សកម្មជន​បរិស្ថាន​ទាមទារឲ្យអាជ្ញាធរខេត្ត​ព្រះសីហនុ​កាយដី​ចាក់​លុប​ឆ្នេរព្រែកត្រែង

លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំនុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្ងៃទី ១៨ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងដែនដី)

ក្រុមសកម្មជន​បរិស្ថាន បានទាមទារជាថ្មីទៅអាជ្ញាធរខេត្តព្រះសីហនុ ឲ្យ​កាយ​ដី​ដែល​ត្រូវ​បាន​ចាក់​លុបឆ្នេរ​ព្រែក​ត្រែង​ពី​សំណាក់ក្រុមហ៊ុនឯកជនមួយ។

ក្នុង​វីដេអូដែលបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែមករាកន្លងនេះ ក្រុមយុវជនបានសំដែងការមិនពេញចិត្តចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលមិនអាចធ្វើឲ្យក្រុមហ៊ុន​អ្នក​ស្រី ជឹង សុភាព ហៅ​ «យាយ​ភូ» កាយដីចេញពីឆ្នេរព្រែកត្រែង បន្ទាប់ពីរដ្ឋាភិបាលរកឃើញថា ក្រុមហ៊ុនមួយនេះបានចាក់ដីរំលោភយកឆ្នេរសមុទ្រ។

ក្នុងវីដេអូនោះ ក្រុមយុវជនព្រមានថា ពួកគេនឹងទៅកាយដីនោះចេញដោយខ្លួនឯង ប្រសិនបើអាជ្ញាធរមិនមានវិធានការជាក់ស្ដែងទេនោះ។

ក្នុងវីដេអូនោះ ពួកគេនិយាយថា៖  «ពួក​ខ្ញុំ​ជា​យុវជន​ចុះ​មក​ធ្វើ​វីដេអូ ដើម្បី​ផ្ញើ​ជូន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជា​លើក​ទី​ពីរ​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​មាន​ចំណាត់​ការ​ទៅ​លើ​ក្រុមហ៊ុន​លោកស្រី​ ជឹង សុភាព ហៅ​យាយ ភូ ទៅ​នឹង​ការ​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​មួយ​នេះ​ទេ ពួក​យើង​ជា​យុវជន​នឹង​ចុះ​មក​ទីនេះ​ម្ដង​ទៀត​ដើម្បី​កាយ​ដី​ និង​សម្អាត​ឆ្នេរ​នេះ​ដោយ​ខ្លួន​ឯង»។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន សុំមិនទាន់ឆ្លើយជាមួយអ្នកសារព័ត៌មាននោះទេ ដោយលោកថា មានធុរៈផ្ទាល់ខ្លួននៅថ្ងៃនេះ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជាបន្ទាន់មួយ​ឲ្យក្រសួងរៀបចំ​ដែនដី ចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែង​ក្នុង​ខេត្ត​ព្រះសីហនុ​ ដោយលោកថា ដើម្បីរក្សាឆ្នេរនេះឲ្យមានលក្ខណៈតាម​ធម្ម​​ជាតិដូចដើម។

លោក ហ៊ុន សែន ក៏បាន​ចេញ​បញ្ជាទៅ​រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យ​ចុះត្រួត​ពិនិត្យឆ្នេរ​ព្រែកត្រែង ស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ហើយ​បាន​រក​ឃើញ​ថា ឆ្នេរ​សមុទ្រ​មួយ​នេះ ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ