តៃវ៉ាន់ បណ្ដឹង​ការផ្ដល់​ទិដ្ឋាការដល់​ប្រទេសចំនួន​៦ ក្រោយ​ទេស​ចរវៀតណាម​រត់​គេច​

Four Vietnamese women detained in the Taiwanese police station (Source: CNA)

រដ្ឋាភិបាល​តៃវ៉ាន់ នឹងពិនិត្យការផ្ដល់​ទិដ្ឋាការជាក្រុម​ដល់​ទេសច​រមកពី​​ប្រទេសចំនួន​៦ឡើងវិញ ក្រោយភ្ញៀវ​ទេសចរ​វៀតណាម​១៥២​នាក់រត់គេចខ្លួនដើម្បី​​រក​ការងារ​ធ្វើដោយខុសច្បាប់ ក្រោយ​ពី​ពួកគេបាន​ទៅ​ដល់​​​ដែនកោះ​មួយនេះ។

សារព័ត៌មាន ​Taipei Times បានចេញផ្សាយ​ថា​រដ្ឋាភិបាលកោះ​​តៃវ៉ាន់​នឹង​ពិនិត្យ​មើល​គម្រោង​ដែលជួយសម្រួល​ការ​ផ្ដល់ទិដ្ឋការ​ដល់​ទេសចរ​មកពី​បណ្ដាប្រទេស​នៅ​អាស៊ី​ខាងត្បូងនិងអាស៊ី​អាគ្នេយ៍ចំនួន​៦ប្រទេស។  

វិធានការរបស់​​អាជ្ញាធរ​តៃវ៉ាន់

កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីតៃវ៉ាន់​​ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​គេចខ្លួន​របស់​ភ្ញៀវទេសចរ​វៀតណាម​ទាំង​១៥២នាក់​នោះ។ រដ្ឋមន្រ្តី​ប្រចាំ​ការ​ម្នាក់​គឺលោក Chang Ching-sen បាន​ចេញ​សេចក្តី​បង្គាប់មួយ​​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​មើល​ឡើងវិញ​នូវ​គម្រោង​សាកល្បង​​មាន​ឈ្មោះ​ថា​ «Kuan Hung Pilot Project» ។

Suspects arrested in Chiayi Country. (NIA image)

«Kuan Hung Pilot Project» ជាគម្រោង​មួយរបស់​រដ្ឋាភិបាល​តៃវ៉ាន់​ សម្រាប់​បង្កើន​ទំនាក់​ទំនង​រវាង​តៃវ៉ាន់​ជាមួយប្រទេសចំនួន៦ ដែលក្នុងនោះ​រួម​មាន​ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី មីយ៉ាន់ វៀតណាម​ និងឥណ្ឌា។ គម្រោងសាកល្បងរបស់រដ្ឋាភិបាល​តៃវ៉ាន់​នេះ ធ្វើឡើង​ដើម្បីទាក់​ទាញ​ភ្ញៀវទេសចររបស់​បណ្តាប្រទេស​ទាំងនេះ បន្ទាប់ពី​ភ្ញៀវទេសចរ​ចិនដីគោកបាន​ធ្លាក់​ចុះ​។

«Kuan Hung Pilot Project» ត្រូវបាន​រដ្ឋាភិបាល​តៃវ៉ាន​ដាក់​ចេញ​ឲ្យ​ដំណើរការ​នៅឆ្នាំ២០១៥។ តាម​រយៈគម្រោងនេះ ក្រុម​ទេសចរមក​ពីបណ្ដាប្រទេស​ទាំង​៦ខាងលើនេះ ​អាចស្នើសុំ​ទិដ្ឋាការ​តាម​អនឡាញជាក្រុមចាប់​ពី៥នាក់​ឡើងទៅដោយមិនគិត​ថ្លៃ ហើយក៏មិន​ចាំបាច់​បញ្ជាក់​ពីមុខរបរ និង​ទ្រព្យសម្បត្តិ​ឡើយ។

លោក Chang Ching-sen ស្នើដល់​ក្រុមហ៊ុនទេស​ចរទាំង​អស់ដាក់នូវវិធាន​ការ​ជាក់​លាក់បន្ថែម​ទៀត​ ដើម្បី​​ពិនិត្យ​មើល​ការស្នើ​សុំ​ទិដ្ឋាការរបស់​ទេសចរវៀតណាម​ដែល​ស្នើ​សុំ​តាម​រយៈគម្រោង​«Kuan Hung Pilot Project»នេះ។ លោក Chang Ching-sen អំពាវនាវដល់​​ក្រសួង​ដឹកជញ្ជូន និង​ទូរគមនាគមន៍ ធ្វើការពិនិត្យមើល​ឡើងវិញ​នូវ​យន្តការ​របស់​ខ្លួន ​ក្នុងការពិនិត្យនូវ​ពាក្យ​ស្នើសុំ​ទិដ្ឋការរបស់ទេសចរ​តាមរយៈគម្រោងនេះ។

រដ្ឋមន្រ្តី​រូបនេះ ក៏បាន​ស្នើសុំ​ឲ្យ​ក្រសួងមហា​ផ្ទៃ​បង្កើន​វិធាន​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀតលើក្រុ​ម​ទេស​ចរ​ដែលមក​តាមរយៈគម្រោងនេះ នៅពេល​ដែល​ពួកគេ​មក​ដល់​តៃវ៉ាន់។ លោក Chang Ching-sen ក៏បាន​ស្នើសុំទៅ​​ឲ្យ​មាន​ការដាក់​ទោស​និងពិន័យឲ្យបាន​ធ្ងន់​ធ្ងរដល់​ជន​បរទេស​ដែល​លួចធ្វើការ​ដោយ​ខុសច្បាប់ ក៏ដូច​ជា​​ក្រុម​មេខ្យល់​ដែល​នាំ​អ្នកទាំងនោះ​ចូល​ធ្វើការនៅ​តៃវ៉ាន់។

ស្ថានភាព​​ភ្ញៀវទេសចរ​វៀតណាមទាំង១៥២នាក់

ក្រុម​ទេសចរវៀតណាម​ចំនួន​ ១៥២នាក់​បាន​ធ្វើ​ដំណើរ​ដល់​កោះតៃវ៉ាន់​ចន្លោះ​ពីថ្ងៃទី២១ ដល់ថ្ងៃ​ទី​២៣​ ខែ​ធ្នូ ឆ្នាំ​២០១៨​ តាម​រយៈក្រុមហ៊ុន​​ទេសចរ​ណ៍មួយឈ្មោះ​ថា​ ETholiday ។ ព័ត៌មាន​នៃ​ការ​រត់​គេច​ខ្លួន​របស់​ក្រុម​ទេសចរទាំង​នោះត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ផ្សព្វផ្សាយ​ជា​សាធារណៈកាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។

អាជ្ញាធរ​អន្តោប្រវេសន៍តៃវ៉ាន់​ និងសមាជិក​សភាមក​ពី​គណបក្ស​ប្រឆាំង​គឺបក្ស​គួមិនតាង បាន​ដាក់​ការ​សង្ស័យ​ថា​ ទេសចរទាំង​១៥២នាក់នោះបាន​គេចខ្លួន​ចេញ​ពីមគ្គុទេសន៍ទេសចរណ៍ ដើម្បី​ស្វែងរក​ការ​ងារ​ធ្វើដោយ​ខុសច្បាប់​នៅលើកោះនេះ តាម​រយៈបណ្ដាញ​ក្រុម​រត់​ពន្ធមនុស្ស​។ ពួកគេ បាន​លើកឡើង​ស្រដៀងគ្នា​ថា ​ក្រុម​ទេសច​រស្រ្តី​អាច​ទៅ​ស្វែងរក​ការងារ​បម្រើ​សេវាផ្លូវភេទ ចំណែក​ឯបុរស​អាច​ទៅស្វែង​រក​ការងារ​ដែល​ប្រើ​កម្លាំង​ពលកម្ម​។​ ​សមាជិកសភាបក្សប្រឆាំង ថាសកម្មភាព​របស់​ក្រុម​ទេសចរវៀតណាមបែបនេះ នឹង​ធ្វើ​ឲ្យប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​តៃវ៉ាន់។

គិតត្រឹម​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ​ អាជ្ញាធរ​តៃវ៉ាន់​បាន​រកឃើញ​ទេសចរវៀតណាម​ដែល​រត់​គេចខ្លួន​​ចំនួន​២០នាក់​, ៣ទៀតត្រូវបាន​រាយការណ៍​ថា​ បានទៅដល់​ប្រទេស​វៀតណាម​វិញហើយ ខណៈជាង​១០០នាក់​ទៀត​អាជ្ញាធរតៃវ៉ាន់​នៅកំពុងបន្តស្វែងរក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ