហនុ និងរដ្ឋមន្ដ្រីមួយចំនួនឲ្យចូលរួមស្ដារមុខមាត់ខេត្តព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រកម្ពុជាឡើងវិញ បន្ទាប់ពីទទួលរងការរិះគន់ពីបញ្ហាអសន្ដិសុខ និងការបង្ហូរទឹកកខ្វក់ចូលសមុទ្រ។

ក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅឯខេត្តកោះកុង កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានបញ្ជាដោយផ្ទាល់មាត់ទៅអភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ឲ្យធ្វើយ៉ាងណាស្ដារមុខមាត់ខេត្តមួយនេះឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិស័យទេសចរណ៍កម្ពុជា ដូចជា ការបង្ក្រាបបទល្មើសផ្សេងៗ បញ្ហាគ្រឿងញៀន បញ្ហាបរិស្ថាន និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះបន្ថែមទៀត។

លោក ហ៊ុន សែន ថ្លែងថា៖ «ខេត្តព្រះសីហនុ ត្រូវតែខិតខំខ្លាំងជាងគេ ដើម្បីស្ដារមុខមាត់ ហើយបង្ក្រាបឲ្យខាតតែបានទៅលើពួកល្មើស មិនថា ពួកល្មើសនោះមកពីណានោះទេ ហើយពាក់ផ្កាយប៉ុន្មាន ខ.ម មិន ខ.ម ដឹងតែអាណាខុស ត្រូវតែដាក់អាហ្នឹងតែម្ដងទៅ កុំឲ្យវាលំបាកពេក [] សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឲ្យពួកគ្រឿងញៀន ពួកប្រព្រឹត្តខុសច្បាប់ ប្រើតំបន់មាត់សមុទ្រ ធ្វើសកម្មភាព​។ កិច្ចការនេះត្រូវខិតខំដោះស្រាយ»

ក្នុងពិធីនេះផងដែរ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យរដ្ឋមន្ដ្រីក្រសួងដែនដី លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ រួមគ្នាទប់ស្កាត់បញ្ហាបំពុលបរិស្ថាន និងរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដូចជា ទប់ស្កាត់ការចាក់ដីរំលោភចូលទឹកសមុទ្រ ការបង្ហូរទឹកកខ្វក់ និងសំរាមចូលក្នុងទឹកសមុទ្រជាដើម។

ខេត្ដព្រះសីហនុ បាន​ស្ថិត​ក្រោម​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ ខណៈ​ដែល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ទទួល​កំណើនជនជាតិចិនច្រើន បទល្មើសប្រព្រឹត្តដោយជនបរទេស បញ្ហាផ្ទះសំណាក់ឡើងថ្លៃ ការចាក់ដីលុបចូលសមុទ្រ និងបញ្ហាបង្ហូរទឹកកខ្វក់ និងសំរាមចូលសមុទ្រជាដើម។

សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា បានបង្ហោះវីដេអូមួយ​កាល​ពី​ដើម​ខែ​ធ្នូ​នេះ ដោយ​បាន​បង្ហាញអំពីផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលបង្ករឡើងដោយសារការបង្ហូរបំពង់ទុយោទឹកស្អុយចំនួន ២៩ ចូល​ឆ្នេរអូឈើទាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ