លោក ស ខេង ហៅ​សម្ដី​អតីត​មេ​បក្ស​ប្រឆាំង​​ថា មូល​បង្កាច់ និង​ភូត​ភរ​កុហក

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ៕ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​បាន​និយាយ​ថា ​លោក​មាន​គម្រោង​បំបែក​ខ្លួន​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ​ថ្មី​នេះ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ថ្លែង​តាម​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ថា លោក ស ខេង កំពុង​រៀបចំ​បែក​ពី​លោក ហ៊ុន សែន នៅ​ឆ្នាំ​២០១៩​ខាង​មុខ។

លោក សម រង្ស៊ី ក៏​បាន​រៀបរាប់​បន្ត​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ព្រឹត្តិការណ៍​មួយដ៏សំខាន់ នឹងផ្ទុះឡើងក្នុងឆ្នាំ ២០១៩ ពីព្រោះ ហ៊ុន សែន ចង់ដាក់កូនប្រុសគាត់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ»

ប៉ុន្តែ លោក ស ខេង បាន​​បដិសេទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ដោយ​ហៅសម្ដី​ចោទ​ប្រកាន់​នោះ​ថា ជា​ការ​មូល​បង្កាច់​លើ​រូប​លោក។

ទំព័រ​ហ្វេសប៊ុក​លោក ស ខេង រៀបរាប់​នៅ​ថ្ងៃ​នេះ​ថា​៖ «ខ្ញុំសូមបញ្ជាក់ថា ខ្លួនខ្ញុំផ្ទាល់បានរួមការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈដើម្បីដោះស្រាយបញ្ហាជាតិ ជាង ៤០ឆ្នាំកន្លងមកហើយ»

លោក សម រង្ស៊ី ដែល​ធ្លាប់​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ស ខេង ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​ច្រើន​អំឡុង​​ឆ្នាំ​២០១៥ នៅ​ក្នុង​ជំនួប​ជាច្រើន​លើក​ដែល​ឈាន​ទៅ​ដល់​ការ​កែប្រែ​ច្បាប់​នានា​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ