លោក​ សម រង្ស៊ី ក្រើនរំឭកមន្ត្រីថា ការសុំសិទ្ធិធ្វើនយោបាយដូចទទួលស្គាល់បទចោទ​លើ​លោក កឹម សុខា

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនបានផ្ញើសារនយោបាយក្រើនរំឭកមន្ត្រីរបស់ខ្លួន កុំឲ្យចាប់ការ​បោកបញ្ឆោ​តរបស់បក្សកាន់អំណាច ដោយថា ការសុំសិទ្ធិធ្វើ​នយោបាយឡើងវិញ ប្រៀបបាននឹងការ​ទទួលស្គាល់​ការរំលាយគណ​ប​ក្ស​​ស​ង្គ្រោះជាតិ និង​ទទួល​​ស្គាល់បទចោ​ទ​លើ​លោក  កឹម សុខា ថា «ក្បត់ជាតិ»

លោក សម រង្ស៊ី នៅថ្ងៃនេះ បានសរសេរនៅហ្វេសប៊ុក​របស់លោក ដោយបង្ហាញសារបែបក្រើនរំឭកផ្តោតលើមូលហេតុ ៧ចំណុចនូវអ្វីដែលោកថា កុំឲ្យចាញ់បោកមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលថា បានប្រើតុលាការរំលាយគណបក្សខ្លួន។

លោកថា៖ «បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ​នៅពេលនេះ មានន័យផងដែរថា យើងទ​ទួល​ស្គាល់ថា តុលា​​ការកំពូ​លបានរំលាយគណបក្សសង្គ្រោះជាតិដោយស្របច្បាប់ និងយ៉ាងត្រឹមត្រូវ។ បើ​​​​យើ​​ង​ទៅ​​​សុំសិទ្ធិពីលោក ហ៊ុន សែន ដើ​ម្បី​ធ្វើ​ន​យោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការចា​ប់​​ កឹម សុខា យកទៅឃុំឃាំង​នៅថ្ងៃ​៣ កញ្ញា​ ២០១៧​ តាមបញ្ជាតុលាការដែលមានលោក ហ៊ុន សែន នៅពីក្រោយ ជាទង្វើស្របច្បាប់ និងត្រឹមត្រូវ»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន  បានលើកឡើងថា ច្បាប់បើកផ្លូវឲ្យ​អ្នកនយោបាយដែលតុលាការហាមឃាត់ បាន​ធ្វើ​នយោបាយឡើងវិញ ជិតចូលជាធរមានហើយ។ លោកថា ច្បាប់នេះមិនលើកលែងទោសជាកញ្ចប់ទេ តែ​តម្រូវឲ្យបគ្គល​ម្នាក់ៗ​ដា​ក់​លិខិតសុំ​មករូបលោក ទៅក្រសួងមហាផ្ទៃ ឬទៅព្រះមហាក្សត្រ។

ប៉ុ​​ន្តែ មេដឹកនាំបក្សកាន់អំណាចរូបនេះ អះអាងថា លោក​អរគុណចំពោះអ្នកនយោបាយ​ដែលសម្រេចចិត្តមិន​សុំសិទ្ធិធ្វើ​នយោ​បា​យ​​ឡើ​ងវិញ ។

អតីតគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ និងបានហាមម​ន្ត្រីបក្សនេះ​ ១១​៨នា​ក់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ក្រោយពីតុលាការបានចោទលោក កឹម សុខា ពីបទ «ក្បត់ជាតិ»

ប៉ុន្តែ ចំណាត់ការនេះ សហរដ្ឋអាមេរិកគំរាមពង្រីកវិធានការបន្ថែមលើការដាក់ទណ្ឌកម្មទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ​ដល់​ឥ​ស្ស​រ​ជ​​ន​មួយចំនួនទៀត។

សហភាពអឺរ៉ុប​ក៏ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាវិញដែរ បើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យ និងបើកផ្លូវឲ្យគណ​បក្ស​ប្រ​​ឆាំ​​ង​បានដំ​ណើរការឡើងវិញនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ