បទយកការណ៍៖ ពលរដ្ឋព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​នៃ​ឱសថ​ក្លែង​ក្លាយ និង​ខូច​គុណភាព

ឱសថស្ថានមួយកន្លែង នៅម្ដុំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ឱសថស្ថាន ឬ​ក៏​ហាង​លក់​ឱសថ​វេជ្ជសាស្ត្រ​ បាន​កើត​ឡើង​រីក​​ដុះ​ដាល​ព្រោង​ព្រាត និង​កាន់​តែ​កៀក​ទៅ​នឹង​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ឱសថ​ទាំង​នោះ នៅ​ពេល​ពួកគេ​យល់​ថា ពួកគេ​មាន​អការៈ​ធ្លាក់​ខ្លួន​ឈឺ ឬ​មិន​ស្រួល​ខ្លួន។

ប៉ុន្តែ ភាព​ងាយ​ស្រួល​នៃ​រក​ទិញ​ឱសថ​នៅ​តាម​ឱសថ​ស្ថាន​នាន​នៅ​ទូទាំង​ប្រទេស ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឈម​មុខ​នឹង​ឱសថ​ក្លែង​ក្លាយ ដែល​ពួកគេ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ ខណៈ​ដែល​ពួកគេ​ទៅ​រក​ទិញ​ឱសថ​ដោយ​ពុំ​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។

ទើប​តែ​ដើរ​ចេញ​ពី​ឱសថស្ថាន​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​បឹងកេងកង បុរស​មាឌ​តូច​សម្បុរ​ខ្មៅ​ស្រអែម​ម្នាក់ បាន​ប្រាប់​​ថា លោកមាន​ឈ្មោះ ប្រាក់ សុធី ហើយ​លោក​​បាន​ទៅ​រក​ទិញ​ឱសថ​ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ និង​វេជ្ជ​បញ្ជា​ចេញ​ពី​​វេជ្ជ​បណ្ឌិត​ឯកទេសនោះ​ឡើយ បន្ទាប់​ពី​គាត់​គ្រាន់​តែ​សន្និដ្ឋាន​ថា គាត់​មាន​ជំងឺ​គ្រុន​ផ្ដាសាយ។

ដើម្បី​ទិញ​ឱសថ​បាន បុរស​អាជីវករ​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​គ្រាន់​តែ​ប្រាប់​អការៈ​របស់​លោក​ទៅ​អ្នក​លក់​ឱសថ​អំពី​អការៈ​រាង​កាយ​របស់​លោក ហើយ​បន្ទាប់​មក ​លោក​នឹង​ទទួល​បាន​ឱសថ​ទៅ​តាម​សភាព​អការៈ​រាង​កាយ​របស់​លោក។

នៅ​ពេល​ត្រូ​វបាន​សាក​សួរ​ថា តើ​លោក​បាន​ដឹង​ថា ឱសថ​នៅ​ក្នុង​ដៃ​របស់​លោក ជា​ឱសថ​ក្លែង​ក្លាយ ឬ​ក៏​ជា​ឱសថ​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ លោក សុធី បែរ​ជា​បង្ហាញ​ក្ដី​បារម្ភ​ទៅ​វិញ​ថា លោក​ពុំ​អាច​បែង​ចែក​បញ្ហា​នេះ​បាន​ទាល់​តែ​សោះ។

បុរសវ័យ​៥២​ឆ្នាំរូបនេះ ប្រាប់​ថា​៖ «ព្រួយបារម្ភតើ ធ្វើម៉េចយើងឈឺហើយ ត្រូវរកថ្នាំ វាមានតែផ្ដាសាយថែម។ ខ្លាចទី១ ប៉ះពាល់សុខភាពយើង ពេលប៉ះពាល់សុខភាពទៅ ជំងឺកាន់តែធ្ងន់ៗឡើង។ យើងមានលុយណាព្យាបាល ដូចខ្ញុំប្រកបមុខរបរអញ្ចឹង មានលុយណាព្យាបាល។ ឧទាហរណ៍ ជំងឺតូចតាច លេបទៅប៉ះចំឱសថក្លែងក្លាយ ធំកាន់តែធំៗទៅ វាអញ្ចឹង!»។

មិន​មែន​តែ​លោក សុធី ​ទេ​ដែល​បារម្ភ​អំពី​ឱសថ​ក្លែង​ក្លាយ​​ត្រូវ​បាន​នាំ​ចូល ចែក​ចាយ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា អាជីករម្នាក់ទៀតដែលកំពុងអីវ៉ាន់​នៅម្ដុំបឹងសាឡាង អ្នកស្រី​មាន​ឈ្មោះ​ថា ជឹម រស្មី អាយុ ៤៨​ឆ្នាំ ក៏​បង្ហាញ​នូវ​ក្ដី​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​នៃ​ឱសថ​ក្លែង​ក្លាយ​ចំពោះ​សុខភាព​អ្នក​ប្រើ​ប្រាស់​ទូទៅ​ដូច​គ្នា។

អាជីវករ​រូប​នេះ បាន​រំឭក​ឡើង​វិញ​អំពី​បទ​ពិសោធន៍​នៃ​ការ​ស្វែង​រក​ទិញ​ឱសថ​មក​ប្រើ​ប្រាស់​នា​ពេល​កន្លង​មក​ថា អ្នកស្រីបានទៅទិញថ្នាំពេទ្យនៅឱសថស្ថានមួយកន្លែងជិតផ្សារដើមគរ បន្ទាប់ពីអ្នកស្រីមានអការៈគ្រុនក្ដៅ ប៉ុន្តែ ក្រោយពេលពិសារ​ថ្នាំ​នោះ​រួច​មក គាត់បែរជាមានអការៈក្ដៅខ្លួន​កាន់តែធ្ងន់ធ្ងរជាងមុនទៅវិញ។

អ្នកស្រីថា៖ «ទិញមកផឹកទៅប៉ះធ្វើទុក គ្រាន់តែក្ដៅផ្ដាសាយ។ យើងបា្រប់ថា យើងឈឺក្បាល ក្ដៅផ្ដាសាយ ហៀរសំបោអញ្ចឹង ដល់អញ្ចឹងគេដាក់ឲ្យ ដាក់ឲ្យដល់ពេលលេបតែមួយលេបសោះ​ ធ្វើទុក្ខ​ខ្លួនភ្លាម មិនជាថ្នាំអី មិនដឹង គេផ្សំដាក់ឲ្យថ្នាំអី ដាក់មកធ្វើទុក្ខ​ក្ដៅរងា។ អាយើងឈឺធម្មតា ទៅជាលើសដើមម៉ង»

ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ និងគ្រូពេទ្យមួយចំនួន មិនបានដឹងថា ឱសថដែលខ្លួនបានទិញយកទៅប្រើប្រាស់ និង​ដាក់​លក់​នោះ ជាឱសថពិត ឬក្លែងក្លាយនោះទេ ហើយ​លោក​ព្រមាន​អំពី​ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​មនុស្ស​។

​​លោក​វេជ្ជ​បណ្ឌិត អ៊ួច វុទ្ធី ប្រាប់​ថា​ ការ​ប្រើ​ប្រាស់​ឱសថ​ក្លែង​ក្លាយ ជាពិសេស​ថ្នាំ​គ្រាប់ បង្ក​ផល​ប៉ះ​ពាល់​រយៈ​ពេល​យូរ​ទៅ​ដល់​សុខភាព ដូចជា បង្ក​ជា​ជំងឺ​មហា​រីក​ក្រពះ ពោះ​វៀន ក្បាល និង​ថ្លើម​ជា​ដើម។ ក្រៅ​ពី​ប្រភេទ​ថ្នាំ​គ្រាប់​ក្លែង​ក្លាយ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ឱសថក្លែង​ក្លាយ​ជា​ប្រភេទ​សេរ៉ូម នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ភ្លាមៗ

លោកថា៖ «កន្លែងហ្នឹង យើងត្រូវចេះមើលខ្លួនឯង បើថ្នាំសុទ្ធយើងលាយទឹក យើងក្រឡុកមើល វាភ្លឺថ្លាដូចកញ្ចក់តែម្ដង អាហ្នឹងបានន័យថា យើងចាក់គាត់បានហើយ អត់អាចគ្រោះថ្នាក់ទេ តែបើមានកករ កង្វក់នៅក្នុងហ្នឹង អត់អាចចាក់បានទេ។ អាហ្នឹងចាំសួរក្រុមហ៊ុន យើងទិញពីណាមក។ អាហ្នឹងអញ្ចឹង គ្រូពេទ្យត្រូវមានបទពិសោធន៍ខ្លួនគាត់រៀងៗខ្លួន កន្លងទៅមា​នគ្រូទេព្យខ្លះសងគេរាប់ម៉ឺន​​ ចាក់ថ្នាំគេស្លាប់ អាហ្នឹងដោយសារ ថ្នាំក្លែងក្លាយអាហ្នឹង»

ទាំង​អាជីវករ និង​​វេជ្ជ​បណ្ឌិត សុទ្ធ​តែ​ស្នើ​ទៅ​អាជ្ញាធរ​ឲ្យ​ត្រួត​ពិនិត្យ​លើ​ការ​នាំ​ចូល​ឱសថ​ឲ្យ​បាន​តឹង​រឹង និង​ចាត់​វិធានការ​ធ្ងន់​ទៅ​លើ​មន្ត្រី​ណា ឬ​បុគ្គល​ពាក់​ព័ន្ធ​នឹង​ការ​អនុញ្ញាត ឬ​នាំ​ចូល​នូវ​ឱសថ​ក្លែង​ក្លាយ​មក​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី ជឹម រស្មី ប្រាប់​បន្ថែម​ថា៖ «រដ្ឋាភិបាលគួរគិតគូរឲ្យខ្លាំងមែនទែនតាមគ្លីនិច ព្រោះអីដូចសម្លាប់ប្រជាជនយើងអញ្ចឹង។ អស់លុយហើយ ខាតពេលវេលា។ អញ្ចឹង បានគ្រាន់តែថា ស្នើឲ្យរដ្ឋាភិបាលធ្វើម៉េច រឹតបន្តឹងឲ្យមែនទែនអាថ្នាំហួសគុណភាព កុំឲ្យចេះតែកេងចំណេញ។ អ្នកក្រគ្នាមិនដឹង ចេះតែទៅផ្សំហើយ ផ្សំកន្លែងតូចតាច»

ប្រធានលេខាធិការដ្ឋាននៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ លោក លាវ សុផាន់​ណារិទ្ធិ មានប្រសាសន៍ថា ឱសថក្លែងក្លាយ និងខូចគុណភាព ដែលអាជ្ញាធរចុះបង្រ្កាប និងដកហូតកន្លងមក គឺនាំមកពីប្រទេសផ្សេងៗ ប៉ុន្តែ លោកថា បច្ចុប្បន្ន អាជ្ញាធរកំពុងចុះត្រួតពិនិត្យនៅតាមក្រុមហ៊ុន និងឱសថស្ថាននានា ដើម្បី​ធានា​គុណភាពឱសថ​វេជ្ជសាស្ត្រ​ទាំងអស់នោះ។

លោកថា៖ «វាមានច្រើន ដែលយើងចូលទៅ​ឆែកនៅឃ្លាំមួយចំនួន មាននៅទីក្រុងភ្នំពេញ វាមានប្រភពមកពីច្រើន នៅក្នុងឃ្លាំមកពីប្រទេសផ្សេងៗ​មិនមែនមកពីតែមួយប្រទេស​  វាតាមប្រភេទថ្នាំ ហើយថ្នាំនឹងវាខូចសុពលភាព ។ ថ្នាំខ្លះអាចជាថ្នាំសុទ្ធតែវាអត់មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល  ហើយមួយចំនួនទៀតដែលរកឃើញគឺវាផុតការបរិច្ឆេទ ថ្នាំហួសដេឡេ»

លោកណែនាំទៅប្រជាពលរដ្ឋឲ្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុន មុន​នឹងទៅទិញថ្នាំនៅតាមឱសថស្ថាន និងគ្លីនិកមួយចំនួន ដោយថា អ្នកលក់ថ្នាំនៅតាមឱសថស្ថាននីមួយៗ មិនមានជំនាញច្បាស់លាស់នោះទេ។

លោកថា៖ «ប្រជាពលរដ្ឋ ឬក៏សាធារណជនដែលគាត់មានជំងឺហ្នឹង គួរទៅពិគ្រោះជាមួយ​វេជ្ជបណ្ឌិត មុននឹងគាត់ចេញវេជ្ជបញ្ជាជូនឲ្យ​ច្បាស់​លាស់ ហើយស្ថានភាព​ជំងឺហ្នឹង ត្រូវមានការពិនិត្យឲ្យបានច្បាស់លាស់ ព្រោះអីពួកគាត់មួយចំនួន ប្រជាពលរដ្ឋ ពេលគាត់មានជំងឺ គាត់ទៅឱសថស្ថាន អត់ពិនិត្យឈាម ពិនិត្យសុខភាពឲ្យបានច្បាស់លាស់ថា គាត់ឈឺអី»

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងនាំចូល និងចែកចាយឱសថមួយកន្លែង នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងការចុះបង្រ្កាបនោះ អាជ្ញាធរបានរកឃើញឱសថក្លែងក្លាយ និងខូចគុណភាពចំនួន៣៥ប្រភេទ។​

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ ឲ្យ​ចូលរួម​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​ខូច​គុណភាព​ ដោយថា ឱសថ​ក្លែងក្លាយ​បាន​បង្ក​​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ប្រើប្រាស់ ដែល​ឱសថ​ទាំង​នោះ​​ ភាគ​ច្រើនត្រូវ​បាន​​ដាក់​លក់​អនឡាញ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់ ​ពីព្រោះ​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​ធ្វើ​ឲ្យ​អាជ្ញាធរ​​ពិបាក​គ្រប់គ្រង។

លោកថា៖ «ខ្ញុំ​គិត​ថា​ នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ឲ្យ​ក្លាយ​ជា​ចរន្ត​អន្តរជាតិ ព្រោះ​យើង​នៅ​ទីនេះ ​មាន​ក្រុម​ហ៊ុន​ផលិត​ប៉ុន្មាន ​មាន​ប្រទេស​ប៉ុន្មាន ប៉ុណ្ណេះ​វា​មិន​គ្រប់​គ្រាន់​ទេ? ទាល់​តែ​ទៅ​ទាំង​មូល​រួម​គ្នា​តែ​ម្ដង ទាំង​ប្រទេស​ផលិត​ និង​ប្រទេស​មិន​ផលិត»

ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨  គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​បានចុះបង្ក្រាប ​និងដក​ហូត​ជា​បណ្តោះ​អាសន្ន​នូវ​ផលិតផល​ឱសថ​ខុស​ច្បាប់ និង​អន់​គុណភាពបានចំនួន ៤០តោន ដែលឱសថទាំងអស់នោះបង្កគ្រោះថ្នាក់ខ្ពស់ដល់​សុខភាព និងសុវត្ថិភាពសង្គម។

យោងតាមមាត្រា ៦៤ នៃច្បាប់រដ្ឋធម្មនុញ្ញចែងថា រដ្ឋត្រូវហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់លើជនដែលនាំចូល ឬផលិតទំនិញក្លែងក្លាយ ប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់។

កាលពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​នាយក​ក្រុមហ៊ុន Zuelling Pharma ប្រចាំ​កម្ពុជា ​លោក Jean Gaetan បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​ ក្នុង​ចំណោម​ថ្នាំ​ចំនួន ​១០​ប្រភេទ​​នៅ​ទូទាំង​ពិភពលោក​ មាន​ថ្នាំ​ក្លែងក្លាយ ​៧​ប្រភេទ​ហើយ ​ដែល​នៅ​លាយ​ឡំ​ជា​មួយ​ថ្នាំ​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​រង​គ្រោះ​ ឆាប់​ជឿ និង​យក​មក​ប្រើ​ប្រាស់។

លោក​បន្ថែម​ថា ក្នុង​ ១​ឆ្នាំ​ ពល​រដ្ឋ​ជាង ​១លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​កា​រ​ប្រើប្រាស់​ថ្នាំ​ក្លែង​ក្លាយ​នេះ​ ក្នុង​នោះ​មាន​ប្រជាជន​កម្ពុជា​ជាង​ ២ពាន់​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ