អ្នក​ជំនាញ​ទេសចរណ៍​ថា តម្លៃ​សេវា​ទេសចរណ៍​ជា​កញ្ចប់​ធ្លាក់​ចុះ ខណៈ​សេវា​ក្រៅ​ផ្លូវការ​បន្ត​កើន​ឡើង

ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ ខេត្តកោះកុង។ រូបភាព៖ ហ្វេសប៊ុក ក្រសួងទេសចរ

អ្នកធ្វើការខាងវិស័យទេសចរណ៍ បាន​ឲ្យដឹងថា តម្លៃសេវាកម្មទេសចរណ៍អំឡុង​បុណ្យចូលឆ្នាំសកល​នៅ​ឆ្នាំ​នេះ បាន​ថយ​ចុះ​ជាងឆ្នាំមុន ខណៈ​ដែល​ពលរដ្ឋ​កម្ពុជាបាន​ស្វែង​រក​ដំណើរកម្សាន្ត​របស់​ពួកគេ​​ទៅ​កាន់​តំបន់ទេសចរណ៍ធម្មជាតិ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅ​កាត់ថា CATA អ្នកស្រី ឆាយ ស៊ីវលីន ប្រាប់ VOD នៅថ្ងៃ​នេះថា តម្លៃសេវាកម្មទេសចរណ៍រួមមានការស្នាក់នៅ ហូបចុក និងធ្វើដំណើរក្នុងស្រុកនៅ​ក្នុង​ឱកាសបុណ្យចូលឆ្នាំសកល២០១៨នេះ ថយចុះចន្លោះពី ៨ ទៅ ១០ភាគរយ ដោយអ្នកស្រីសម្អាង​ថា សម្បូរ​ទីភា្នក់ងារទេសចរណ៍ និងចង់ជំរុញចលនាទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន។

អ្នកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា៖ «កន្លងមក ទេសចរនៅក្នុងស្រុកហ្នឹងរាងតិច! គោលការណ៍តាមក្រសួងទេសចរណ៍ លោកចង់ជំរុញ Domestic (ទេសចរ​ក្នុង​ស្រុក) ឲ្យវាកើនឡើង។ អញ្ចឹង ទាល់តែទីភ្នាក់ងារទេសចរណ៍ទាំងអស់ហ្នឹង ជំរុញទាំងអស់គ្នា។ អញ្ចឹង ដើម្បីជំរុញបាន ត្រូវធ្វើការបញ្ចុះតម្លៃ ផ្សព្វផ្សាយឲ្យមានការទាក់ទាញចា៎! ហើយយើងចង់​ជំរុញញឲ្យពលរដ្ឋកម្ពុជាងាកមកធ្វើដំណើរក្នុងស្រុក​ឲ្យកាន់តែច្រើន ហើយងាកមកធ្វើដំណើរជាមួយនឹងសេវាកម្មរៀបចំជាមួយភ្នាក់ងារទេសចរណ៍ ព្រោះកន្លងមកគាត់ដើរខ្លួនឯងច្រើន»

ប្រធានសមាគមទេសចរណ៍​កម្ពុជា​រូបនេះ បាន​ឲ្យដឹងទៀតថា ភ្ញៀវទេសចរក្នុងស្រុកបានងាកទៅលេងនៅតំបន់ទេសចេរណ៍ធម្មជាតិ​ភាគ​ឦសាន្ត​ប្រទេស​ ដូចជា ខេត្តមណ្ឌលគិរី រតនគិរី ជាដើម ដោយថា ឆ្នាំមុនៗ គេច្រើនទៅតំបន់សមុទ្រ និងតំបន់វប្បធម៌។

ទោះជាយ៉ាងណា អ្នកស្រី ស៊ីវលីន នៅមិនទាន់អាចប៉ាន់ស្មានចំនួនភ្ញៀវទេសចរ​ដែលធ្វើដំណើរកម្សាន្ត​បុណ្យចូល​ឆ្នាំ​សកលបាននៅឡើយទេ ដោយរង់ចាំមើលនៅថ្ងៃស្អែកសិន ប៉ុន្តែ អ្នកស្រីថា ចំនួនភ្ញៀវទេសចរមិនថយចុះទេ ដោយសម្អាងលើភ្នាក់ងារទេសចរណ៍មានការរវល់ច្រើនក្នុងការទទួលកក់សេវាកម្ម។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរនៅខេត្តសៀមរាប លោក ខៀវ ធី បាន​ឲ្យដឹងថា ខេត្ត​ទេសចរណ៍​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ​នេះ នៅ​តែ​ទទួល​បាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ច្រើន​ដដែល​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​​មានការបញ្ចុះថ្លៃចំពោះភ្ញៀវដែលទៅស្នាក់នៅខេត្តសៀមរាបតាមរយៈក្រុមហ៊ុនទេសចរណ៍។

ប៉ុន្តែ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​សេវា​ទេសចរណ៍​សម្រាប់​ភ្ញៀវ​​ដែលទៅរកសេវាផ្ទាល់ (Walk in) នៅ​តែ​មាន​តម្លៃ​ខ្ពស់គុណ​នឹង​ពីរ​ដដែល រីឯចំណីអាហារ និងសេវាដឹកជញ្ជូនពុំមានការឡើងថ្លៃទេ។

លោក ខៀវ ធី មានប្រសាសន៍ថា៖ «ភ្ញៀវដែលមកលេងច្រើនអូនណា! ខ្មែរយើង! ដោយសារបច្ចុប្បន្ននេះ គាត់គេចពីកំពង់សោម អូន។ បើភ្ញៀវតួ (Tour) គេអត់មានឡើងតម្លៃទេ គេមានតម្លៃគេត្រឹមត្រូវ! បើ Work in ទើបអាចឡើងថ្លៃដូចបងនិយាយអញ្ចឹងឯង ពី ១៥ មក ៣០ បើ ៣០ ទៅ ៥០​ណាអូនណា៎។ ហើយសេវាកម្មតាក់ស៊ី ធុកធុកយកតម្លៃសឹងតែដដែលហ្នឹងឯង! ហើយការហូបចុកអីនៅដដែល អត់ឡើងទេ!»

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា ប្រាប់ VOD នៅរសៀលនេះថា ភ្ញៀវ​ទេសចរ​មិន​ក្រោម ៧​ម៉ឺន​នាក់នោះ​ឡើយ បាន​ចូល​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ជាប់​មាត់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ ចាប់​តាំង​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដែល​លោក​ថា ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​តួលេខ​ភ្ញៀវ​ទេសចរ​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។

លោក តាំង សុចិត្រគ្រឹះស្នា ប្រាប់​ថា៖ «ភ្ញៀវក្នុងមួយថ្ងៃចូលមួយម៉ឺនជាង ភ្ញៀវទេសចរណ៍ជិត ២ម៉ឺន ហើយទាំងភ្ញៀវក្នុងស្រុកចូលរួមក្នុងបុណ្យកម្សាន្ត​ទៀត។ ថ្ងៃទីមួយ ប្រហែលប្រាំម៉ឺន ម្សិលមិញកើនឡើងប្រហែល ៧ម៉ឺនជាង។ ថ្ងៃនេះប្រហែជាច្រើន អាចប្រហែល ៨ ទៅ ៩ម៉ឺននាក់»

VOD មិនទាន់អាចទទួលបានការឆ្លើយតបពីក្រសួងទេសចរណ៍បាននៅឡើយទេចំពោះករណីនេះ ដោយអ្នកនាំពាក្យប្រាប់ថា កំពុងជាប់រវល់។

កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ អាជ្ញាធរខេត្តព្រះសីហនុបានចុះស្រង់ស្ថិតិ និងតម្លៃ​សេវា​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្ត​នេះ បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ថា តម្លៃ​សេវាកម្ម​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ដំឡើង​ខ្ពស់​ហួស​ពី​ការ​ទទួលយក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ