អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​វៀតណាម៖ ការ​ធ្វើ​សង្គ្រាម​នៅ​កម្ពុជា​កាល​ពី​៤០​ឆ្នាំ​មុន​ គឺ​ដើម្បី​យុត្តិធម៌​

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ដែល​កាន់​តំ​ណែង​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ លោក ផាំ វ៉ាន់ត្រា Phạm Văn Trà។ រូបភាព៖ vn.sputniknews.com

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម បាន​ប្រាប់​សារព័ត៌មាន​របស់​ខ្លួន​ថា ​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​ទ័ព​ខ្មែរ​ក្រហម​កាល​ពី​៤០ឆ្នាំ​មុន ​គឺ​ជា​សង្គ្រាម​ដើម្បី​យុត្តិធម៌​ចំពោះ​វៀតណាម ។

​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ដែល​កាន់​តំ​ណែង​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ លោក ផាំ វ៉ាន់ត្រា បាន​ប្រាប់​សារព័ត៌មាន​ជាតិ​វៀតណាម​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​ Vietnam News នឹង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា មូលហេតុ​ដែល​វៀតណាម​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​ខ្មែរ​ក្រហម​កាល​ពី​ជាង​៤០​ឆ្នាំ​មុន​នោះ ​គឺ​ដើម្បី​ការពារ​ប្រជាជន និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ដែល​ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​វាយលុក​ចូល​ទឹក​ដី​ខ្លួន​ជា​ច្រើន​លើក។​ លោក ​បាន​ចាត់​ទុក​ជ័យជម្នះ​របស់កងទ័ព​​វៀតណាម​លើ​របប​ខ្មែរ​ក្រហម​ គឺ​ជា​ការ​ផ្ដល់​ភាព​យុត្តិធម៌​មួយ​ដល់​វៀតណាម​ និង​ប្រជាជន​កម្ពុជា។

លោក​ត្រូវ​បាន​ Vietnam News ដក​ស្រង់​សម្ដី​ដូច្នេះ​ថា៖ « ការ​វាយ​ប្រហារ​តប​របស់​យើង​នៅ​តាម​ភាគ​បូព៌ា​ និង​សង្គ្រាម​ប្រឆាំង​របប​ ប៉ុល ពត មាន​៣​ដំណាក់​កាល​ គឺ​ទីមួយ​ការ​ពារ​ប្រជាជន និង​ព្រំដែន​យើង។ ទីពីរ​ សេរីភាព​របស់​ប្រជាជន​កម្ពុជា​ពី​ខ្មែរ​ក្រហម និង​ទី៣​ ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៥ គឺ​ដោះ​ស្រាយ​ជា​មួយ​របប​ដែល​នៅ​សេសសល់ ដែល​ទទួល​ការ​គាំទ្រ​ពី​បរទេស​ដើម្បី​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា -ថៃ។ ពលរដ្ឋ​អាមេរិក​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ពេល​ដែល​ទ័ព​វៀតណាម​មក​ដល់​កម្ពុជា​ ពិភព​លោក​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ ក្នុង​នោះ​ក៏​មាន​អាមេរិក​ផង​ដែរ តែ​ឥឡូវ​ខ្ញុំ​គិត​ថា​ពិភពលោក ត្រូវតែ​បង្ហាញ​ការ​ដឹង​គុណ​ និង​ការ​គាំទ្រ​ចំពោះ​វៀតណាម​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម​ដំបូង​របស់​ពួកគេ​ដើម្បី​បញ្ចប់​ពួក​ភេរវជន​ទាំងនេះ » ។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​ នៃ​មហា​វិទ្យាល័យ​ Occidental​ នៅ​សហរដ្ឋអាមេរិក​ ​និង​ជា​អ្នកជំនាញ​គោល​នយោបាយ​ ​លោក​ អៀ សុផល បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់ ​VOD ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ថា បើ​ពិនិត្យ​តាម​រូបភាព​គឺ​​មិន​ប្រកែក​បាន​ទេ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ ផាំ​ វ៉ាន់ត្រា​ តែ​ចំពោះ​គោល​គំនិត​​ខាង​ក្នុង​វិញ ​សង្គ្រាម​វៀតណាម​លើ​ខ្មែរ​ក្រហម​គឺ​ជា​សង្គ្រាម​ឈ្លានពាន​យក​ខ្មែរ​គ្រប់គ្រង​សុទ្ធសាធ។

លោក​សរសេរ​ថា៖ តើ​វា​ត្រឹម​តែ​ជា​សង្គ្រាម​ទេ? តែ​គេ​គ្រប់​គ្រង​ខ្មែរ​១០​ឆ្នាំ ហើយ​មាន​ឃើញ​មនុស្ស​ដែល​វៀតណាម​ឲ្យ​ឡើង​មក​កាន់​អំណាច​តាំង​ពី​ពេល​នោះ​ដល់​ឥឡូវ​ទេ​? ហ៊ាន​ភ្នាល់​ទេថា​៤០​ឆ្នាំ​នេះ ​គឺ​គ្រប់​គ្រាន់​ » ។

ទោះ​ជា​យ៉ាងណា ​សម្រាប់​លោក អៀ សុផល សង្គ្រាម​រវាង​វៀតណាម និង​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ គឺ​ជា​រឿង​ខក​ចិត្ត​មួយ​របស់​វៀតណាម​ទៅ​វិញ​ទេ ដោយ​សារ​ កម្ពុជា​នៅ​តែ​មាន​ជំហរ​ទៅ​កាន់​​ប្រទេស​ចិន ដែល​ជា​សត្រូវ​របស់​វៀតណាម​ជា​យូរ​មក​ហើយ​នោះ។

អ្នក​នាំពាក្យ​គណបក្សប្រជាជន​លោក ឈឹម ផវរុណ ​ថាការ​លើក​ឡើង​របស់​លោក​ អៀ សុផល គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិរបស់​លោក តែ​លោក​បញ្ជាក់​ថា​ ដោយ​សារ​​មាន​អន្តរាគម​ន៍ពី​វៀតណាម​​នេះ​ហើយ​ទើប​កម្ពុជា​មាន​ការ​រីក​ចម្រើន​ដូច​សព្វថ្ងៃ​នេះ។

លោក​ថា៖ « បើ​អ្នក​ឯង​ថា​ឈ្លាន​ពាន​ក៏​ថា​ទៅ​ចុះ​ បើ​អ្នក​ឯង​ចង់​ថា​ពេក! តែ​សួរ​ថា​ តើ​លទ្ធផល​តើ​ប្រជាជន​កម្ពុជា​បាន​អី​មក​វិញ? មិន​បាន​មក​ពី​វត្តមាន​កងទ័ព​ស្ម័គ្រចិត្តវៀតណាម គឺការរស់រានមាន​ជីវិត​របស់​ប្រជាជន​កម្ពុជាចេញ​ពីរបប​ខ្មែរ​ក្រហម ហើយ​ជិវិត​រស់​រាន​ឡើង​វិញ​នេះ ​ដែល​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ដែល​មាន​ដង្ហើម​ដក​ហ្នឹង​កំពុង​តែ​កសាង​ប្រទេស​មកដល់​ពេល​នេះ​ ក្នុង​បរិបទ​រីក​ចម្រើន​ និង​អភិវឌ្ឍន៍​ហ្នឹង​ តើនេះ​ជា​ស្អីវិញ? »

កាល​ពី​៤០​ឆ្នាំ​មុន ពោល​គឺ​នៅ​​ថ្ងៃ​ទី​២៥ ខែធ្នូ​ ឆ្នាំ​១៩៧៨​ កង​ទ័ព​វៀតណាម​ជាង​១៥​ម៉ឺន​នាក់​ ដែល​មាន​ទាំង​ទ័ព​រថក្រោះ និង​យន្តហោះ​ចម្បាំង បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មក​លើ​កង​ទ័ព​ខ្មែរ​ក្រហម​ដោយ​ចាប់​ផ្ដើម​ពី​ព្រំដែន​​ក្នុង​ខេត្ត​ស្វាយរៀង​ វាយ​រុញ​ច្រាន​រហូត​ទទួល​ជ័យជម្នះ​លើ​របប​កម្ពុជាប្រជាធិបតេយ្យ​នា​ថ្ងៃ​ទី​៧ ខែមករា​ ឆ្នាំ​១៩៧៩។

ជ័យជម្នះ​នេះ​បាន​បន្សល់​នៅ​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​បក្ស​ប្រឆាំង​រហូត​ដល់​សព្វថ្ងៃ​ ដោយ​គណបក្សប្រជាជន​​ចាត់​ទុក​ជា​ថ្ងៃ​ជ័យជម្នះ និង​ដឹង​គុណ​ថ្ងៃ​៧​មករា​នេះ​ដល់​​សព្វថ្ងៃ ខណៈ​អតីត​បក្ស​ប្រឆាំង​ចាត់​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លាន​ពាន​ទឹក​ដី នឹង​ថែម​ទាំង​បញ្ជូន​ពលរដ្ឋ​ខ្លួន​មក​រស់​នៅ​កម្ពុជា​ទៀត​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ