កម្មករ​រោងចក្រ W&D រកកិច្ច​អន្តរាគមន៍​ពី ស៊ីខាវឌូ ជួយដោះស្រាយ បន្ទាប់ថៅកែបញ្ឈប់ពួកគេជាង១ពាន់នាក់

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ជួបជាមួយកម្មកររោងចក្រ W&D ពីបញ្ហាដែលពួកគេប្រឈម។ រូបភាព៖ CLC

កម្មករបម្រើការងារនៅរោងចក្រ W&D នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្វែង​រកអន្តរាគមន៍ពី​សហជីពមួយ ឲ្យជួយដោះស្រាយវិវាទការងាររបស់ពួកគេ​ បន្ទាប់​ពី​កម្មករជាង ១​២០០នាក់ ត្រូវបានថៅកែក្រុមហ៊ុនបញ្ឈប់ពីការងារ។

កម្មករជិត ២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ បាននាំគ្នាតវ៉ាតាំងពីចុងឆ្នាំ២០១៨រហូតមកដល់ថ្ងៃនេះ ដើម្បីទាមទារ​ទៅថៅកែ ឲ្យ​បើកប្រាក់អតីតភាពការងារជូនពួកគេ ហើយកាលពីថ្ងៃទី៤ ខែ​មករានេះ ថៅកែរោងចក្រនេះ បានសម្រេចបញ្ឈប់​កម្មករជាង ១២០០​នាក់ពីការងារ​ក្រុមហ៊ុន ក្រោយពីកម្មករទាំងនោះមិនអនុវត្តតាមសម្រេចរបស់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២ ខែ​មករា។

កម្មករម្នាក់អ្នកស្រី ជា សុខា ប្រាប់​វីអូឌីថា ការតវ៉ាកន្លងមក គឺក្រុមកម្មករបានធ្វើឡើងដោយខ្លួនឯង ដោយពុំមានតំណាង ឬសហជីពណាដែលចំណេះដឹងផ្នែកច្បាប់ចេញមុខជាជំហរក្នុងការជួយតវ៉ាស្វែងរកដំណោះស្រាយឡើយ ទើបវិវាទនោះបន្តអូសបន្លាយរហូតមកដល់ពេលនេះ និងកម្មករជាង ១២០០​នាក់ ត្រូវបានថៅកែបញ្ឈប់ពីការងារផងដែរ។

កម្មកររូបនេះបន្តថា ដោយសារគ្មានដំណោះស្រាយបែបនេះ និងកម្មករពុំចេះច្បាប់ផង ទើបពួកគេសម្រេចចិត្តនាំគ្នាទៅរកសហជីព ស៊ីខាវឌូ ដែលមិនមែនជាសមាជិករបស់ខ្លួនឲ្យជួយដោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «ដល់ពេលអញ្ចឹង កម្មករពួកខ្ញុំទាំងអស់គ្នាជាង ១ពាន់​នាក់ គឺផ្តិតមេដៃស្នើសុំឲ្យខាង​ស៊ីខាវឌូ ជួយដោះស្រាយដល់ពួកខ្ញុំ ព្រោះនេះជាជម្រើសចុងក្រោយរបស់ពួកខ្ញុំហើយ។ ហើយពួកខ្ញុំឥឡូវ​នេះ រងគំនាបខ្លាំងណាស់ ព្រោះថា តាំងពី​គេគំរាម និយាយចំគំរាមសព្វយ៉ាង គ្រប់បែបរូបភាពតែម្តង ធ្វើឲ្យពួកខ្ញុំសឹងតែបាក់ស្បាតលែងហ៊ានតែវ៉ា ប៉ុន្តែ កម្មករវាឈឺចាប់ពេកដល់ពេល។ អញ្ចឹងមានតែនាំគ្នាតស៊ូទេ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា សហជីពរបស់លោកបានទទួលសំណើពីក្រុមកម្មករទាំងនោះដើម្បីជួយស្វែងរកដំណោះស្រាយហើយ។

ប្រធានសហភាពរូបនេះបន្តថា ក្រុមកម្មករស្នើឲ្យសហជីពស៊ីខាវឌូជួយចំនួនប្រាំចំណុច គឺធ្វើយ៉ាងណាកុំឲ្យថៅកែរោងចក្របញ្ឈប់ក្រុមកម្មករពីការងារ ត្រូវគិតអតីតភាពការងារជូនពួកគេ កុំឲ្យថៅកែប្តូរកិច្ចសន្យាថ្មី និងសំណើផ្សេងៗទៀត។

លោកបន្ថែមថា៖ «យោងលើបណ្តឹងទាំងនេះ យើងនឹងដាក់ចូលទៅក្រុមហ៊ុន ដើម្បីធ្វើការចរចាតាមនីតិវិធី ហើយយើងនឹងជជែកជាមួយសមាគមរោងចក្រកាត់ដេរ។ ក្នុងករណីយើងមិនមានលទ្ធភាពទេ យើងនឹងធ្វើបណ្តឹងទៅក្រសួងការងារ ដើម្បីឲ្យការងារនេះ រុញទៅ​ដល់​ក្រសួង និងអាជ្ញា​កណ្តាល ព្រោះសុំណុំរឿងដែលប្តឹងពេលមុន និងពេលក្រោយនេះ មានច្រើនចំណុច។ អញ្ចឹង វាពាក់ព័ន្ធច្រើនចំណុច។ បើមិនបានទេ យើងនឹងរកអន្តរាគមន៍ផ្សេងៗពីរដ្ឋាភិបាល និងអ្នកបញ្ជាទិញនៃក្រុមហ៊ុនហ្នឹងឲ្យបានច្បាស់»

វិអូឌី មិនអាចសុំការឆ្លើយតបពីលោកមេធាវី តាំង ម៉េង ដែលតំណាងឲ្យរោងចក្រ W&D  បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

កាលពីថ្ងៃទី២ ខែមករា​នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ដោយបង្គាប់ឲ្យក្រុមកម្មករ​ដែលកំពុងធ្វើកូដកម្ម ចូលធ្វើការងារវិញរយៈពេល ៤៨ម៉ោង និងហាមមិនឲ្យកម្មករទាំងនោះតវ៉ាបិទផ្លូវជាដើម។

ទោះជាយ៉ាងណា ក្រុមកម្មករមួយចំនួនមិនព្រមចូលធ្វើការងារឡើយ ហើយ​ថៅកែបានសម្រេចលុបឈ្មោះកម្មករជាង ១២០០​នាក់ចោល ខណៈរោងចក្រនេះ មានកម្មករបម្រើការងារប្រហែល ១៨០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ