តំណាងពលរដ្ឋមានជម្លោះដីធ្លី​នៅក្រចេះ ​គេចចេញពីភូមិ បន្ទាប់ពីអាជ្ញាធរព្រមានចាប់ខ្លួន

អាជ្ញាធររាជធានីភ្នំពេញ បានរារាំងក្រុមអ្នកភូមិមានជម្លោះដីធ្លីមកពីខេត្តក្រចេះ មិនឲ្យធ្វើដំណើរទៅតវ៉ាមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរកកិច្ចអន្តរាគមន៍ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ៊ី ឆាយ)

តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ អះអាងថា ពួកគេប្រមាណ១០នាក់បានសម្រេចគេចចេញពីភូមិ ក្រោយទទួលព័ត៌មានថា អាជ្ញាធរត្រៀម​ចាប់ខ្លួន បន្ទាប់ពីដឹកនាំពលរដ្ឋឡើងមកតវ៉ាដីធ្លីនៅភ្នំពេញ។

តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅភូមិជើងឃ្លេ ឃុំ២ធ្នូ លោក តូច ឌុល ប្រាប់ វីអូឌី នៅថ្ងៃនេះថា អាជ្ញាធរកំពុងតាមចាប់ខ្លួនលោក និងតំណាងពលរដ្ឋផ្សេង ដោយចោទ ពួកគាត់ថា ញុះញុង់​ពលរដ្ឋឲ្យតវ៉ាប្រឆាំងការធ្វើការងាររបស់មន្រ្តីរាជការ។

លោកបន្ថែមថា៖ «ប៉ូលីសនៅស្នួលហ្នឹង គេបញ្ជាពីលើមកឲ្យចាប់ពួកខ្ញុំយកទៅខេត្ត។​ ប៉ុន្តែមានប៉ូលីសមួយចំនួនដែលគេអាណិតស្រលាញ់ពួកខ្ញុំ គេរាយការណ៍ប្រាប់ពួកខ្ញុំឲ្យគេច​ខ្លួន និងប្រយ័ត្នខ្លួន ព្រោះពួកគាត់ដឹងពីទុក្ខលំបាកពួកខ្ញុំ ព្រោះពួកខ្ញុំមកតវ៉ាដីធ្លីនេះ ដើម្បីប្រជាពលរដ្ឋ។​ មិនមែនយើងទៅបះ​បោរទេឬយើងបក្សនេះបក្សនោះដែរ បើពួកខ្ញុំទៅលួចទៅប្លន់គេក៏អត់មានដែរ»

តំណាងពលរដ្ឋរូបនេះឲ្យដឹងថា នៅថ្ងៃទី១១ ខែមករាខាងមុខនេះ តំណាង និងក្រុមពលរដ្ឋត្រូវឡើងមកជួបជាមួយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ដើម្បីស្វែងរកដំណោះស្រាយវិវាទដីធ្លី ប៉ុន្ តែត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមចាប់ខ្លួនតំណាងណាដែលហ៊ាននាំពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញទៀត។

អភិបាលស្រុលស្នួល លោក គង់ គឹមនី និយាយថា សមត្ថកិច្ចតាមចាប់ខ្លួនមនុស្សប្រមាណ៨នាក់ ដែលលោកចោទថា បានដើរយកលុយ និងញុះញុងឲ្យពលរដ្ឋតវ៉ាប្រឆាំងនឹងការធ្វើការរបស់មន្ត្រីរាជការតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «អត់ត្រៀម​ចាប់អាពួកល្អទេ ត្រៀម​ចាប់អ្នកណាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយបង្កភាពញុះញុងដល់ប្រជាពលរដ្ឋមិនឲ្យគោរពដល់កម្មវិធីការងាររបស់គណៈកម្មការ។​ គេប្រាប់ហើយតើ ថ្ងៃនេះគេធ្វើនេះ ថ្ងៃនោះគេនោះ ចុះហេតុអីបានជាមកសួរនាំដដែលអញ្ចឹង?​ បងជួយប្រាប់ទៅពលរដ្ឋផងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះស្តាប់តាមអាជ្ញាធរ ស្តាប់គណៈកម្មការ​ដែលធ្វើការជាមួយបងប្អូន កុំ​ស្តាប់អាមេខ្យល់វាទារលុយវាទារកាក់អីនោះ វាកៀងគរនាំទៅបាតុកម្មអីនោះវាខុសច្បាប់»

អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា មើលឃើញថា កន្លងមកឲ្យតែពលរដ្ឋណាសកម្មចេញមុខតវ៉ាការពារអ្វីមួយនោះ តែងតែរងការគំរាមកំហែងចាប់ដាក់គុកពីសំណាក់អាជ្ញាធរដើម្បីបំបាក់ស្មារតីកុំឲ្យហ៊ានចេញតវ៉ាទៀត។ លោក បន្តថា ករណីបញ្ហាជម្លោះដីធ្លីនៅក្រចេះនេះ ក៏មិនខុសគ្នាដែរ គឺអាជ្ញាធរគំរាមកំហែងចាប់តំណាងដើម្បីកុំ​ឲ្យសកម្មចេញមុខដឹកនាំពលរដ្ឋតវ៉ា ដែលលោកថា សកម្មភាពនេះជាការរំលោភសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា មិនគួរណាអាជ្ញាធរស្វែងរកអ្នកណាញុះញុងពីក្រោយទេឬពីមុខអីទេ គឺអាជ្ញាធរគួរសិក្សាស្រាវជ្រាវទៅដោះស្រាយបញ្ហាជូនពលរដ្ឋវិញ ហើយបើករណីហ្នឹង អាជ្ញាធរឡើងដោយមិនត្រឹមត្រូវទៅទៀត។ ឧទាហរណ៍ថា ករណីហ្នឹងវាកើតឡើងចំពលរដ្ឋដែលកំពុងចូលតវ៉ាជាមួយគ្នាដើម្បីស្វែងរកដំណោះដីធ្លី ហើយអាជ្ញាធរចោទមួយបទល្មើសថាញុះញុង់​ អញ្ចឹងវាជាការគំរាម​កំហែងទៅលើសេរីភាពក្នុងការបញ្ចេញមតិ ឬក៏ការទាមទាររបស់ពលរដ្ឋហ្នឹងហើយ»

ពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់បានឡើងតវ៉ាដល់ភ្នំពេញជាង១០ដងហើយ ដើម្បីសុំឲ្យប័នជាតិធំៗជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ ដោយអះអាងថា បច្ចុប្បន្ននេះពុំមានដីសម្រាប់បង្កបង្កើនផលឡើយ។

គួររំឮកថា កាលពីថ្ងៃទី០៨ ខែមីនា ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិជើងឃ្លេរ ឃុំ២ធ្នូ បានរងរបួសនៅពេលប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុនចម្កាកៅស៊ូមេមត់ ខណៈពលរដ្ឋទាំងនោះបានតវ៉ាបិទផ្លូវជាតិលេខ ៧៦A ប្រឆាំងគ្រឿងចក្រក្រុមហ៊ុនចុះឈូសឆាយផ្ទះ និងដំណាំរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ