កម្មករ​រោងចក្រ W&D រក​អន្តរាគមន៍​ពីលោក ហ៊ុន សែន ក្រោយតវ៉ា១សប្តាហ៍គ្មានដំណោះស្រាយ

កម្មករប្រមាណ ១០០នាក់ក្នុងចំណោមកម្មករជិត ២ពាន់នាក់ ដែល​បម្រើការងារនៅរោងចក្រ W&D ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំទៅលោក ហ៊ុន សែន ឲ្យ​ជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ពួកគេ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

កម្មករប្រមាណ ១០០នាក់ក្នុងចំណោមកម្មករជិត ២ពាន់នាក់ ដែល​បម្រើការងារនៅរោងចក្រមួយ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីនៅថ្ងៃនេះ ដើម្បីសុំទៅលោក ហ៊ុន សែន ឲ្យ​ជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ពួកគេ។

កម្មករជិត ២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់មានជ័យ បាននាំគ្នាតវ៉ារយៈពេល ១សប្តាហ៍ហើយ ដើម្បីទាមទារ​ទៅថៅកែ ឲ្យ​បើកប្រាក់អតីតភាពការងារ។

កម្មករម្នាក់ អ្នកស្រី ជា សុខា ប្រាប់ វីអូឌី ក្រោយដាក់ញត្តិថា ក្រុមកម្មករសម្រេចទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយ ដោយសារតែការតវ៉ារយៈពេលប៉ុន្មានថ្ងៃនេះ ពុំទទួលបានដំណោះ​ស្រាយ។

អ្នកស្រីអ្នកបន្ថែមថា៖ «ច្បាប់សម្រាប់ឆ្នាំថ្មីនេះ គឺពួកខ្ញុំព្រមទទួលយកទាំងអស់ ប៉ុន្តែ ពួកខ្ញុំសូមឲ្យលោកនាយករដ្ឋមន្រ្តីសម្រួលដល់កម្មករដែលអតីតភាពការងារយូរឆ្នាំពីមុនមកបួនដប់ ឬដប់ពីរ ឬដប់បីឆ្នាំនោះ ឲ្យពួកគាត់បានផលប្រយោជន៍របស់ពួកគាត់ទាំងអស់មុនគាត់លាឈប់ថ្ងៃណាមួយ។ ការបង់រំលោះ ពួកខ្ញុំមិនអាចទទួលយក​បានទេ ពីព្រោះ​យើងមិនដឹងថា យើងស្លាប់ពេលណាទេ? យើងអត់ដឹងថា យើង​ស្លាប់ពេលណាមែនហេ? ប៉ុន្តែ ពេលច្បាប់នេះចេញមក បើខ្ញុំស្លាប់ទៅ ខ្ញុំទទួលបានតែប្រាក់ខែខ្ញុំចុង​ក្រោយទេ។ ចុះប្រាក់អតីតភាព​ការងារដែលពួកខ្ញុំខំតស៊ូ​រាប់ឆ្នាំនោះបានអត់? អត់ទេ។ អញ្ចឹង វាអយុត្តិធម៌សម្រាប់ខ្ញុំចាស់ៗណាស់»

កម្មករ​ម្នាក់ទៀត​វ័យ៤៨ឆ្នាំ អ្នកស្រី ឈាង វណ្ណា ដែលអះអាងថា បម្រើការងារនៅរោងចក្រនោះ ១៣ឆ្នាំ​មក​ហើយ​នោះ បាននិយាយថា ក្រុមកម្មករចង់ឲ្យថៅកែទូទាត់បើកប្រាក់អតីតភាពការងារជូនពួកគេឲ្យអស់ត្រឹមឆ្នាំ២០១៨ មុន​នឹង​អនុវត្តច្បាប់ថ្មីនៅឆ្នាំ២០១៩ខាងមុននេះ។

កម្មកររូបនេះបន្តថា ការពន្យាពេលមិនដោះស្រាយនេះ បានធ្វើឲ្យកម្មករខាតផលប្រយោជន៍ និងជួបផលលំបាកជាច្រើន​ដោយមិនបានបំពេញការងារ និងខ្វះខាតជីវភាពជាដើម។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំលឺសម្តេច ហ៊ុន សែន ប្រកាសថា មុននឹងអនុវត្តច្បាប់ថ្មី សុំឲ្យនាយកក្រុមហ៊ុនហ្នឹងគិត​ប្រាក់អតីតភាពការងារឆ្នាំចាស់ហ្នឹងជូនកម្មករឲ្យអស់។ ដល់អញ្ចឹង ពួកខ្ញុំរង់ចាំមើលរហូតមកដល់ខែ១២នេះ អត់ឃើញបានអីសោះ ក៏នាំគ្នាតវ៉ាទៅ។ អត់សហជីព ឬសហព័ន្ធណាមួយដោះស្រាយទេ គេយករួចខ្លួនបាត់»

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី គឺលោក គង់ ចំរើន បានទទួលញត្តិពីក្រុមកម្មករ និងបានសន្យាចំពោះមុខកម្មករថា នឹងបញ្ជូនញត្តិនោះឲ្យថ្នាក់លើពិនិត្យដើម្បីដោះស្រាយ។

វីអូឌី មិនអាចសុំការឆ្លើយពីភាគីរោងចក្រ W&D បានទេ​ជុំវិញការតវ៉ាទាមទារប្រាក់អតីតភាពការងាររបស់ក្រុមកម្មករនេះ។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បញ្ជាក់ថា បើទោះបីច្បាប់ថ្មីនេះចូលជាធរមានក៏ដោយ ថៅកែរោងចក្រនៅតែមានតួនាទីទូទាត់ប្រាក់អតីតភាពការងារឆ្នាំ​ចាស់ៗជូនកម្មករដដែល ហើយលោកថា រដ្ឋាភិបាលធានាមិនឲ្យកម្មករណាម្នាក់បាត់បង់អត្ថប្រយោជន៏ ដោយសារតែក្រុមហ៊ុនក្ស័យធនឡើយ។

លោកបន្ថែមថា៖ «ចាប់ពីឆ្នាំ២០១៩នេះតទៅ អតីតភាពការងារនឹងទូទាត់ ១ឆ្នាំ២ដង ដែលក្នុងនោះ ខែ៦ទូទាត់ម្តង ខែ១២ទូទាត់ម្តង រីឯអតីតភាពការងារមានមុនឆ្នាំ២០១៩ក៏យើងតម្រូវឲ្យនយោជកទូទាត់សងទៅដល់បងប្អូនកម្មករយើងវិញ ហើយក្នុងករណីដែលរោងចក្រសហគ្រាសគាត់ក្ស័យធនឬដួលរលំនៅក្នុងដំណាក់កាលដែលប្រាក់អតីតភាពនោះមិនទាន់សងរំលោះអស់ គឺរដ្ឋាភិបាលនឹងទទួលខុសត្រូវលើអត្ថប្រយោជន៍ទាំងអស់នោះ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើកម្មករបម្រើការងារដោយប្រើកិច្ចសន្យា​មិនកំណត់លើសពី​ពីរឆ្នាំ​ឡើង​ទៅ ថៅកែត្រូវគិតប្រាក់អតីតភាពការងារជូនកម្មករ។

កាលសប្តាហ៍មុន កម្មកររាប់ពាន់នាក់បម្រើការងារតាមរោងចក្រនានាក្នុងរាជធានីភ្នំពេញ បានផ្ទុះការតវ៉ាទាមទារបើកប្រាក់អតីតភាពការងារ ដោយការទាមទារនោះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឲ្យអនុវត្តច្បាប់ថ្មីដែលតម្រូវឲ្យទូទាត់ប្រាក់អតីតភាពការងារជូនកម្មករ១ឆ្នាំ២ដងចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅ ខណៈក្រុមកម្មករបារម្ភថា ពេលអនុវត្តច្បាប់នថ្មីនោះនឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់អត្ថប្រយោជន៍ឆ្នាំចាស់ៗរបស់ពួកគេពេលកន្លងមក៕

ព្រឹកថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១៨ ក្រុមកម្មករបម្រើការងារនៅរោងចក្រ W and D ស្ថិតក្នុងភូមិឬស្សី សង្កាត់មានជ័យ បានបន្តនាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យភាគីពាក់ព័ន្ធជួយដោះស្រាយករណីថៅកែរោងចក្រមិនព្រមបើកប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំជូនពួកគេ។ រូបភាព៖ ហ៊ី ឆាយ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ