លោក ​ហ៊ុន សែន​ ប្រកាស​ពី​វិធាន​ការ​ទប់​ទល់​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុបនិងអាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលនេះ​ លោក​​កំពុង​បង្កើត​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុបនិង​អាមេរិក​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​មួយ​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០១៩ ​​លោក ​ហ៊ុន សែន​បាន​ថ្លែង​ថា ​លោក​បាន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក អូន ព័ន្ធ​មុនី​រ័ត្ន​ ក្នុង​ការ​រៀប​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​​ទប់ទល់​ទៅ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប និង​អាមេរិក ដោយ​ថា​កម្ពុជា​ដល់​ពេល​ដែល​ខ្លួន​ត្រូវ​ពង្រឹង​ឯករាជ្យ ឈប់​ពឹង​លើ​ខ្យល់​ដក​ដង្ហើម​របស់​ប្រទេស​ដទៃ​ដើម្បី​រស់​ហើយ។

លោកមានប្រសាសន៍ថា៖ «យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា មាន​ចំណុច​មួយ​ចំនួន​ អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរៈកិច្ច​របស់​យើង ​បើ​ទោះ​បី​ជា​គ្មាន​ភាព​អនុគ្រោះ​ក៏​កម្ពុជា​ នៅ​តែ​រស់។ ឧទាហរណ៍ ខ្ញុំ​បាន​សម្រេច​អំបាញ់​មិញ នៅ​តាម​មាត់ច្រក​តាម​ព្រំ​ដែន ក្នុង​ការ​នាំ​ចេញ​នាំ​ចូល អត់​មាន​តម្រូវ​ការ​ឲ្យ​មាន​ស្ថាប័ន​ណា​ក្រៅ​ពីអន្តោប្រវេសន៍ និង​គយ​ទេ។ ឲ្យ​តែ​ពីរ​ហ្នឹង​ទេ! ក្រៅពី​នោះ ​ដក​ចេញ​ឲ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​ស្អី​ ដក​ចេញ​ឲ្យ​អស់ ព្រោះ​អាហ្នឹង​ វា​កើត​ទៅ​ជា​ឧបសគ្គ​នៃ​ការ​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទេ»។

​កាល​ពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០១៩ ​សមាជិក​ព្រឹទ្ធសភាអាមេរិកចំនួន​២​រូប ​បាន​ស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជកម្ម ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម GSP ​ជាមួយ​កម្ពុជា ខណៈ​​សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​នៃ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​នោះ ក៏​បាន​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​ផង​ដែរ ដែល​ប្រព័ន្ធ​នៃ​ការ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថវិការាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ