តារា៣ដួងរួមគ្នាផលិតភាពយន្តខ្នាតធំមួយ ដោយមិនយកប្រាក់សម្តែង ព្រមទាំង​​​​​​​​រ៉ៃអង្គាសប្រាក់គ្នាថែម

អ្នកនាង​​ទូច ស្រីលក្ខណ៍ លោក ម៉េង ប៊ុនឡូ និងកញ្ញា ញឹម ចាន់ថន ក្នុងវេទិកាសន្និសីទកាសែត​កាលពីថ្ងៃទី​​៣០ ខែធ្នូ ស្ដីពីគម្រោងបង្កើត​និងសម្ដែងក្នុងរឿង​​​ «ចិញ្ចៀន​»

​ចាត់ទុកជាលើកទី​១ដែល​​តារា​៣ដួងបានមូលមតិគ្នាផលិតភាពយន្ត​​ខ្នាតធំ ដោយ​ស្ម័គ្រចិត្តសម្ដែង​មិនយកថវិកា ​ហើយថែមទាំង​​រ៉ៃអង្គាសប្រាក់​គ្នា​​​​​​​ដើម្បីបានទុនផលិតភាពយន្តមួយ​​ ដើម្បីប្រជែងទីផ្សារទៅទៀត។

លោក ម៉េង ប៊ុនឡូ អ្នកនាង​​ទូច ស្រីលក្ខណ៍ និងកញ្ញា ញឹម ចាន់ថន សុទ្ធតែបានប្រកាសថា ​ខ្លួនសម្ដែងក្នុងរឿង​​​ «ចិញ្ចៀន​» ដែលគ្រោង​ដាក់បញ្ចាំងនៅ​​​ថ្ងៃទី​៣មករា ដោយមិនទទួលយកប្រាក់កាក់ ហើយ​​​​​​​ថែមទាំង​ក្នុងម្នាក់ៗចំណាយ​​អស់​​​​​រាប់ម៉ឺនដុល្លារ​​​​​ ទម្រាំតែស្នាដៃនេះ​​​​​លេចចេញជាភាពយន្តខ្នាតធំទៀត។

​​លោក ម៉េង ប៊ុនឡូ បានថ្លែងក្នុងវេទិកាសន្និសីទកាសែត​កាលពីថ្ងៃទី​​៣០ ខែធ្នូ ​ថា ​​ដោយសារតែមានបំណង​ចង់បញ្ចេញស្នាដៃ​​​​​ដោយមិនចំណាយ​ទុន​​​​​​​បើក​ជា​​ផលិតកម្ម ​ទើបលោក​ពិភាក្សាជាមួយមិត្តភ័ក្រ្ត គឺអ្នកនាង ទូច ស្រីលក្ខណ៍ និង​កញ្ញា ញឹម ចាន់ថន រួម​គ្នា​​​​​​​ចូលហ៊ុន​ដើម្បីផលិតរឿងបន្ទាប់ពីលោកនិពន្ធ​​​​សាច់រឿង​​​ក្រោមចំណងជើងថា ​​«​ចិញ្ចៀន» ហើយមានការឯកភាពសាច់រឿងពីដៃគូទាំងពីរ។ លោកថា ខ្លួនបាន​ព្រមព្រៀង​ដាក់ហ៊ុន​​១០០ភាគរយ ដោយលោក​​​​ចេញ​​​​​​​​ម្នាក់ឯង​​៥០ភាគរយ ​​​​​​ហើយ​​​​​​​តារា​​ស្រី​២ដួង គឺ ​​ទូច ស្រីលក្ខណ៍ និង ញឹម ចាន់ថន ​​ទទួលខុសត្រូវក្នុងម្នាក់​​​២៥ភាគរយ។

លោក ម៉េង ប៊ុនឡូ និងកញ្ញា ញឹម ចាន់ថន ក្នុងវេទិកាសន្និសីទកាសែត​កាលពីថ្ងៃទី​​៣០ ខែធ្នូ ស្ដីពីគម្រោងបង្កើត​និងសម្ដែងក្នុងរឿង​​​ «ចិញ្ចៀន​»

បន្ទាប់ពីមាន​ការឯកភាព​គ្នានោះហើយ ទើបលោកនិង​ដៃគូភាគហ៊ុន​ ដាក់សំណើរសុំជ្រកក្រោមស្លាកផលិតកម្មចក្រវាឡ ហើយត្រូវ​​ថៅកែផលិតកម្មមួយនេះយល់ព្រមអោយ​​ដាក់​​​ថាជារឿង​​របស់​ផលិតកម្ម ដោយបានទាំងជ្រោមជ្រែងនូវសម្ភារ ស្ទីឌីយោ និង​ថវិកា​ផលិតមួយចំនួនផង។

លោកថា​ នេះជាវិធីតែមួយគត់ ដែលជួយអោយ​​​​តារា​សម្ដែងដូចលោកនិង​ដៃគូភាគហ៊ុន ដែល​មានគំនិត​ផលិតរឿងអាចដំណើរការផលិតរឿងទៅ​​បាន ដើម្បីបញ្ចេញស្នាដៃកុំអោយ​គេថា​​​​​តារាស្រុកខ្មែរ​​មិនមា​នអ្វីសោះក្រៅតែពីរង់ចាំគេហៅសម្ដែង​​នោះ។

លោក ម៉េង ប៊ុនឡូ បាននិយាយថា៖ ​«​ការពិតតារា​ខ្មែរច្រើនណាស់ ដែលមាន​គំនិត ហើយមានសមត្ថភាព​អាច​​ធ្វើរឿងល្អៗបាន ប៉ុន្តែ មកពីគ្នាខ្វះការជ្រោមជ្រែង ហើយអត់ដើមទុន ទើប​​​គំននិតទាំងនោះមិនត្រូវបានបញ្ចេញ អ៊ីចឹងហើយទើប​ពួកខ្ញុំ (ម៉េង ប៊ុនឡូ, ទូច ស្រីលក្ខណ៍ និង ញឹម ចាន់ថន)​ សម្រេចចិត្ត​ប្រមូលគ្នាបាន​​ជាង​​​៤ម៉ឺនដុល្លារ ហើយចេញផលិតរឿងនេះ​»

លោក​​​ ម៉េង ប៊ុនឡូ ថាការចំណាយដែលបានប្រកាសឡើង មិនបានរាប់បញ្ចូល​លើ​​​​សម្ភារថតកុនដែលលោកមានស្រាប់តាំងពីពេល​​បើក​​អាហ្វែរជួល​ឆាកតន្ត្រី និង​ថត​កម្មវិធីនោះទេ ខណៈដែលលោក និង​​តួអង្គ​សម្ដែងក្នុងរឿងរួមមាន ​ទូច ស្រីលក្ខណ៍ និង ញឹម ចាន់ថន គឺសម្ដែង​មិនគិតប្រាក់ទៅទៀត។ បើរាប់បញ្ចូលទាំង​​​បញ្ហានេះ លោកថា ​​ភាពយន្តរឿង ​«ចិញ្ចៀន» ចំណាយ​អស់ច្រើនម៉ឺន ជាពិសេស​​តម្លៃតួសម្ដែង​​​​ដែល​​​​​​ខ្លះ​​​ស្ទើរតែ​ថតឲ្យលោក​យកតែថ្លៃសាំង​​ព្រោះមានការ​យោគយល់។

អ្នកនាង​​ទូច ស្រីលក្ខណ៍ និង លោក ម៉េង ប៊ុនឡូ ក្នុងវេទិកាសន្និសីទកាសែត​កាលពីថ្ងៃទី​​៣០ ខែធ្នូ ស្ដីពីគម្រោងបង្កើត​និងសម្ដែងក្នុងរឿង​​​ «ចិញ្ចៀន​»

​​​ភាពយន្តនេះ​​ចំណាយ​ពេលថត​ប្រមាណជិតមួយឆ្នាំ ដោយគ្រាន់តែចំណាយពេលថតនៅខេត្តព្រះវិហារប្រមាណជាង​​​២ខែ និងទៅ​​ខេត្តផ្សេងទៀត ដូចជា​​​​តំបន់​ព្រៃ និងទឹកជ្រោះក្នុងខេត្តកំពង់ស្ពឺ កំពត និងកំពង់ចាម ដែល​​​មនុស្សភាគច្រើនមិនសូវ​ស្គាល់ ក៏ចំណាយ​​មួយកន្លែងច្រើនសប្ដាហ៍ ដើម្បី​​បាន​​ផ្ដិតយកទេសភាពស្អាតៗ និង​ទាក់ភ្នែក​​​ក្នុងពេលដាក់បញ្ចាំង។ ក្រៅពី​​មានឈុតឆាក​កំប្លែង លង​បះសក់​ភ័យរន្ធត់ និងស្នេហា​​​​​​រ៉ូមេនទិក ​​​​​ផ្ទៃរឿងទាំងមូលក៏មានបង្ហាញពីកីឡាល្បុក្កតោ និង​​​​ទេសភាពស្រុកខ្មែរ​ដែល​​មនុស្ស​​កម្រឃើញ ទើបភាពយន្តមួយនេះរំពឹង​​ថា​​នឹងទទួល​ជោគជ័យ។

ជាមួយនឹងការលើកឡើងរបស់​លោក ម៉េង ប៊ុនឡូ ធ្វើឲ្យគេមើលឃើញពីកម្លាំងសាមគ្គីគួរអោយសរសើរ​ ​​​​ខណៈដែលតារា​​​​ទាំង​​៣ដួង អាច​​​មូល​គំនិតគ្នា​ហើយ​​​​​​ធ្វើឲ្យលេច​ចេញនូវភាពយន្តខ្នាតធំមួយ​​​ទៅបាន បើទោះជាអ្នកទាំងបីមិនមាន​ផលិតកម្ម និង​មិនមានធនធាន​​​​​ស្ដុកស្ដម្ភ​ដូចផលិតករផ្សេងទៀត។

ផលិតករទាំង​៣បញ្ជាក់ថា នេះជាភាពយន្ត​​​ញើសឈាម ដែល​​​​​​​​​​​​ម្ចាស់ភាគហ៊ុនសម្ដែង​អត់បានសូម្បី​មួយរៀល ហើយ​​ចំណាយ​លុយ​ក្នុងម្នាក់អស់ដល់ម៉ឺនដុល្លារទម្រាំតែបាន​ថតចប់​។

លោក​ ម៉េង ប៊ុនឡូ បន្តថា បើភាពយន្តនេះ​ទទួលជោគជ័យ​​​​ នោះនឹង​​ផលិត​​​វគ្គ២​​​​ដោយកម្លាំង​​​​ភាគហ៊ុនរួមគ្នាភ្លាមៗ ប៉ុន្តែ​​បើ​​​​បែរជាមានហានិភ័យ ក៏នឹងបន្តផលិតនោះដែរដោយគ្រាន់តែត្រូវដំអក់​​រង់ចាំ​សន្សំ​លុយសិន ​​​ដោយសារតែដើមសម្រាប់​ផលិតក៏មិនមែនជាលុយ​​​សល់ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ