កម្មកររោងចក្រមួយនៅភ្នំពេញចោទថា ថៅកែជនជាតិចិនជួលជើងកាងវាយពេលពួកគេតវ៉ា

កម្មករមួយចំនួន បម្រើការងារនៅរោងចក្រ ស៊ីធី ស៉្បាក ខេមបូឌា ស្ថិតក្នុងភូមិកន្ទោក សង្កាត់កន្ទោក បាននាំគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារជាង១០ចំណុច កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ឃុត សុគន្ធ

កម្មករជិត១០នាក់បម្រើការងារនៅរោងចក្រមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ អះអាងថា ពួកគេត្រូវជនមួយក្រុមចេញពីក្នុងរោងចក្រប្រើហិង្សា​រមកលើខ្លួន ខណៈក្រុមកម្មករប្រមូលផ្តុំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារមុខរោងចក្រ។

កញ្ញា មាន សាមាត ជាកម្មករម្នាក់ក្នុងចំណោមកម្មករផ្សេងទៀតដែលបានរងអំពើហិង្សានេះ ប្រាប់ វីអូឌី ថាកាលពីម្សិលមិញកម្មករមួយចំនួន បម្រើការងារនៅរោងចក្រ ស៊ីធី ស៉្បាក ខេមបូឌា ស្ថិតក្នុងភូមិកន្ទោក សង្កាត់កន្ទោក បាននាំគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារជាង១០ចំណុច។

កម្មកររូបនេះបន្តថា ខណៈពេលក្រុមកម្មករតវ៉ាមុខរោងចក្រនិងព្យាយាមដើរចូលក្នុងរបងរោងចក្រនោះ ស្រាប់តែមានយុវជនមួយក្រុម ដែលកម្មករអះអាងថាជាក្រុមដែលថៅកែជួលឲ្យមកការពារររោងចក្រ បានប្រើហិង្សាលើក្រុមកម្មករឲ្យរងរបួសស្រាលជាច្រើនអ្នក។

កញ្ញាបន្ថែមថា៖ «ពួកខ្ញុំទាមទារហ្នឹងដូចជាលុយធ្វើដំណើរ លុយព្រីម និងលុយបាយ ពួកខ្ញុំតវ៉ារឿងអញ្ចឹងទេ ប៉ុន្តែ ថៅកែរោងចក្រមិនយល់ព្រមតាមពួកខ្ញុំ មិនដោះស្រាយឲ្យពួកខ្ញុំ ហើយពួកខ្ញុំក៏ចូលទៅតវ៉ា ហើយថៅកែរោងចក្រជួលពួកជើងកាង និងធ្វើរបងបិទមិនឲ្យពួកខ្ញុំចូល។ ពេលពួកខ្ញុំសុំចូល ពួកវាផឹកស្រាហើយក៏ហក់មកវាយកម្មករទៅ។ វាវាយហ្នឹងតែអ្នកដែលឈរឈ្មោះធ្វើសហជីពទេ ព្រោះរោងចក្រនេះថៅកែចិនគេមិនចង់ឲ្យមានសហជីពទេ»។

កម្មករម្នាក់ទៀតដែលអះអាងថាបានរងហិង្សាក្នុងហេតុការណ៍នោះដែរ កញ្ញា សារ៉ាត់ រ៉ាវី និយាយថា ថៅកែរោងចក្រ ស៊ីធីស៉្បាក ខេមបូឌា នេះ មិនបានគោរពច្បាប់ស្តីពីការងារនិងច្បាប់សហជីពនោះទេ ដោយកញ្ញាថា មានការរើសអើងសហជីព និងមានការគំរាមកំហែងកម្មករដែលចូលជាសមាជិកសហជីពថែមទៀត។

កញ្ញាបន្ថែមថា៖ «វាយខ្ញុំចំកន្លែងនេះ[ដើមទ្រូង]អុកគូថដាច់ផ្ងារហ្មង ដល់ពេលវាវាយខ្ញុំដួលអញ្ចឹង គ្នាខ្ញុំចាប់លើក ហើយឃើញគ្នាវាទាញដំបងមកវាយគ្នាខ្ញុំ តែយើងចាប់ខ្លះ ដំបងវាមានចប មានប៉ែល មានញញួរ មានទីប ហើយដំបងឈើសុទ្ធតែដែកគោល បើពួកខ្ញុំចាប់មិនបានទេ ដឹងថាមុតដែកគោលហ្នឹងហើយ ហើយត្រូវនឹងចបនិងបំពង់ទីបហើយ។ ខ្ញុំសូមឲ្យសម្តេច ហ៊ុន សែន ជួយពួកខ្ញុំផង ពួកខ្ញុំឈរតវ៉ាមុខរោងចក្រនេះប៉ុន្មានថ្ងៃហើយ ខាងរោងចក្រគេអត់ចេញមុខដោះស្រាយឲ្យខ្ញុំទេ»

ក្រុមកម្មករឲ្យដឹងថា ក្រោយរងអំពើហិង្សារួចមកនៅថ្ងៃនេះ ពួកគេបានដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុសិ៍្តសង្កាត់កន្ទោក ដើម្បីឲ្យចាត់វិធានការលើជនប្រើហិង្សានោះតាមផ្លូវច្បាប់ហើយ។

មន្រ្តីនគរបាលប៉ុសិ៍្តសង្កាត់កន្ទោកម្នាក់ដែលឈរឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករនៅថ្ងៃនេះ បានថ្លែងប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌមិនប្រាប់ឈ្មោះថា ប៉ុស្តិ៍នគរបាលរបស់លោកបានទទួលពាក្យបណ្តឹងពីក្រុមកម្មករហើយ។

នគរបាលរូបនេះ អះអាងថា សមត្ថកិច្ចនឹងធ្វើការលើរឿងនេះ ហើយថា បើដោះស្រាយមិនបានទេនឹងបញ្ជូនទៅថ្នាក់លើដោះស្រាយបន្តទៀត។

លោកបន្ថែមថា៖ «ខាងកម្មករបានដាក់ពាក្យបណ្តឹងទៅកន្លែងប៉ុស្តិ៍យើងរួចហើយ បើខាងខ្ញុំដោះស្រាយមិនបានទេ យើងត្រូវបញ្ជូនទៅថ្នាក់លើទៀត យើងរាយការណ៍បន្តទៀត»

វីអូឌីមិនអាចសុំការបកស្រាយពីភាគីរោងចក្របានទេជុំវិញការតវ៉ានិងការចោទប្រកាន់ថា ជួលជើងកាងឲ្យប្រើហិង្សាលើកម្មករ ខណៈកម្មករអះអាងថា នៅរសៀលថ្ងៃនេះមន្រ្តីក្រសួងការងារចុះដោះស្រាយដល់រោងចក្រ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានចាត់ទុកករណីប្រើហិង្សាលើកម្មករនេះជា ទង្វើរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ ហើយថា ករណីនេះមិនមែនទើបតែកើតឡើងនោះទេ។ លោកបានស្នើទៅសម្ថកិច្ចចាត់វិធានការទៅលើជនបង្កឲ្យខានតែបាន ដើម្បីកុំឲ្យករណីនេះកើតឡើងទៀត។

លោកបន្ថែមថា៖ «នេះគឺជារឿងមួយ ដែលអយុត្តិធម៌បំផុតសម្រាប់កម្មកររបស់យើង ដែលអាជ្ញាធរតែងតែមើលរំលងទៅលើសិទ្ធិនិងការលំបាករបស់គាត់។ ជាក់ស្តែង យើងមើលឃើញហើយ ពេលដែលគាត់មានបញ្ហាអត់ត្រូវបានដោះស្រាយនោះគាត់មានទុក្ខមួយហើយ។ នៅពេលដែគាត់ចេញតវ៉ា ត្រូវបានគេរំលោភទៀតផ្សេងៗ ជាពិសេសការបង្កហិង្សាផ្សេងៗហ្នឹង។អញ្ចឹង យើងស្នើឲ្យអាជ្ញាធរហ្នឹង ត្រូវចាត់ការឲ្យខានតែបានទៅលើជនល្មើស។ បើមន្រ្តីបញ្ជាត្រូវចាប់មន្រ្តីនោះដាក់គុក បើថៅកែក្រុមហ៊ុនត្រូវចាប់ថៅកែក្រុមហ៊ុននោះដាក់គុកទៅ ព្រោះនេះជាការបញ្ជាឲ្យប្រើហិង្សារ»

កាលពីខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឮកទៅអាជ្ញាធរពាក់ព័ន្ធត្រូវទប់ស្កា​ត់​កុំ​​ឲ្យមា​នជើងកាងនៅតាមរោងចក្រដូចពេលមុនៗទៀត ដោយថា ដើម្បី​ធានាប្រ​យោ​​ជ​ន៍និងសុវត្ថិភាពការងាររបស់​ក​ម្ម​ករ។

លោកបន្ថែមថា៖ «មិនអាចឲ្យមានរោងចក្រ ដែលមានសុវត្ថិភាពការងារដោយមានបងតូចបងធំ ដែលកាប់គ្នា ដោយដាវសាមារ៉ៃ ឬកាប់គ្នាដោយកាំបិតនោះទេ»

កម្មករឲ្យដឹងថា រោងចក្រ ស៊ីធី ស្ប៉ាក ខេមបូឌា នេះ មានកម្មករជាង៥០០នាក់កំពុងបម្រើការងារ និងមានថៅកែជាជនជាតិចិន ហើយថា ថៅកែរូបនោះមិនចង់ឲ្យមានសហជីពនៅក្នុងរោងចក្ររបស់ខ្លួនឡើយ។

បើតាមញត្តិក្រុមកម្មករបានទាមទារលក្ខខណ្ឌការងារជាង១០ចំណុច ដូចជា ទាមទាមកុំឲ្យមានការរើសអើង សហជីព ការបញ្ឈប់ការកម្មករដោយគ្មានមូលហេតុ បញ្ឈប់ការគំរាមកំហែងមកលើកម្មករនិងលក្ខខណ្ឌផ្សេងៗ ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ