កម្ពុជា-វៀតណាម ប្តេជ្ញាជាថ្មី​មិនឱ្យបរទេសប្រើប្រាស់ទឹកដីប្រទេសមួយទៅបំផ្លាញប្រទេសមួយទៀត

លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ លោក ផាម​ ប៊ីញមីញ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ អញ្ជើញជាអធិបតី​ ដ៏ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១០​ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​-កម្ពុជា​ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

ថ្នាក់ដឹកនាំប្រទេសកម្ពុជា-វៀតណាម ​បានប្តេជ្ញាចិត្តរួមគ្នាជាថ្មី​ថានឹងមិនផ្តល់ទឹកដីនៃប្រទេសខ្លួន​ឲ្យ​ទៅជនណាឬ ប្រទេសណា ដើម្បីបំផ្លាញប្រទេសម្ខាងទៀតនោះឡើយ ខណៈថ្មីៗនេះសារព័ត៌មានបរទេសមួយចុះផ្សាយ​ថា​កម្ពុជាកំពុងផ្តល់ទីតាំងមូលដ្ឋានយោធាឱ្យប្រទេសចិន។

យោងតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថាក្រោយកិច្ចប្រជុំលើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី ៩ និង១០មករា នៅទីក្រុងហូជីមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និង ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស ​វៀតណាម លោក ផាម ប៊ិញមីញ បានរួមគ្នាចេញ​សេចក្តីប្រកាសមួយ។

ប្រភពដដែលបញ្ជាក់ចំណុចមួយ ក្នុងចំណោមចំណុចផ្សេងទៀតនៃសេចក្តីប្រកាសរួមនោះ ថាថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្តេជ្ញាមិនអនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយឬ ប្រទេសណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្កអន្តរាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេសម្ខាងទៀតនោះឡើយ​។  មិនតែប៉ុណ្ណោះ ភាគីប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការ បណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម និងពង្រឹង​ចំណងទំនាក់ទំនងក្នុងលក្ខណៈជាភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ យូរអង្វែង រវាងកម្ពុជា-វៀតណាម ព្រមទាំងចំណុចមួយចំនួនទៀត។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​ នៃ​មហា​វិទ្យាល័យ​ Occidental​ នៅ​សហរដ្ឋអាមេរិក​ ​និង​ជា​អ្នកជំនាញ​គោល​នយោបាយ​ ​លោក​ អៀ សុផល បាន​ឱ្យ ​VOD ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ថា ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ​វាជាសញ្ញាមួយដែល​បានបង្ហាញ​ដថាកម្ពុជា​បាន​ទន់​ទោរ​ទៅ​ជាមួយ​ប្រទេសចិន ហើយថ្មីៗនេះរដ្ឋាភិបាលក្រុងភ្នំពេញដឹងថាអតីតអ្នកគាំទ្ររបស់ខ្លួន គឺវៀតណាមមិនសប្បាយចិត្តនឹងរឿងនេះទេ​ ទើប​ត្រូវប្តេ​ជ្ញា​បែបនេះ។​

សាស្ត្រាចារ្យដដែល លើកឡើងថា ក្នុងដំណើរទស្សនៈកិច្ចមេដឹកនាំខ្មែរទៅវៀតណាមជាបន្តបន្ទាប់ ពុំមែនជារឿងចៃដន្យទេ ដោយថាវៀតណាមមិនសប្បាយចិត្តជាមួយរដ្ឋាភិបាលក្រុងភ្នំពេញនិងទាមទារឱ្យមានការធានាមួយឡើងវិញ​។

លោកបន្ថែម​ថា៖« នៅពីក្រោយនៃដំណើរទស្សនៈកិច្ចថ្នាក់ដឹកនាំខ្មែរទៅកាន់វៀតណាមជាបន្តបន្ទាប់ ដោយថាប្រទេសកុម្មុយនីស្គមួយនេះ​ព្រួយបារម្ភកាន់តែខ្លាំងឡើង​ថាកម្ពុជា​បានបាត់បង់ទាំងស្រុងទៅប្រទេសចិន»។

ស្រដៀងគ្នានេះ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថាទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងរយៈពេលចុងក្រោយនេះ មានការប្រែប្រួលខ្លះ ក្រោយពេលកម្ពុជាកាន់តែជិតស្និតខ្លាំងជាមួយចិន។

បញ្ហានេះ លោកថា ធ្វើវៀតណាមកាន់តែបារម្ភ ហើយចង់ឱ្យកម្ពុជាបញ្ជាក់ជំហរបស់ខ្លួនឱ្យច្បាស់ ពិសេសបញ្ហាទាក់ទងព័ត៌មានមូលដ្ឋានយោធារបស់ចិននៅកម្ពុជា ដែលត្រូវបានរដ្ឋាភិបាលខ្មែរបដិសេធម្តងជាពីរដងរួចទៅហើយ។

លោកបន្ថែមថា៖ «កន្លែងនេះ វៀតណាមចង់ឱ្យកម្ពុជាបង្ហាញជំហនេះ ព្រោះបើមានកម្លាំងបរទេស ដូចជាចិននៅកម្ពុជា ធ្វើឱ្យវៀតណាមបារម្ភច្រើន ពាក់ព័ន្ធឥទ្ធិពល ពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូង ដែលជាបញ្ហាចំបង។ ចំណុចមួយទៀត ក៏វៀតណាមចង់រិតចំណងទាក់ទងរវាងកម្ពុជា-វៀតណាមហ្នឹងកុំឱ្យវាធូរ។ ធម្មតាទំនាក់ទំនងកាលណាមិនសូវមានទស្សនៈកិច្ចទៅវិញទៅមកទេ ទំនាក់ទំនង ឬ ការទូតកម្ពុជា-វៀតណាម វាហាក់ជារយាល។ អីចឹងហើយបានជាមានទស្សនៈកិច្ចរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​ទៅប្រទេសវៀតណាមជាបន្តបន្ទាប់»។    

​កាលពីពាក់កណ្តាលខែវិច្ឆិកា ២០១៨ សារព័ត៌មាន​ The Asia Times បានចុះ​ផ្សាយអត្ថបទរបស់ខ្លួនមួយ ដែលមានចំណងជើងថា ​​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​ស្នូលនៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ ដោយថា​​កម្ពុជា​ងាក​ទៅ​រក​ចិន​ខ្លាំង និង​ឥត​ងាក​រេ។

អត្ថបទនោះអះអាងថា កម្ពុជាបាន​ផ្តល់​ដី​សម្បទានសេដ្ឋកិច្ច​ទៅ​ចិន​ជាង ៤៥.០០០ហិកតារ រយៈ​ពេល ៩៩ឆ្នាំ នៅ​ខេត្ត​កោះកុង ហើយចិនបានសាងសង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​អាច​ឲ្យ​កប៉ាល់​ចម្បាំង​ចិន ចូល​ចត​បាន ដោយថានេះអាចជាមូលដ្ឋានយោធារបស់ចិនផងដែរ។ ប៉ុន្តែអត្ថបទនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលច្រានចោលជាបន្តបន្ទាប់។

ក្រោយពេលអត្ថបទនេះ ចេញផ្សាយ សកម្មភាព​ទស្សនៈកិច្ចរបស់ប្រមុខដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា​ទៅកាន់ប្រទេសវៀតណាមមានចំនួន៤ លើកមករួចហើយ ចាប់តាំងពីចុងខែ​វិច្ឆិកា ឆ្នាំ២០១៨ មក ដោយចាប់ផ្តើមពីរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះមហាក្សត្រ ​ និងចុងក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ